Tuesday, September 23, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឈាមស្រែកស្បែកហៅ ជនបង្កដែលកាប់យុវជនម្នាក់ស្លាប់ នៅសង្កាត់ចាក់អង្រែលើ ត្រូវបានចាប់ខ្លួន

ភ្នំពេញ ÷ យោងតាមប្រភពព័ត៌មានពីលោកវរសេនីយ៍ឯក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១ នេះបានឲ្យដឹងថា ជនសង្ស័យដែលបានកាប់ទៅលើយុវជនម្នាក់ ដែលជាគូរទំនាស់រឿងស្នេហាត្រីកោណ ដោយប្រើកាំបិតបុ័ងតោ ដេញកាប់បណ្តាលឲ្យស្លាប់ កាលពីយប់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែលើ ត្រូវបានកម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ស្រាវជ្រាវឃាត់ខ្លួនបានម្នាក់ហើយ ដែលជាជនដៃដល់ ចំណែកឯបក្ខពួក សមត្ថកិច្ចកំពុងតែស្រាវជ្រាវរកបន្ត។

បើតាមរបាយការណ៍ប៉ុស្តិ៍រដ្ឋបាលនគរបាលសង្កាត់ចាក់អង្រែលើ ស្តីពីករណីឃាតកម្ម (ប្រើកាំបិតបុ័ងតោ ដេញកាប់បណ្តាលឲ្យម៉ូតូបុកបង្គោលភ្លើងបំភ្លឺផ្លូវ ប៉ះទង្គិចក្បាល និងខ្លួនប្រាណធ្ងន់ធ្ងរ បណ្តាលឲ្យស្លាប់) នៅ ថ្ងៃទី១ ខែមិថុនា ឆ្នាំ ២០២១ វេលាម៉ោង១៩និង៤០នាទី នៅចំណុចមុខការដ្ឋានបូមខ្សាច់ ផ្លូវជាតិលេខ២ ភូមិព្រែកតាគង់ សង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះសុខ ហៃហៅ យ៉ាវ ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិវៀតណាម ទីលំនៅផ្ទះជួល ផ្លូវលំ ភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មុខរបរជាងធ្វើសោរ (ឃាត់ខ្លួនគ្មានផ្ទុកសារធាតុញៀន)។ ចំណែកជនរងគ្រោះឈ្មោះ គីម សុខខឿន ហៅ ទ្រឹង ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅជួល ផ្លូវលំ ភូមិសាមគ្គី សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មុខរបរជាងមាស(ស្លាប់) ។

វត្ថុតាងចាប់យក កាំបិតបុ័ងតោដងដែកចំនួន១ដើម , ម៉ូតូ០១គ្រឿងម៉ាកសេ១២៥ ពណ៌ខ្មៅ លេខតួ+លេខម៉ាស៊ីន ៨០៩៧០៧១ ពាក់ស្លាកលេខ ភ្នំពេញ 1O 4408 (ជារបស់ជនសង្ស័យឈ្មោះ សុខ ហៃ ហៅ យ៉ាវ) ។

