នេះជាករណីមួយដ៏គួរឲ្យខ្លាច និងក៏សូមចូលរួមជាសោកស្តាយផងដែរ ចំពោះស្រ្តីម្នាក់ដែលបានបាត់បង់ជីវិត ដែលត្រូវបានដឹងថា ដោយសារពស់១ក្បាល វារឡើងលើផ្ទះនិងចឹក នៅវេលាម៉ោងប្រហែល ២ យប់ ស្ថិតនៅក្នុងស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ កាលពីពេលថ្មីៗនេះ។
ស្រ្តីរងគ្រោះត្រូវបានដឹងថា ត្រូវបានគ្រួសារដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបានរយៈពេល ៣ ថ្ងៃ ផងដែរ ប៉ុន្តែ ជាអកុសល ដោយសារតែឥទ្ធិពលពិសរបស់ពស់នោះខ្លាំងក្លា ជាហេតុធ្វើឲ្យគ្រូពេទ្យ មិនអាចជួយសង្គ្រោះជីវិតរបស់គាត់បាន។

ជាមួយនិងហេតុការណ៍ដ៏មិននឹកស្មានដល់នេះ កូនរបស់ស្រ្តីរងគ្រោះបានបង្ហោះសាររៀបរាប់ ទាំងក្តីសោកស្រណោះដល់អ្នកម្តាយជាទីស្រឡាញ់ថា៖ «ម៉ែមើលកូនទាំងពីរតាំងពីតូចរហូតដឹងក្ដី តែកូនវិញមើលថែម៉ែបានបីថ្ងៃគត់ (សត្វពស់នេះហើយដែលឆក់យកជីវិតម្ដាយខ្ញុំ) កូនសូមលើកដៃខមាលទោសគ្រប់រឿងទាំងឡាយ ដែលធ្វើដាក់ម៉ែ កូនសូមបួងសួងដល់វត្ថុសក្តិសិទ្ធិ ឲ្យតាមថែរក្សាម៉ែនឹងឲ្យម៉ែទៅកានសុគតិភពឲ្យបានសុខម៉ែ កូនស្រឡាញ់ម៉ែខ្លាំងណាស់»។

យ៉ាងណាមិញ ចំពោះ «ឃាតករចិត្តត្រជាក់» នេះផងដែរ បើតាមអ្នកប្រើប្រាស់បណ្តាញសង្គម បាននាំគ្នាបញ្ជាក់ប្រាប់ឲ្យដឹងថា ពស់នេះត្រូវបានគេស្គាល់ជាទូទៅថា ពស់ក្រាយ ឬ ពស់ថ្នាំងអំពៅ។ ពស់នេះវាស្លូតណាស់ មិនវាយប្រហារមនុស្សទេ ប៉ុន្តែ ប្រសិនបើជនរងគ្រោះត្រូវរងពិសរបស់វាហើយ គឺមិនងាយមានគ្រូពេទ្យណាព្យាបាលបានឡើយ ព្រោះពិសរបស់វាសាហាវខ្លាំងណាស់៕ រក្សាសិទ្ធិដោយ៖ លឹម ហុង




