Tuesday, July 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ ៖ អនុព័ន្ធយោធាអាមេរិក ដាក់សំណើមកភាគីកម្ពុជា អំពីការចុះទៅពិនិត្យមើល ទីតាំងកំពង់ផែរាម

ភ្នំពេញ​ ៖ យោងតាមប្រភពដែលគួរឲ្យជឿទុកចិត្តបានបង្ហើបប្រាប់ CEN ថា ភាគីអនុព័ន្ធយោធារបស់សហរដ្ឋអាមេរិក បានដាក់សំណើមកក្រសួងការពារជាតិកម្ពុជាជាផ្លូវការហើយ អំពីការចុះទៅពិនិត្យមើលទីតាំងកំពង់ផែរាម។ ប៉ុន្តែប្រភពមិនបានបញ្ជាក់អំពីកាលបរិច្ឆេទនៃការចុះទៅនោះទេ។

ការដាក់សំណើរបស់អនុព័ន្ធយោធា របស់សហរដ្ឋអាមេរិក បានធ្វើឡើងបន្ទាប់ពីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឯកភាព និងអនុញ្ញាតឲ្យអនុព័ន្ធយោធារបស់អាមេរិក ចុះទៅមើលកំពង់ផែរាម ក្រោយជំនួបជាមួយលោកស្រី Wendy R. Sherman អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ កន្លងមកនេះ។

មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិបានបញ្ជាក់ប្រាប់ CEN ថា អនុព័ន្ធយោធារបស់សហរដ្ឋអាមេរិក បានជូនដំណឹងមកហើយ អំពីការចុះទៅទីតាំងកំពង់ផែរាមនៅពេលខាងមុខនេះ ហើយគេត្រូវតែចុះទៅហើយ។

ចំណែកសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិបានមានប្រសាសន៍ថា “ដូចជាមិនទាន់ច្បាស់ទេ ខ្ញុំមិនទាន់បានទទួលជាផ្លូវការនៅឡើយទេ ប៉ុន្តែបន្តិចទៀតដឹងថ្ងៃគេ (អនុព័ន្ធយោធារបស់សហរដ្ឋអាមេរិក) ទៅហើយ ត្រូវតែទៅហើយ”។

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានមានប្រសាសន៍ប្រាប់CEN កាលពីថ្ងៃទី៣ ខែមិថុនា ថា នៅពេលដែលលោកស្រី Wendy R. Sherman អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ជួបពិភាក្សាជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីរសៀលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ បានសំណូមសុំឲ្យអនុព័ន្ធយោធា របស់អាមេរិក ចុះទៅពិនិត្យនៅកំពង់ផែរាមរបស់កម្ពុជា គឺសម្តេចនាយករដ្ឋមន្ត្រីបានឯកភាព និងអនុញ្ញាតឲ្យអនុព័ន្ធយោធារបស់អាមេរិកចុះទៅកំពង់ផែរាម ហើយការចុះទៅនេះគឺមិនមានបញ្ហាអ្វីទេ ប៉ុន្តែសូមឲ្យខាងអនុព័ន្ធយោធារបស់អាមេរិក ចុះទៅពេលណាប្រាប់មកខាងកម្ពុជា ដើម្បីជូនពួកគាត់ទៅមើលតាមអ្វីដែលត្រូវការមើល។

សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍បន្តថា ចំពោះការអភិវឌ្ឍកំពង់ផែរាមរបស់កម្ពុជាឱ្យទំនើបជាងមុន គឺមិនមែនសហរដ្ឋអាមេរិកមិនដឹងទេ ក៏ប៉ុន្តែសហរដ្ឋអាមេរិកនៅតែចិញ្ចឹមចិត្តថា កម្ពុជាបានផ្តល់កំពង់ផែរាម ឲ្យប្រើប្រាស់ផ្តាច់មុខទៅខាងចិន ប៉ុន្តែរឿងនេះដែលវាមិនមានហេតុការណ៍នេះទាល់តែសោះ ដែលសហរដ្ឋអាមេរិកយល់របៀបនេះ។ ដូច្នេះមិនដឹងជាទៅហាមឃាត់គេរបៀបណាទេ បើគេចង់យល់របៀបនឹងទៅហើយ។

