ខេត្តកំពង់ស្ពឺ ៖ មហាជនជាច្រើន ជាពិសេសអ្នកនិយមប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ពិតជាបានសម្តែងនូវក្ដីអាណិត សោកស្តាយ និងឈឺចាប់ផ្ទុះកំហឹងយ៉ាងខ្លាំង ក្រោយពីទទួលដំណឹងថា នាងវ័យក្មេងម្នាក់បានស្លាប់ ក្រោយពីត្រូវចោរឆក់កាបូប ខណៈកំពុងជិះម៉ូតូ បណ្ដាលឲ្យដួលរងរបួសធ្ងន់ធ្ងរ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ កន្លងទៅនេះ។

នេះបើយោងតាមគណនីហ្វេសប៊ុកឈ្មោះ បានសរសេររៀបរាប់ទាំងក្ដីអាណិតចំពោះជនរងគ្រោះថា៖ «សូមចូលរួមរំលែកទុក្ខ ប្អូនស្រី សុខ ជិនគៀន នៅភូមិសំបួរ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដែលត្រូវចោរ ឆក់កាបូប មុខធនាគារអម្រិត កាលពីថ្ងៃ៣០ ឧសភា ២០២១ ពេលនេះ បានស្លាប់បាត់បង់ជីវិតហើយ សូមប្អូនស្រីឲ្យបានទៅដល់សុគតិភព និងសូមសំណូមពរដល់ សមត្ថកិច្ចខេត្តកំពង់ស្ពឺ ជួយស្រាវជ្រាវចាប់ជនល្មើស មកផ្តន្ទាទោសឲ្យបាន»។

ក្រោយពីបានឃើញទិដ្ឋភាពជនរងគ្រោះ ដេកដួលនិងកន្លែងកើតហេតុដ៏គួរឲ្យអាសូរខ្លាំងពេក មហាជនបានផ្ទុះកំហឹងខ្លាំងៗ ទៅកាន់ចោរបែបៗនេះថា៖ «បើចាប់បានកុំទុកគួរបានបាញ់វាចោលទៅ, កូនគេកូនយើង ឃើញហើយខ្ញុំពិតជាឈឺចាប់ណាស់ ពូកអាចោរអស់នេះ បើចាប់បានកុំប្រគល់ឲ្យប៉ូលីស ដាក់វាឲ្យងាប់និងកន្លែងវិញទៅ…. »៕ រក្សាសិទ្ធិដោយ៖ លឹម ហុង
