ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការរកឃើញវីរុសបំប្លែងថ្មីប្រភេទ B.1.617 ដែលជាប្រភទគួរឱ្យព្រួយបារម្ភ។ មេរោគកូវីដ១៩ បំប្លែងខ្លួនថ្មីប្រភេទ B.1.617 បានរកឃើញនៅលើខ្លួនពលករ៣រូប ដែលត្រឡប់មកពីប្រទេសថៃ ។
ក្រសួងសុខាភិបាលបានជម្រាបជូនសាធារណជន ឱ្យបានដឹងថា នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១នេះ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជាបានធ្វើតែស្ត Sequencing រកឃើញមានអ្នកផ្ទុក មេរោគកូវីដ-១៩ ដែលជាប្រភេទវីរុសបម្លែងថ្មី B.1.617 លើអ្នកជំងឺចំនួន៣រូប ដែលជាពលករកម្ពុជាត្រឡប់មក ពីប្រទេសថៃ តាមច្រកអូស្មាច់ ដូចខាងក្រោម ៖ ១- ភេទស្រី អាយុ ២៧ឆ្នាំ កំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យខេត្តឧត្តរមានជ័យ ។ ២- ភេទប្រុស អាយុ ៤៦ឆ្នាំ កំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យឯកភ្នំ ខេត្តបាត់ដំបង។ ៣- ភេទស្រី អាយុ ៤៣ឆ្នាំ កំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យមោងឫស្សី ខេត្តបាត់ដំបង។

ក្រសួងបានបញ្ជាក់ថា វីរុសបម្លែងថ្មី ប្រភេទ B.I.617 ជាមេរោគដែលពិភពលោកមានការព្រួយបារម្ភខ្លាំង ហើយត្រូវបានគេរកឃើញនៅបណ្តាប្រទេសចំនួន៧ ហើយ នៅក្នុងតំបន់អាស៊ាន (ប្រទេសឥណ្ឌូណេស៊ី ប្រទេសម៉ាឡេស៊ី ប្រទេសហ្វីលីពីន ប្រទេសសិង្ហបុរី ប្រទេសថៃ ប្រទេសវៀតណាម និងប្រទេសកម្ពុជា) និងបណ្តា ប្រទេសមួយចំនួនទៀតលើពិភពលោក។
ក្រសួងសុខាភិបាល បានធ្វើការណែនាំភ្លាមៗ ទៅមន្ទីរសុខាភិបាលខេត្តដែលពាក់ព័ន្ធ ក៏ដូចជាទៅគ្រប់ មន្ទីរសុខាភិបាលទាំងអស់ ឱ្យបង្កើនការយកចិត្តទុកដាក់ និងអនុវត្តឱ្យបានត្រឹមត្រូវតាមគោលការណ៍ប្រតិបត្តិស្ដង់ដារបច្ចេកទេសការពារការចម្លងពីបុគ្គលម្នាក់ទៅម្នាក់ ដោយដាក់អ្នកជំងឺឱ្យនៅដោយឡែកពីគ្នា និងបន្តការ ស្រាវជ្រាវដោយហ្មត់ចត់ លើករណីដែលសង្ស័យ ឬពាក់ព័ន្ធទៅនឹងការចម្លងបន្តគ្នាផ្សេងៗទៀតនៅតាមទីតាំង ដែលមានការរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ។
ក្រសួងសុខាភិបាលបានអំពាវនាវ និងក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមអនុវត្ត វិធានការ ៣ការពារ និង ៣កុំ ដែលបានដាក់ចេញដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងវិធានការផ្សេងៗទៀតដែលបានដាក់ចេញដោយក្រសួងសុខាភិបាល ជាពិសេសការដាក់ចេញនូវវិធានការសុខាភិបាល និងវិធានការរដ្ឋបាលនៃរដ្ឋបាលថ្នាក់ក្រោមជាតិ ឱ្យបានគ្រប់ៗគ្នា ដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងបញ្ចៀសបាននូវការចម្លងទ្រង់ទ្រាយធំ ក្នុងសហគមន៍កម្ពុជា៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