ប្រមុខការពារជាតិកម្ពុជាបានបញ្ជាក់ថា “ការធ្វើកំពង់ផែរាមនេះ គឺច្បាស់ណាស់យើងនឹងមានការអភិវឌ្ឍន៍ និងកំពុងប្រុងប្រៀងបអភិវឌ្ឍន៍កំពង់ផែរាម គឺច្បាស់ណាស់យើងនឹងអភិវឌ្ឍន៍ ពីព្រោះការអភិវឌ្ឍន៍វាត្រូវតែរៀបចំលក្ខណៈសម្បត្តិ ឲ្យបានជាមុនដើម្បីត្រៀមធ្វើការអភិវវឌ្ឍន៍ ទាំងការរៀបចំទីកន្លែង និងចាំបាច់ត្រូវតែបូមស្តារឲ្យវាមានជម្រៅទឹក រៀបចំធ្វើផែ ធ្វើរោងជាងសម្រាប់ជួសជុលនាវា ហើយសំណង់ធំៗណាស់ដែលត្រូវធ្វើ ដើម្បីបម្រើឲ្យមូលដ្ឋានយោធារាមរបស់កម្ពុជាគឺមានការរីកចំរើន និងមានការអភិវឌ្ឍន៍មានកម្រិតទៀត”។

សម្តេចពិជ័យសេនា ទៀ បាញ់ បានសង្កត់ធ្ងន់ថា រឿងនេះមិនមានអ្វីចម្លែកទាល់តែសោះ គ្រាន់តែការធ្វើកំពង់ផែរាមរបស់កម្ពុជា គឺកម្ពុជាស្វះស្វែងរកដៃគូរដើម្បីជួយអភិវឌ្ឍន៍ ដោយសារកម្ពុជាពុំមានលទ្ធភាពធ្វើដោយខ្លួនឯងបានភ្លាមៗ
​ទៅតាមតម្រូវការនៃការអភិវឌ្ឍន៍នោះបាន កម្ពុជាក៏ស្វែងរកដៃគូរ ហើយវាក៏មិនមានរឿងអ្វីចម្លែកដែរ។ ហើយការចោទប្រកាន់ថា កម្ពុជាឲ្យកំពង់ផែរាមទៅចិន គឺខុសពីការពិតឆ្ងាយណាស់ ការបង្កើតនៅការរារាំងអំពីការអភិវឌ្ឍន៍របស់កម្ពុជាយ៉ាងជាក់លាក់តែម្តង។

សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា ភាគីចិនដែលជាមិត្តដែកថែប បានជួយអភិវឌ្ឍកំពង់ផែរាម របស់កម្ពុជាឱ្យទំនើបជាងមុនដោយមិនមានចំណង ហើយបន្ទាប់ពីសង់រួចទុកឲ្យកម្ពុជា ជាអ្នកប្រើប្រាស់ដោយអនុវត្តស្របតាមរដ្ឋធម្មនុញ្ញ មិនមែនសម្រាប់ផ្តាច់មុខឲ្យចិននោះទេ។ ការរួមចំណែកក្នុងការអភិវឌ្ឍកំពង់ផែរាមនេះ ដើម្បីលើកកម្រិតវិស័យការពារជាតិកម្ពុជា ខាងផ្នែកសមុទ្រ ឬឱ្យកម្ពុជាមានមូលដ្ឋាន ដើម្បីមានកន្លែងសមរម្យ មានរោងជាងសម្រាប់ជួសជុលបណ្តានាវាខាងសមុទ្រ មានផែសម្រាប់ចតនាវាឱ្យបានសមរម្យ។ សព្វថ្ងៃនេះ គឺឃើញច្បាស់ហើយ ទឹកវារ៉ាក់តូច អត់មានរោងជាងទេ ដូច្នេះគេមកជួយនេះ កម្ពុជាដឹងគុណណាស់ អរគុណគេ ហើយជំនួយនេះមានការជជែកវែកញែកគ្នាច្បាស់លាស់ គេជួយដោយអត់មានចំណងទេ។

នៅក្នុងជំនួបជាមួយ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទលោក ម៉ាកូស ហ្វេរ៉ារ៉ា នាយការិយាល័យអនុព័ន្ធយោធាសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា បានបញ្ជាក់ថា កាលពីសប្តាហ៍មុន រូបលោកបានទៅមូលដ្ឋានសមុទ្ររាម ហើយបានឃើញសារព័ត៌មានចុះផ្សាយ នៅទំព័រមុខថា កងទ័ពសហរដ្ឋអាម៉េរិក បានចុះទៅត្រួតពិនិត្យនៅសមុទ្ររាម ដែលធ្វើឲ្យលោកមានអារម្មណ៍ថា ទំនាក់ទំនងកម្ពុជា-អាម៉េរិក ហាក់ដូចជាមានការប្រែប្រួល ។ លោកវរសេនីយ៍ឯក បានមានសង្ឃឹមថា ទៅថ្ងៃខាងមុខទំនាក់ទំនង រវាកងទ័ពប្រទេសទាំងពីរ នឹងអាចត្រឡប់ មកល្អដូចពីពេលមុនវិញ តាមរយៈការបន្តគោរពគ្នាទៅវិញទៅមក ។ ការបន្តអនុវត្តអនុសាសន៍សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានៅក្នុងការកសាងទំនុកចិត្តគ្នា៕ រក្សាសិទ្ធិដោយៈ ចេស្តារ

×