Tuesday, September 23, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក នេត្រ ភក្ត្រា ៖ យើងរួមគ្នាដាំដើមឈើនៅក្នុងសហគមន៍ ដើម្បីបង្កើនភាពបៃតង ចូលរួមអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះ

ខេត្តត្បូងឃ្មុំ ៖ ក្នុងឱកាសនៃការប្រារព្ធទិវាបរិស្ថានជាតិ និងទិវាបរិស្ថានពិភពលោក ៥មិថុនា ២០២១ នេះ ក្រសួងបរិស្ថាន និងរដ្ឋបាលក្រុងសួង នៃខេត្តត្បូងឃ្មុំ បានសហការដាំដើមឈើ ប្រភេទឈើប្រណិត និងដើមផ្កាដើម្បីបង្កើនភាពបៃតង សម្រាប់ក្រុង និងបណ្តុះស្មារតីប្រជាពលរដ្ឋឱ្យស្រឡាញ់ និងចូលរួមការពារបរិស្ថាន និងអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះ។

«ជីវៈចម្រុះ និងសុខភាពមនុស្ស» ជាប្រធានបទនៃការប្រារព្ធទិវាបរិស្ថាន ឆ្នាំ២០២១នេះ។ កូនឈើប្រណិតចំនួនជាង ១៥០០ ដើម ក្នុងនោះមានកូនឈើគ្រញូងចំនួន ៤០០ដើម ដើមធ្នុងជាង ២០០ដើម និងដើមផ្កាក្ងោកពូជផ្កាពណ៌លឿងចំនួន ៥០០ដើម និងផ្កាអន្ធនេល ចំនួន ៤០០ដើម ត្រូវបានដាំនៅតាមផ្លូវសាធារណៈនានា ក្នុងភូមិសាស្ត្រក្រុងសួង ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១ ក្រោមអធិបតីភាព លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន ដោយមានការចូលរួមពីមន្ត្រីរាជការ ព្រះសង្ឃ សិស្សានុសិស្ស ប្រជាពលរដ្ឋជិត ១០០នាក់។

លោក នេត្រ ភក្ត្រា បានថ្លែងថា សកម្មភាពនៃការដាំដើមឈើ និងដើមផ្កាប្រភេទកម្រនៅថ្ងៃនេះ គឺជាសកម្មភាពមួយដ៏ល្អប្រពៃដែលត្រូវបានឱ្យតម្លៃថាជាការលើកកម្ពស់ការយល់ដឹងពីបរិស្ថាន និងធនធានធម្មជាតិ ហើយរួមគ្នាដាំដើមឈើបន្ថែមនៅក្នុងសហគមន៍ និងចូលរួមការពារនិងអភិរក្សធនធានធម្មជាតិព្រៃឈើ សត្វព្រៃ ជីវៈចម្រុះគ្រប់ប្រភេទ។

រដ្ឋលេខាធិការមានប្រសាសន៍ថា៖ «ការរួមគ្នាដាំដើមឈើតាមសហគមន៍ និងទីប្រជុំជន មិនមែនបង្កើតភាពបៃតង ជាម្លប់ និងការកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុទេប៉ុណ្ណោះទេ តែបានចូលរួមថែរក្សា និងអភិរក្សប្រភេទឈើ ប្រណីតសំខាន់នៅក្នុងសហគមន៍ និងចូលរួមបង្កើនវត្តមានឈើប្រណីតក្នុងប្រទេសកម្ពុជា និងជាការបន្សល់ទុកជាកេរតំណែលសម្រាប់កូនចៅជំនាន់ក្រោយ»។

អ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា នៅរៀងរាល់ឆ្នាំ កូនឈើប្រណិតរួមមានប្រភេទឈើគ្រញូង បេង នាងនួន ធ្នុង គគីរ ឈើទាលជាច្រើនសែនដើម ត្រូវបានអាជ្ញាធរ ប្រជាពលរដ្ឋ ដាំនៅតាមតំបន់នានានៅក្នុងប្រទេសកម្ពុជាទាំងតាមផ្លូវសាធារណៈ តាមសាលារៀន វត្តអារាម និងនៅតាមតំបន់ព្រៃរិចរិលនានា។

មន្ត្រីជាន់ខ្ពស់រូបនេះ បានហៅសកម្មភាពយ៉ាងផុសផុលនៃការដាំដើមឈើនៅទូទាំងប្រទេសនេះថាជា ចលនាស្រឡាញ់បរិស្ថាន និងធនធានធម្មជាតិ និងការចូលរួមយ៉ាងផុសផុលនៃការដាំស្តារព្រៃឈើឡើងវិញ គឺជាកាយវិកានៃការគោរពស្រឡាញ់ និងចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះឱ្យបានគង់វង្សសម្រាប់ជាផលប្រយោជន៍មនុស្សរាប់ជំនាន់តទៅមុខទៀត។

ជាមួយគ្នានេះដែរ លោក នេត្រ ភក្ត្រា បានលើកឡើងថា «ដើមឈើដែលយើងទាំងអស់គ្នាបានដាំនៅថ្ងៃនេះ គឺមានន័យថាកម្ពុជានឹងមានដើមឈើថ្មី បន្ថែមលើធនធានព្រៃឈើដែលយើងមានស្រាប់នៅក្នុងតំបន់ការពារធម្មជាតិដែលយើងទាំងអស់គ្នាត្រូវចូលរួមការពារនិងអភិរក្ស»។

រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងប្រទេសថា៖ «សូមបងប្អូនប្រជាពលរដ្ឋខ្មែរចូលរួមដាំដើមឈើទាំងអស់គ្នា ដើម្បីបង្កើតភាពបៃតង បង្កើនគម្របព្រៃឈើបន្ថែម និងការពារធនធានធម្មជាតិ ព្រៃឈើរបស់កម្ពុជា»។

បើតាមការបញ្ជាក់របស់លោក នេត្រ ភក្ត្រា ប្រទេសកម្ពុជា បាននឹងកំពុងខិតខំប្រឹងប្រែងការពារធនធនធម្មជាតិ ដែលខ្លួនមានដោយបង្កើតតំបន់ការពារធម្មជាតិ និងតំបន់អភិរក្សជាច្រើនកន្លែង ដែលរហូតមកទល់ពេលនេះប្រព័ន្ធតំបន់ការពារពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះជាង ៧០កន្លែង មានផ្ទៃដីជាង ៧,៣លានហិកតា ស្មើប្រមាណជាង ៤១ភាគរយ នៃផ្ទៃដីសរុបរបស់ប្រទេសកម្ពុជា និងស្ថិតក្រោមយុត្តាធិការគ្រប់គ្រង និងអភិរក្សរបស់ក្រសួងបរិស្ថាន។

អ្នកនាំពាក្យវ័យក្មេង និងសកម្មរូបនេះ បានគូសបញ្ជាក់ថា ផ្ទៃដីតំបន់ធម្មជាតិដែលកម្ពុជា ដាក់ជាតំបន់អភិរក្សនេះច្រើនជាង ២ដងនៃគោលការណ៍ជីវៈចម្រុះអាឈី (Archi) ដែលកំណត់ថាប្រទេសនីមួយៗ ត្រូវរក្សាដីអភិរក្ស ១៧ភាគរយ នៃផ្ទៃដីប្រទេស។

រដ្ឋលេខាធិការក្រសួងបរិស្ថាន បានគូសបញ្ជាក់បន្ថែម ពីសារៈសំខាន់នៃការដាំដុះព្រៃឈើបន្ថែមថ្មីនេះ គឺបានដើរតួនាទីសំខាន់ដើម្បីបង្កើតបរិស្ថានបៃតងសម្រាប់ភូមិឃុំ សហគមន៍ និងដើម្បីជាដំណោះស្រាយចំពោះបញ្ហាបង្កឡើងដោយការប្រែប្រួលអាកាសធាតុ។ ការប្រែប្រួលអាកាសធាតុ ដែលបាននឹងកំពុងបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ពិភពលោក ហើយកម្ពុជាមិនមែនជាប្រទេសដែលបង្កឱ្យមានការប្រែប្រួលអាកាសធាតុឡើយ តែបាននិងកំពុងរងនូវផលប៉ះពាល់ដោយការប្រែប្រួលអាកាសធាតុជាក់ស្តែងដូចជារដូវវស្សាចាប់ផ្តើមយឺត ភ្លៀងមិនទៀងទាត់ ភាពរាំងស្ងួត ឬទឹកជំនន់ ធ្វើឱ្យមានការប្រែប្រួលនៃរបបទឹកនៃទន្លេមេគង្គ និងទន្លេសាប និងធ្វើឱ្យខូចផលដំណាំប្រជាពលរដ្ឋជាដើម។

ក្រុងសួងនៃខេត្តត្បូងឃ្មុំ គឺជាក្រុងមួយក្នុងចំណោមក្រុង ស្រុកនៃប្រទេសកម្ពុជា ដែលសកម្មលើការបង្កើតគម្របបៃតង និងចូលរួមថែរក្សាអភិរក្សធនធានធម្មជាតិដោយ ក្នុងនោះ បើតាមការបញ្ជាក់របស់លោក ជា ណារ៉ុន អភិបាលក្រុងសួង ដើមឈើប្រណីតរួមមានដើមគ្រញូង ធ្នុង នាងនួន រួមនឹងដើមផ្កាក្ងោកលឿង និងដើមអន្ធនេលជាង ៣០០០ដើម ហើយដែលត្រូវបានដាំនៅតាមដងផ្លូវនានាក្នុងក្រុងសួង។
រដ្ឋបាលក្រុងនឹងបន្តដាំដើមឈើបន្ថែមទៀតនៅឆ្នាំខាងមុខ។

ជាមួយគ្នានេះ លោកអភិបាលក្រុងសួងក៏បានថ្លែងអំណរគុណចំពោះលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដែលបានគាំទ្រគំនិតផ្តួចផ្តើមរបស់រដ្ឋបាលក្រុង និងផ្តល់នូវកូនឈើប្រណីតរួមនឹងដើមផ្កាក្ងោកពណ៌លឿង និងដើមអន្ធនេលដើម្បីដាំក្នុងក្រុងផងដែរ៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×