ភ្នំពេញ ៖ កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ បានអនុម័តយល់ព្រមលើសំណើលាឈប់ពីតួនាទី និងតំណែងប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតរបស់ ឯកឧត្តម ស៊ិក ប៊ុនហុក និងបានអនុម័តយល់ព្រម នូវសេចក្តីព្រាងសេចក្តីសម្រេចស្តីពីការកំណត់បែបបទ និងនីតិវិធីនៃការជ្រើសរើសបេក្ខជន ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងប្រគល់ភារកិច្ចជូនអគ្គលេខាធិការដ្ឋានរដ្ឋសភា ធ្វើសេចក្តីជូនដំណឹងជ្រើសរើសបេក្ខជន ជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ជំនួសលោក ស៊ិក ប៊ុនហុក។

ការអនុម័តយល់ព្រមលើសំណើនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា តាមប្រព័ន្ធវីដេអូ ដឹកនាំដោយសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១។

ក្រៅពីនេះ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ក៏បានអនុម័តបញ្ចូលក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦ នាពេលខាងមុខ នូវសេចក្តីព្រាងច្បាប់ចំនួន៤ ដែលគណៈកម្មការជំនាញរដ្ឋសភា ទើបបញ្ចប់ការពិនិត្យនិងសិក្សាមាន សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់ របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ស្មេថេក ខូ អិលធីឌី សម្រាប់គម្រោងអភិវឌ្ឍខ្សែបណ្តាញបញ្ជូនអគ្គិសនី តង់ស្យុង ៥០០គីឡូវ៉ុល ពីខេត្តបាត់ដំបង ទៅកាន់ព្រំដែនកម្ពុជា-ថៃ។ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ស្មេថេក ខូ អិលធីឌី សម្រាប់គម្រោងអភិវឌ្ឍខ្សែបណ្តាញបញ្ជូនអគ្គិសនី តង់ស្យុង ៥០០គីឡូវ៉ុល ពីរាជធានីភ្នំពេញ ទៅកាន់ព្រំដែនកម្ពុជា-ឡាវ។ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន អគ្គិសនីវៀតណាមនៃសាធារណរដ្ឋសង្គមនិយមវៀតណាម សម្រាប់ធានាលើការទិញថាមពលអគ្គិសនីពីប្រទេសវៀតណាម និងសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ឆាយណា ណេសិនណល ហេវី ម៉ាស៊ីនណឺរី ខបភើរេសិន សម្រាប់គម្រោងអភិវឌ្ឍវារីអគ្គិសនីស្ទឹងតាតៃលើ អានុភាព ១៥០មេហ្កាវ៉ាត់ ខេត្តកោះកុង។

ក្រៅពីនេះ អង្គប្រជុំបានអនុម័តយល់ព្រមលើសេចក្តីព្រាងរបាយការណ៍ស្តីពី សកម្មភាពការងាររបស់រដ្ឋសភាចន្លោះសម័យប្រជុំលើកទី៥ និងលើកទី៦ នីតិកាលទី៦ ដោយបានប្រគល់ភារកិច្ចដល់ អគ្គលេខាធិការដ្ឋានរដ្ឋសភា បន្តបញ្ចូលសកម្មភាពការងាររដ្ឋសភា រហូតដល់ថ្ងៃបើកសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦ នាពេលខាងមុខ ផងដែរ៕ រក្សាសិទ្ធិដោយៈ ចេស្តារ