ភ្នំពេញ ÷ បុរសម្នាក់ត្រូវបានបាត់បង់ជីវិត នៅនឹងកន្លែងភ្លាមៗ បន្ទាប់ពីជិះម៉ូតូឆ្លងផ្លូវ ទាក់ដៃចង្កូតនិងម៉ូតូមួយគ្រឿងទៀត បណ្តាលឲ្យជនរងគ្រោះ ខ្ទាតចូលក្រោមកង់រថយន្តកុងតឺន័រ កិនស្លាប់ភ្លាមៗ ចំណែកឯរថយន្តកុងតឺន័រ និងម៉ូតូមួយគ្រឿងទៀត រត់គេចខ្លួនបាត់ស្រមោល។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ៦ និង ៣០នាទីយប់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ចំណុចទល់មុខបុរីញូថោន ក្នុងសង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

សពមានឈ្មោះ ជ្រៀច អៀវ ភេទប្រុស អាយុ៣០ឆ្នាំ មានស្រុកកំណើត នៅខេត្តកណ្តាល។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ ជិះម៉ូតូស្គុបពីមួយគ្រឿង ពណ៌ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ 1-HI 0002 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីកើតទៅលិច បម្រុងនឹងបត់ឆ្លងផ្លូវ ខណៈពេលឆ្លងដល់ពាក់កណ្តាលផ្លូវ ស្រាប់តែមានម៉ូតូមួយគ្រឿងទៀត មិនចាំម៉ាកធ្វើដំណើរបញ្រ្ចាសទិស ពីលិចមកកើតក្នុងល្បឿនលឿន មកទាក់ដៃចង្កូតម៉ូតូជនរងគ្រោះ បណ្តាលឲ្យជនរងគ្រោះដួល ស្របពេលរថយន្តកុងតឺន័រ មកដល់ ក៏ខ្ទាតចូលក្រោមកង់ កិនស្លាប់ភ្លាមៗ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ពិនិត្យជុំវិញកន្លែងកើតហេតុ រួចក៏បានទំនាក់ទំនង ទៅខាងជំនាញចរាចរណ៍ក្រុង ឲ្យចុះមកវាស់វែង និងធ្វើកំណត់ហេតុ យកម៉ូតូទៅរក្សាទុក នៅការិយាល័យចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំស្រាវជ្រាវរកជនបង្ក រួចធ្វើកំណត់ហេតុ ប្រគល់សពឲ្យទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕ រក្សាសិទ្ធិដោយ៖ សា មេត