នៅថ្ងៃទី១ ខែ មិថុនា ឆ្នាំ ២០២១ វេលាម៉ោង១៩និង៤០នាទី ជនរងគ្រោះឈ្មោះ គីម សុខខឿន ហៅ ទ្រឹង បានជិះម៉ូតូ១គ្រឿងម៉ាកនិច ពណ៌ផ្កាឈូក ពាក់ផ្លាកលេខ ភ្នំពេញ 1GN 2249 មកឌុបស្រ្តី ជាសង្សារឈ្មោះ ង្វៀង ធីង៉ុក ហៅ ល័ក្ខ (ត្រូវជាប្អូនថ្លៃរបស់ជនសង្ស័យឈ្មោះ ង្វៀង យុំាងតាំ) មកឈប់និយាយគ្នា នៅមុខហាងសាំងកាល់តិច ផ្លូវជាតិលេខ២ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ពីរឿងសុំចែកផ្លូវគ្នា ទន្ទឹមនោះ ជនសង្ស័យចំនួន២នាក់ ឈ្មោះ ង្វៀង យុំាងតាំ និង ឈ្មោះ សុខ ហៃ ហៅ យ៉ាវ បានជិះម៉ូតូ១គ្រឿងម៉ាកសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1O 4408 មកឈប់ក្បែរ ហើយជនសង្ស័យឈ្មោះ សុខ ហៃ ហៅ យ៉ាវ បានចុះពីលើម៉ូតូដើរចូលទៅសួរនាំ ក៏មានទំនាស់ពាក្យសំដី និងវាយប្រតាយប្រតប់គ្នា ពេលនោះជនសង្ស័យឈ្មោះ សុខ ហៃ ហៅ យ៉ាវ បានដកកាំបិតបុ័ងតោ ចំនួន១ដើម កាប់ទៅលើជនរងគ្រោះឈ្មោះ គីម សុខខឿន បណ្តាលឲ្យរបួសដៃខាងឆ្វេង ហើយជនរងគ្រោះ បានហៅសង្សារឈ្មោះ ង្វៀង ធីង៉ុក ហៅ ល័ក្ខ ឲ្យឡើងជិះម៉ូតូជាមួយរត់គេចខ្លួន តាមបណ្តោយផ្លូវជាតិលេខ២ (ឆ្ពោះទៅទិសដៅស្ពានអាកាសក្បាលថ្នល់) ភ្លាមនោះ ជនសង្ស័យទាំង២នាក់ ឈ្មោះ ង្វៀង យុំាងតាំ និង ឈ្មោះ សុខ ហៃ ហៅ យ៉ាវ បានជិះម៉ូតូដេញតាមពីក្រោយ រហូតដល់ចំណុចមុខការដ្ឋានបូមខ្សាច់ ផ្លូវជាតិលេខ២ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ (ចំណុចកើតហេតុ) ម៉ូតូជនរងគ្រោះ បានជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវ ធ្វើឲ្យជនរងគ្រោះឈ្មោះ គីម សុខខឿន ដួលបោកប៉ះទង្គិចក្បាល និងខ្លួនប្រាណធ្ងន់ធ្ងរ បណ្តាលឲ្យស្លាប់ ក្នុងពេលនោះ ជនសង្ស័យឈ្មោះ សុខ ហៃ ហៅ យ៉ាវ បានចុះទៅកាប់ជនរងគ្រោះចំនួន១កាំបិតបន្ថែមទៀត ត្រូវចំចង្កេះខាងឆ្វេង ចំណែកជនសង្ស័យឈ្មោះ ង្វៀង យុំាងតាំ បានទៅនាំស្រ្តីជាប្អូនថ្លៃឈ្មោះ ង្វៀង ធីង៉ុក ហៅ ល័ក្ខ ឲ្យឡើងជិះម៉ូតូជាមួយគេចខ្លួនបាត់។ លុះមកដល់វេលាម៉ោង២១និង០០នាទីថ្ងៃដដែល ឈ្មោះ បាវ ស្រី ភេទស្រី (ជាម្តាយរបស់ជនរងគ្រោះ) បានមកពិនិត្យមើលសាកសពជនរងគ្រោះ ហើយបានដាក់ពាក្យបណ្តឹង ឲ្យសមត្ថកិច្ចយើងចាត់ការតាមផ្លូវច្បាប់ ។
លុះមកដល់ថ្ងៃទី៤ ខែ មិថុនា ឆ្នាំ ២០២១ វេលាម៉ោង២១និង០០នាទី កម្លាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ចាក់អង្រែលើ ចុះស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ សុខ ហៃ ហៅ យ៉ាវ នៅចំណុចផ្លូវបេតុង ភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ យកមកសាកសួរ នៅស្នាក់ការនគរបាលប៉ុស្តិ៍ចាក់អង្រែលើ ដើម្បីចាត់ការតាមនីតិវិធី ចំណែកបក្ខពួកជនសង្ស័យឈ្មោះ ង្វៀង យុំាងតាំ បានរត់គេចខ្លួនបាត់ ។

បច្ចុប្បន្នជនសង្ស័យឈ្មោះសុខ ហៃ ហៅ យ៉ាវ ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿង ចាត់តាមនីតិវិធី៕ រក្សាសិទ្ធិដោយ៖សាមេត

×