Tuesday, September 23, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋសភា នឹងទទួលពាក្យសុំឈរឈ្មោះ ជាបេក្ខភាពប្រធាន គ.ជ.ប ចាប់ពីថ្ងៃទី៧-១១ មិថុនា

ភ្នំពេញ ៖ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នឹងធ្វើការជ្រើសរើសបេក្ខជនឈរឈ្មោះ ជាបេក្ខភាពប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត អនុលោមតាមមាត្រា៥ មាត្រា៦ មាត្រា៩ និងមាត្រា១១ នៃច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។

អគ្គលេខាធិការដ្ឋានរដ្ឋសភា នឹងទទួលពាក្យសុំឈរឈ្មោះជាបេក្ខជន ចាប់ពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ រៀងរាល់ម៉ោងធ្វើការ ពេលព្រឹកចាប់ពីម៉ោង៧:០០ ដល់ម៉ោង១១:៣០ នាទី នឹងពេលរសៀលចាប់ពីម៉ោង១៤:០០ ដល់ម៉ោង១៧:៣០ នាទី នៅនាយកដ្ឋានគ្រប់គ្រងបុគ្គលិក នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ។

កាលបរិច្ឆេទឈប់ទទួលពាក្យ នៅថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១៧:៣០នាទីរសៀល។ ព័ត៌មានផ្សេងៗ សូមទំនាក់ទំនងជាមួយនាយកដ្ឋានគ្រប់គ្រងបុគ្គលិក នៃអគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ នៃអគ្គលើខាធិការដ្ឋានរដ្ឋសភា។

គណៈកម្មាធិការអចិន្រ្តៃយ៍ បានអនុម័តយល់ព្រមលើសំណើលាឈប់ពីតួនាទី និងតំណែងប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតរបស់ ឯកឧត្តម ស៊ិក ប៊ុនហុក និងបានអនុម័តយល់ព្រម នូវសេចក្តីព្រាងសេចក្តីសម្រេចស្តីពីការកំណត់បែបបទ និងនីតិវិធីនៃការជ្រើសរើសបេក្ខជនប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងប្រគល់ភារកិច្ចជូនអគ្គលេខាធិការដ្ឋានរដ្ឋសភា ធ្វើសេចក្តីជូនដំណឹងជ្រើសរើសបេក្ខជន ជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ជំនួសលោក ស៊ិក ប៊ុនហុក។
ការអនុម័តយល់ព្រមលើសំណើនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ រដ្ឋសភា តាមប្រព័ន្ធវីដេអូ ដឹកនាំដោយសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១។

ការអនុម័តរបស់គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាបានធ្វើឡើងបន្ទាប់ពីលោកលោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានដាក់ពាក្យសុំលាលែងទៅរដ្ឋសភាកាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១។

លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានមានប្រសាន៍ប្រាប់ CEN ថា ការសុំលាឈប់ពីប្រធាន គ.ជ.ប ដោយសារតែលោកមានវ័យចាស់ និងមានបញ្ហាសុខភាព និងមិនអាចរ៉ាប់រងបាននូវការងារដ៏ធ្ងន់នៃការបោះឆ្នោត ហេតុនេះទុកឲ្យអ្នកដែលពេញកម្លាំង គេធ្វើការងារនេះជំនួសវិញ។

ប្រធានគ.ជ.ប បានបញ្ជាក់ថា “ដោយសារយើងវ័យចាស់ និងមានបញ្ហាសុខភាពខ្លះ ហើយទំហំការងារវាធំ និងស្មុគស្មាញខ្លាំង។ ហើយបើសុខភាពយើងមិនអាចធានាយើងស្គាល់ខ្លួនយើង បានសុំលាលែងពីប្រធានគ.ជ.ប។ ខ្ញុំកាន់តែវ័យចាស់ហើយផង ហើយខ្ញុំឃើញការងារនេះវារស៊ើបណាស់ ហើយបើយើងមានកម្លាំងមិនគ្រប់គ្រាន់ក្រែងរ៉ាប់រងការងារវាមិនបានទៅវានាំឲ្យមានផលវិបាកដល់ស្រុកទេស”៕ រក្សាសិទ្ធិដោយ : ចេស្តារ

×