ភ្នំពេញ ៖ បើទោះបីកំពុងរាតត្បាតនិងជំងឺកូវីដ១៩ក៏ដោយ កសិករដាំដំណំាទុរេន នៅឆ្នាំ២០២១នេះមានការ សប្បាយរីករាយជាខ្លាំង ព្រោះនៅ ឆ្នាំនេះ ទុរេន មាន ទីផ្សារល្អ កសិករទទួល បានទាំងទិន្នផល និងប្រាក់ចំណូលខ្ពស់។ សក្តានុពលនៃទីផ្សារទុរេនដែលកំពុងទទួលបានការគាំទ្រពី អតិថិជនក្នុងស្រុក ក្រសួងកសិកម្មក៏បាន សម្រេចដាក់ចេញផែនការជំរុញ ឱ្យកសិករចងក្រងជាសហគមន៍ ដើម្បីដាំដុះទុរេនបន្ថែមទៀត ធ្វើឱ្យកម្ពុជា ឈានដល់ការ នាំចេញ នាពេលអនាគត់។

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអះអាងថា ក្រសួងកំពុងរៀបចំគោលយោបាយ និងផែនការជូនពលរដ្ឋ ដើម្បីជំរុញការដាំដុះដំណាំទុរេននៅកម្ពុជា។ ការរៀបចំផែនការនេះ ធ្វើឡើងក្រោយ ក្រសួងសង្កេតឃើញថា ការដាំទុរេនកំពុងមានការពេញនិយមពីប្រជាពលរដ្ឋ ដោយសារវាមានទីផ្សារទូលំទូលាយ ងាយស្រួលលក់ និងមានតម្លៃខ្ពស់។ ឯកឧត្តម រំពឹងថា ទុរេននឹងជួយផ្តល់ប្រាក់ចំណូលខ្ពស់ដល់រដ្ឋ ក្នុងការទ្រទ្រង់សេដ្ឋកិច្ចជាតិ ប្រសិនបើកសិករដាំដំណាំទុរេន ដោយចងជាសហគមន៍ និងអនុវត្តតាមបច្ចេកទេស និងបទដ្ឋានរបស់ក្រសួង។

ដោយឡែក កសិករដាំដុះទុរេន បានអះអាងថា បើទោះបីទុរេន អាចផ្តល់ទិន្នផលខ្ពស់ និងមានតម្លៃថ្លៃក៏ពិតមែន ប៉ុន្តែវាមិនងាយស្រួលក្នុងការដាំដុះប៉ុន្មាននោះទេ ពោលគឺទាមទារឲ្យកសិករយកចិត្តទុកដាក់ និងថែទាំឲ្យបានដិតដល់ និងអនុវត្តបច្ចេកទេសដាំដុះឲ្យបានត្រឹមត្រូវ ទើបអាចទទួលបានទិន្នផលខ្ពស់ ។ ជាមួយគ្នានេះ ទុរេន ក៏ជាដំណាំទាមទារទុនវិនិយោគខ្ពស់ផងដែរ។
បើតាមមន្រ្តីក្រសួងកសិកម្ម បច្ចុប្បន្ននេះ កម្ពុជាមានផ្ទៃដីដាំដុះដំណាំទុរេនចំនួនជាង ៥ពាន់ហិកតា ក្នុងនោះ ផ្ទៃដីប្រមូលផល មានចំនួនជាង ៣ពាន់៤០០ហិកតា ដែលអាចផ្តល់ផលក្នុងបរិមាណប្រមាណជាង ៣ម៉ឺន៦ពាន់តោនក្នុង១ឆ្នាំ។

គួរបញ្ជាក់ថា ប្រទេសថៃ ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងការនាំចេញផ្លែទុរេន កាលពីឆ្នាំ២០២០ ការនាំចេញទុរេនរបស់ថៃទៅកាន់ទីផ្សារចិនសម្រេចបានជាង ១ពាន់៥រយលានដុល្លារ កើនឡើង៧៨% ធៀបនឹងឆ្នាំ២០១៩។ ដោយឡែក នៅក្នុងរយៈពេល៣ខែ ដើមឆ្នាំ២០២១នេះ ថៃបាននាំចេញផ្លែទុរេនទៅទីផ្សារប្រទេសចិន សម្រេចបានជិត ២០០លានដុល្លារ កើនឡើង១៤% បន្ទាប់មកទីផ្សារហុងកុង ដែលសម្រេចបាន ១៤លានដុល្លារ និងទីផ្សារប្រទេសវៀតណាម មាន១០លានដុល្លារផងដែរ៕ រក្សាសិទ្ធិដោយ៖CEN



