បន្ទាយមានជ័យ ៖ ដោយទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង២០និង៣០នាទី កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រះនេត្រព្រះ សហការជាមួយគយ និងរដ្ឋករចល័ត បានធ្វើសកម្មភាពបង្ក្រាបលើរថយន្ត១គ្រឿងម៉ាក ហាយឡែនឌ័រ ពណ៌ទឹកមាស ពាក់ផ្លាកលេខ ភ្នំពេញ 2F-8140 ដែលសង្ស័យថា ប្រព្រឹត្តបទល្មើសដឹកទំនិញគេចពន្ធដែលចេញពីក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ គោលដៅឆ្ពោះទៅខេត្តសៀមរាបតាមផ្លូវជាតិលេខ៦ លុះទៅដល់ចំណុចស្ពានតាប៉ុន ស្ថិតក្នុងឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ស្រាប់តែម្ចាស់រថយន្តបានបើកត្រឡប់ក្រោយ មកដល់ចំណុចខាងកើតភូមិតាប៉ុន ឃុំតាប៉ុន ស្រុកព្រះនេត្រព្រះ ម្ចាស់រថយន្តក៏បានបើករថយន្តរបស់ខ្លួនទម្លាក់ចូលទៅក្នុងប្រឡាយ ហើយបើកទ្វាររថយន្តរត់គេចខ្លួនបាត់ ពេលនោះសមត្ថកិច្ចយើងទៅដល់ស្រាប់តែរថយន្តនោះដឹកសុទ្ធតែឈើប្រណិត (ធ្នង់)។

លោកវរសេនីយ៍ត្រី ស៊ិន រ៉ាស៊ី មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រះនេត្រព្រះបានឱ្យដឹងថា ក្រោយពីពិនិត្យឃើញដូច្នេះកម្លាំងគយ និងរដ្ឋាករចល័ត បានប្រគល់ឱ្យសមត្ថកិច្ចកងរាជអាវុធហត្ថ យកមករក្សាទុកនៅមូលដ្ឋានកងរាជអាវុធហត្ថស្រុក ដើម្បីចាត់ចែងតាមនីតិវិធី។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារយុត្តិធម៌បានឱ្យដឹងថា ដោយទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រីមេបញ្ជាការកងរាជអាវុធហត្ថខេត្ត រថយន្ត និងឈើធ្នង់ចំនួន០៩បន្ទះ ស្មើនឹង០,៦៣ម៉ែត្រគូប លោកបានចាត់តាំងឱ្យ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រះនេត្រព្រះ ប្រគល់ឱ្យជំនាញខណ្ឌរដ្ឋបាលព្រៃឈើបន្ទាយមានជ័យ ចាត់ការតាមនីតិវិធីហើយនៅព្រឹកថ្ងៃសុក្រ ទី៤ ខែមិថុនា ឆ្នាំ២០២១នេះ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

