ភ្នំពេញ÷រថយន្តស៊េរីទំនើបមួយគ្រឿង បើកបរក្នុងល្បឿនលឿនមិនប្រយ័ត្នបានជ្រុលចង្កូតទៅបុករថយន្តLexus 450 កំពុងតែបត់ឆ្លងផ្លូវចំពាក់កណ្តាលពេញទំហឹង បណ្តាលឲ្យរថយន្តគៀបជាប់គ្នារងការខូចខាតសំណាងល្អមិនមានរងរបួសដល់តៃកុងរថយន្តទាំងសងខាង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ៨និង៣០នាទីយប់ ថ្ងៃទី៣ ខែមិថុនាឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ ១០០៣ ក្នុងសង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
បើយោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តម៉ាក Lexus 450 មួយគ្រឿង ពណ៌សំបកឪឡឹក បើកបរដោយស្ត្រីម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវ១០០៣ ក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនមធ្យម លុះមកដល់ចំណុចកើតហេតុបានបត់ឆ្វេងគោលបំណងត្រឡប់ទៅផ្ទះវិញ ខណៈពេលបត់ដល់ពាក់កណ្តាលផ្លូវស្រាប់តែគេឃើញមានរថយន្តស៊េរីទំនើបមួយគ្រឿងទៀតពណ៌សពាក់ផ្លាកលេខ ភ្នំពេញ 2-BI 0509 ធ្វើដំណើរតាមបណ្តោយផ្លូវ១០០៣ទិសដៅបញ្ច្រាសគ្នាមកបុកចំពាក់កណ្តាលរថយន្ត Lexus ៤៥០ ពេញទំហឹងបណ្តាលឲ្យរថយន្តទាំងសងខាងផ្ទប់ជាប់គ្នារងការខូចខាតយ៉ាងដំណំ។ ចំណែកឯម្ចាស់រថយន្តទាំងសងខាងនៅកន្លែងកើតហេតុរង់ចាំការដោះស្រាយ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកដល់ ដោយភាគីទាំងសងខាងដោះស្រាយគ្នាអត់ត្រូវក៏ទំនាក់ទំនងទៅខាងជំនាញចរាចរណ៍ក្រុង ឲ្យចុះមកវាស់វែងយករថយន្តទាំង២គ្រឿង ទៅរក្សាទុកនៅការិយាល័យនៃចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ៖ សា មេត


