Monday, July 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីការបរទេសកម្ពុជា នឹងចូលរួមកិច្ចប្រជុំពិសេស រដ្ឋមន្រ្តីការបរទេសអាស៊ាន-ចិន និងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-ឡានឆាង នៅថ្ងៃទី៧-៨ មិថុនា

ភ្នំពេញ ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូអញ្ជើញ ចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីការបរទេសអាស៊ាន-ចិន និងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-ឡានឆាង (MLC) លើកទី៦ដែលនឹងប្រព្រឹត្តនៅ ថ្ងៃទី៧ និងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ នៅទីក្រុងឆុងឈីង សាធារណរដ្ឋប្រជាមានិតចិនតបតាមការអញ្ជើញរបស់ ឯកឧត្តម វ៉ាង យី ក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋ ប្រជាមានិតចិន។

ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា ថាកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីការបរទេសអាស៊ាន-ចិន ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៧ ខែមិថុនា គឺជាផ្នែកមួយនៃការប្រារព្ធខួបអនុស្សាវរីយ៍លើកទី៣០ នៃទំនាក់ទំនងសន្ទនាអាស៊ាន-ចិន។ នៅក្នុងជំនួបដើម្បី អបអរសាទរនេះ រដ្ឋមន្រ្តីការបរទេសអាស៊ាន និងចិន ត្រូវបានរំពឹងថានឹងពិនិត្យមើលឡើងវិញនូវវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការជាក់លាក់នៅក្នុងវិស័យផ្សេងៗ ក៏ដូចជាធ្វើការពិភាក្សាអំពីការលើកកម្ពស់បន្ថែម ទៀតនូវភាពជាដៃគូយុទ្ធសាស្រ្តអាស៊ាន-ចិន ក្នុងបរិបទបច្ចុប្បន្ននៃជំងឺរាតត្បាតកូវីដ-១៩ និងបញ្ហាប្រឈមនានាដែលកំពុងកើតមានឡើង។ រដ្ឋមន្រ្តីការបរទេសអាស៊ាន និងចិន ក៏នឹងផ្លាស់ប្តូរយោបល់គ្នាលើបញ្ហា តំបន់ និងអន្តរជាតិដែលជាចំណាប់អារម្មណ៍រួម ផងដែរ។

ក្នុងអំឡុងពេលកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-ឡានឆាងលើកទី៦ នៅថ្ងៃទី៨ ខែមិថុនា រដ្ឋមន្រ្តី ការបរទេស MLC នឹងធ្វើការវាយតម្លៃទៅលើវឌ្ឍនភាពដែលសម្រេចបានក្នុងរយៈពេល៥ឆ្នាំកន្លងមកនៃ កិច្ចសហប្រតិបត្តិការ កំណត់ទិសដៅអនាគតសម្រាប់កិច្ចសហប្រតិបត្តិការដែលកាន់តែទូលំទូលាយ ជាពិសេស ក្នុងកាលៈទេសៈនៃជំងឺរាតត្បាតកូវីដ-១៩ ហើយនិងធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត នូវចំណងមិត្តភាព និងការគាំទ្រគ្នាទៅវិញទៅមក រវាងបណ្តាប្រទេសមេគង្គ និងប្រទេសចិន ស្ថិតក្រោមស្មារតីលើកកម្ពស់ ការអភិវឌ្ឍប្រកបដោយចីរភាព និងការតភ្ជាប់ផ្នែកសង្គម និងវប្បធម៌ នៅក្នុងតំបន់មេគង្គ-ឡានឆាង។

ស្របគ្នាជាមួយកិច្ចប្រជុំទាំងពីរខាងលើ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន នឹងអញ្ជើញ បំពេញទស្សនកិច្ចការងារនៅក្នុងប្រទេសចិន ដែលក្នុងឱកាសនោះ ឯកឧត្តម នឹងមានជំនួបទ្វេភាគីជាមួយ ឯកឧត្តមក្រុមប្រឹក្សារដ្ឋ វ៉ាង យី ហើយនៅចុងបញ្ចប់នៃជំនួបនេះ ឯកឧត្តមរដ្ឋមន្រ្តីការបរទេសទាំងពីរ នឹង អញ្ជើញធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួន២ មានដូចខាងក្រោម៖
១. អនុស្សារណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទូរគមនាគមន៍ ព័ត៌មាន និង បច្ចេកវិទ្យាទំនាក់ទំនង រវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា និងក្រសួងឧស្សាហកម្ម និងព័ត៌មានវិទ្យាចិន ។
២. គម្រោងកម្មវិធីស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ រវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កម្ពុជា និងក្រសួងវប្បធម៌ចិន ។

ក្នុងឱកាសនៃការស្នាក់នៅទីក្រុងឆុងឈីង ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន គ្រោងនឹងមាន ជំនួបទ្វេភាគីជាមួយរដ្ឋមន្រ្តីការបរទេស នៃប្រទេសមួយចំនួនដោយផ្ទាល់ ដើម្បីពង្រឹងបន្ថែមទៀតនូវ កិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងទ្វេភាគី ៕ រក្សាសិទ្ធិដោយៈ ចេស្តារ

×