មន្ទីរបញ្ចកោណបាននិយាយថា រដ្ឋមន្រ្តីក្រសួងការពារជាតិសហរដ្ឋអាមេរិកលោក Lloyd Austin បានពិភាក្សាជាមួយព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត Mohammed bin Salman នៅថ្ងៃពុធកន្លងទៅនេះ ដោយបានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្ត របស់សហរដ្ឋអាមេរិក ក្នុងការជួយអារ៉ាប៊ីសាអូឌីតក្នុងការការពារទឹកដី និងប្រជាជនរបស់ខ្លួន។
អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក John Kirby បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក អូស្ទីន និងព្រះអង្គម្ចាស់ Mohammed បានពិភាក្សាពីសន្តិសុខក្នុងតំបន់ជាពិសេសការខិតខំដើម្បីបញ្ចប់
សង្គ្រាមនៅYemen និង “កិច្ចប្រឹងប្រែងទ្វេភាគី ដែលកំពុងបន្តដំណើរការ ដើម្បីធ្វើឱ្យប្រសើរឡើង នូវការការពាររបស់អារ៉ាប៊ីសាអូឌីត” ។
ក្រុមឧទ្ទាម Houthi ដែលមានសម្ព័ន្ធមិត្តអ៊ីរ៉ង់កំពុងគ្រប់គ្រងភាគច្រើន នៅភាគខាងជើងប្រទេសយេម៉ែនចាប់តាំងពីឆ្នាំ ២០១៤ ហើយបានរក្សាការវាយប្រហារ ឆ្លងកាត់ព្រំដែនលើប្រទេសអារ៉ាប៊ីសាអ៊ូឌីត និងកំពុងធ្វើការវាយលុកមួយទៀត ដើម្បីដណ្តើមកាន់កាប់តំបន់ម៉ារីប ដែលសម្បូរទៅដោយឧស្ម័នរបស់ប្រទេសយេម៉ែន។
សម្ព័ន្ធភាពដឹកនាំដោយអារ៉ាប៊ីសាអូឌីតបានធ្វើអន្តរាគមន៍ នៅយេម៉ែនក្នុងឆ្នាំ ២០១៥ បន្ទាប់ពីក្រុម Houthis បណ្តេញរដ្ឋាភិបាលដែលគាំទ្រ ដោយអារ៉ាប៊ីសាអូឌីតពីរដ្ឋធានីសាណា។ ក្រុមHouthis និយាយថា ពួកគេកំពុងប្រយុទ្ធប្រឆាំងនឹងប្រព័ន្ធពុករលួយ និងការឈ្លានពានរបស់បរទេស។
លោកអូស្ទីនបានកត់សម្គាល់នូវភាពជោគជ័យថ្មីៗ របស់អារ៉ាប៊ីសាអូឌីត ក្នុងការកម្ចាត់ ការវាយប្រហាររបស់ ក្រុមHouthi មកលើព្រះរាជាណាចក្រ និងបានថ្លែងអំណរគុណដល់ព្រះអង្គម្ចាស់ ដែលបានមកធ្វើការជាមួយប្រេសិតពិសេស របស់សហរដ្ឋអាមេរិកប្រចាំប្រទេសយេម៉ែនលោក Tim Lenderking ដើម្បីបញ្ចប់សង្គ្រាមនៅយេម៉ែន។
កាលពីខែមុនលោក Lenderking បានរិះគន់ក្រុម Houthis ដែលមិនបានចូលរួមយ៉ាងម៉ឺងម៉ាត់ នៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីធានាបទឈប់បាញ់។ លោកក៏បានជំរុញឱ្យក្រុមចម្រុះ ដកការរឹតត្បិតលើកំពង់ផែ និងព្រលានយន្តហោះទាំងអស់របស់យេម៉ែន។
ក្នុងនោះ មនុស្សជាង ១០ ម៉ឺននាក់ត្រូវបានសម្លាប់នៅក្នុងសង្គ្រាមដែលភាគច្រើន ជាជនស៊ីវិលហើយប្រជាជនយេម៉ែន រាប់លាននាក់ពឹងផ្អែកលើជំនួយមនុស្សធម៌ដើម្បីរស់៕
ប្រភព៖រ៉យទ័រ
រក្សាសិទ្ធិដោយ៖CEN

