ភ្នំពេញ ៖ ក្រសួងបរិស្ថាន នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨នេះ បានប្រារព្ធសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិលើកទី៦លើសេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ នៃព្រះរាជាណាចក្រកម្ពុជានៅឯសណ្ឋាគារសូហ្វីតែលក្នុងរាជធានីភ្នំពេញ មុននឹងដាក់ជូនរាជរដ្ឋាភិបាលកម្ពុជាដើម្បីបញ្ជូនទៅកាន់សភាក្រោមអធិបតីភាពរដ្ឋមន្ត្រីបរិស្ថាន និងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដោយមានការចូលរួមពីក្រុមអ្នកច្បាប់នៃគណៈមេធាវីកម្ពុជា រួមទាំងអ្នកពាក់ព័ន្ធពីវិស័យច្បាប់ជាច្រើនទៀតទាំងជាតិ និងអន្តរជាតិ។
លោក សាយ សំអាល់រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងថា សិក្ខាសាលានេះ គឺពង្រឹងធាតុបន្ថែមពីក្រុមអ្នកច្បាប់កម្ពុជាដើម្បីឱ្យក្រមបរិស្ថានដែលជាក្រមធនធានធម្មជាតិដំបូងរបស់កម្ពុជាអាចក្លាយជាយន្តការច្បាប់ថ្នាក់ជាតិដ៏ល្អប្រសើរនិង ទទួលយកបានសម្រាប់ការអនុវត្តក្នុងទិសដៅការពារ និងគ្រប់គ្រងធនធានធម្មជាតិរបស់កម្ពុជា សម្រាប់ពលរដ្ឋជំនាន់ក្រោយ។ បន្ថែមពីនេះ គឺដើម្បីឱ្យក្រមនេះ ក្លាយជាខ្នាតបែងចែងតួនាទីភារៈសម្រាប់អ្នកទទួលខុសត្រូវដែលពាក់ព័ន្ធផងដែរ។
លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីសារសំខាន់នៃសិក្ខាសាលានេះថា ដើម្បីបន្ស៊ីគ្នារវាងខ្លឹមសារបច្ចេកទេសពីក្រុមជំនាញនៃក្រសួងបរិស្ថាន និងបណ្តាក្រសួងពាក់ព័ន្ធផ្សេងៗទៀត ទៅនឹងខ្លឹមសារនៃច្បាប់ដើម្បីធានាបាននូវការអនុវត្តប្រកបដោយលទ្ធផលល្អប្រសើរ និងទទួលយកបាន ក្នុងទិសដៅការពារធនធានធម្មជាតិកម្ពុជាដើម្បីធានាការអភិវឌ្ឍប្រកបដោយចីរភាព។
បន្ថែមពីនេះ លោករដ្ឋមន្ត្រី បានលើកឡើងថា ជាឱកាសនៃសុខសន្តិភាពដែលកម្ពុជា ដូចនេះ ការបង្កើតក្រមបរិស្ថាន គឺជាកិច្ចការចាំចាច់ដើម្បីពង្រឹងបន្ថែមនូវយន្តការជាតិក្នុងការការពារ និងគ្រប់គ្រងធនធានធម្មជាតិ។
សូមរំលឹកដែរថា ក្រៅពីសិក្ខាសាលាថ្នាក់ជាតិទាំង៦លើកនេះ ក្រសួងបរិស្ថានដែលជាអ្នកផ្តួចផ្តើមគំនិត បានរៀបចំសិក្ខាសាលាថ្នាក់ជាតិចំនួន៥ដងរួចមកហើយដែលមានការចូលរួមពីគ្រប់ស្ថាប័នរបស់រដ្ឋទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងថ្នាក់សភាផងដែរ ហើយនេះ នៅមិនទាន់រាប់បញ្ចូលក្នុងការពិភាក្សា និងជជែកផ្ទៃក្នុងក្រសួង និងក្រសួងពាក់ព័ន្ធ និងការពិគ្រោះយោបល់ជាមួយអ្នកជំនាញអន្តរជាតិ។
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោកអង្គ វង្សវឌ្ឍនា ថ្លែងកោតសរសើរចំពោះការបង្កើតក្រមបរិស្ថានធនធានធម្មជាតិរបស់ក្រសួងបរិស្ថាន ដែលជាឧត្តមប្រយោជន៍របស់ពលរដ្ឋកម្ពុជាក៏ដូចជាប្រទេសកម្ពុជាទាំងមូលក្នុងការផ្តួចផ្តើមគំនិតបង្កើតក្រមបរិស្ថានដែលមានប្រមាណជាង១០៦៤មាត្រា។ លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានបញ្ជាក់ថា៖ “ខ្ញុំសូមកោតសរសើរចំពោះលោករដ្ឋមន្ត្រីបរិស្ថាន ចំពោះគំនិតផ្តួចផ្តើមបង្កើតក្រមបរិស្ថាននេះ។ ក្រមនេះ មានលក្ខណៈគ្រប់ជ្រុងជ្រោយ និងប្រទាក់ក្រឡាគ្នាល្អប្រសើរពីគន្ធី១ទៅគន្ធី១ ហើយក្រសួងយុត្តិធម៌ បន្តសហការដើម្បីឱ្យច្បាប់នេះ អាចប្រើប្រាស់បាន និងមានប្រសិទ្ធភាព”។
សូមរំលឹកថា សេចក្តីព្រាងក្រមបរិស្ថានេះ បានឈានដល់កំណែទី១០របស់ខ្លួនហើយដោយក្រមនេះមានគន្ធី១២ និងមានមាត្រាចំនួន១០៦៤ មានទិសដៅ ការពារបរិស្ថានដើម្បីបញ្ចៀស និងកាត់បន្ថយគ្រោះមហន្តរាយ និងការខូចខាតបរិស្ថាន និងការអភិរក្ស គ្រប់គ្រង ស្តារឡើងវិញនូវធនធានធម្មជាតិ ជីវៈចម្រុះ និងសេវាកម្មប្រព័ន្ធអេកូឡូស៊ី រួមទាំងលើកកម្ពស់សុខុមាលភាពសង្គមជាដើម៕ ដោយ៖បញ្ញាស័ក្តិ