ថ្មីៗនេះ មហាជននៅលើអុិនធើណេត ពិតជាមានការភ្ញាក់ផ្អើល និងអស់សំណើចគ្រប់ៗគ្នាតែម្តង នៅពេលបានដឹងថា គ្រួសារមួយនៅប្រទេសថៃបានធ្វើបុណ្យសពឲ្យកូនប្រុស ព្រោះគិតថាបានស្លាប់ទៅហើយ តែនៅទីបំផុត អ្វីៗគឺគ្រាន់តែជាការយល់ច្រឡំប៉ុណ្ណោះ ខណៈកូនប្រុសរបស់គាត់នៅមានជីវិតជ្រងោៗនៅឡើយ។
នេះបើតាមសារព័ត៌មានក្នុងស្រុកមួយរបស់ថៃ បានចុះផ្សាយឲ្យដឹងថា កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ គ្រួសារមួយនៅភូមិ Saad ស្រុក Khaen Dong ខេត្ត Buriram បានជួបហេតុការណ៍ដ៏មិននឹកស្មានដល់ ដោយបានយកសពកូនរបស់អ្នកដទៃ ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ មកធ្វើបុណ្យ ព្រោះគិតថាជាកូនប្រុសរបស់ពួកគេ។

យ៉ាងណាមិញ បើតាមការបញ្ជាក់ពីបុរសអាយុ ៦១ ឆ្នាំ ម្នាក់ ដែលត្រូវជាឪពុក បាននិយាយថា ខណៈគាត់កំពុងនៅផ្ទះ ក៏ស្រាប់តែមានអ្នកភូមិម្នាក់បានមកប្រាប់ថា កូនប្រុសរបស់គាត់ត្រូវបានឡានកិនស្លាប់បាត់ហើយ។ នៅពេលនោះ គាត់ពិតជាតក់ស្លុតយ៉ាងខ្លាំង និងក៏បានទៅមើល ប៉ុន្តែ ដោយសារសពមានសភាពខ្ទេចក្បាលអស់មើលលែងយល់ ដោយបន្យល់ទុកតែស្នាមសាក់ដូចគ្នា ក៏គិតថាជាកូនប្រុសរបស់គាត់ៗ គាត់ក៏យកមកធ្វើបុណ្យតែម្តងទៅ ស្របពេលដែលកូនប្រុសរបស់គាត់ ក៏បានបាត់ពីផ្ទះមិនដឹងទៅផឹកស៊ីឯណាអស់រយៈពេលពីរបីថ្ងៃមកហើយ។
តែទោះយ៉ាងណា ខណៈកំពុងធ្វើបុណ្យសព ស្រាប់តែកូនប្រុសរបស់គាត់ បានលេចមុខ ជិះម៉ូតូចូលក្នុងរោងបុណ្យ ធ្វើឲ្យអ្នកគ្រួសារ បងប្អូនញាតិមិត្តក្នុងភូមិ តាអាចារ្យ និងព្រះសង្ឃ នាំគ្នាស្រឡាំងកាំង សឹងតែនាំគ្នារត់ចែកជើង ព្រោះគិតថាខ្លោចលងទេដឹង។

ជាមួយនិងរឿងដ៏មិននឹកស្មានដល់នេះផងដែរ បុរសជាកូនប្រុសឈ្មោះ Sang Saiwan អាយុ ៣៥ ឆ្នាំ បាននិយាយទាំងហួសចិត្តថា តាមពិតទៅ គឺគាត់បានទៅដេកនៅផ្ទះមិត្តភក្តិ និងពុំបានមកផ្ទះអស់រយៈពេល ៣ ថ្ងៃ ហើយរហូតដល់រសៀល នៃថ្ងៃកើតហេតុ គាត់ក៏បានជិះម៉ូតូដឹកស្មៅសម្រាប់ឲ្យក្របីសុី ត្រឡប់មកវិញ ក៏ស្រាប់តែឃើញផ្ទះមានរោងបុណ្យ នៅពេលនោះ គាត់បានគិតថា ប្រហែលមានអ្នកផ្ទះស្លាប់ហើយ។
លោក Sang Saiwan បានបន្តទាំងហួសចិត្តទៀតថា គាត់ពិតជារន្ធត់ចិត្តយ៉ាងខ្លាំង នៅពេលក្រឡេកឃើញរូបថតតាំងមុខមឈូស បែរជារូបរបស់គាត់ និងក៏ចាប់ផ្តើមគិតថា ឪពុករបស់គាត់ប្រហែលច្រឡំមនុស្សដែលបានត្រូវឡានបុកស្លាប់នោះថាជារូបគាត់ហើយ។
ជាពិតការណាស់ សពនោះក្រោយមក អាជ្ញាធរបានធ្វើការស្រាវជ្រាវ និងបានរកឃើញថា គឺជាបុរសឈ្មោះ Wuttichai Poonwong អាយុ ៣៥ ឆ្នាំ រស់នៅភូមិ Nong Hua Kaen ស្រុក Kaen Dong ហើយសាកសពរបស់គាត់ ក៏ត្រូវបានគេបញ្ជូនទៅឲ្យសាច់ញាតិធ្វើបុណ្យបន្តផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង










