នេះជារឿងមួយថ្មីប្លែកទៀតហើយ ខណៈដែលស្រ្តីវ័យចំណាស់ម្នាក់ ដែលត្រូវបានប្រកាសថាស្លាប់ដោយសារជំងឺកូវីដ-១៩ បានធ្វើឲ្យក្រុមគ្រួសារ សាច់ញាតិ ស្រឡាំងកាំងគ្រប់ៗគ្នា ខណៈគាត់បានមកដល់ផ្ទះជ្រងោៗ ក្រោយពីពួកគេនាំគ្នាធ្វើបុណ្យ និងបូជាសពរួច អស់រយៈពេល ២ សប្តាហ៍។ នោះមានន័យថា ដោយសារវិធានការគម្លាតសង្គមយ៉ាងតឹងរ៉ឹង មិនអាចបើកមុខមើលបាន ទើបគ្រួសារធ្វើបុណ្យ និងបូជាច្រឡំសពសាច់ញាតិដទៃ។

ក្រុមគ្រួសាររបស់អ្នកស្រី Muktyala Girijamma ត្រូវបានគេប្រាប់នៅថ្ងៃទី១៥ ខែឧសភា ថា អ្នកស្រីបានស្លាប់ដោយសារជំងឺកូវីដ ប៉ុន្តែដោយសារវិធានការឃ្លាតឆ្ងាយពីសង្គម ជាហេតុធ្វើឲ្យពួកគេអាចមើលឃើញសាកសពបានត្រឹមតែពីចម្ងាយប៉ុណ្ណោះ ហើយសពត្រូវរុំប្លាស្ទីករហូតដល់កន្លែងបូជា។
ក្មួយប្រុសរបស់ស្រ្តីវ័យ ៦០ ឆ្នាំ រូបនេះ ដែលមានឈ្មោះថា Nagu បានប្រាប់អ្នកយកព័ត៌មានថា នៅពេលពួកគេព្យាយាមទៅសួរសុខទុក្ខគាត់ នៅមន្ទីរពេទ្យរដ្ឋទូទៅ Vijayawada ពួកគេត្រូវបានប្រាប់ថា គាត់បានស្លាប់ហើយ។
លោក Nagu ក៏បាននិយាយថា «គ្រូពេទ្យទទួលបន្ទុកនៅថ្ងៃនោះ មិនបានជូនដំណឹងដល់ពួកខ្ញុំថា គាត់ត្រូវបានប្តូរទៅបន្ទប់ផ្សេងនោះទេ ហើយប្រាប់ថា គាត់បានចុះចាញ់នឹង Covid ហើយ។ បន្ទាប់មក យើងក៏បានទៅកន្លែងតម្កល់សព ដើម្បីស្វែងរកសាកសពរបស់គាត់ ហើយគេក៏បានប្រគល់សពរបស់ស្រ្តីផ្សេង។ ដោយសារមិនអាចផ្ទៀងផ្ទាត់សាកសពបាន ពួកយើងក៏បានយកសពនោះទៅផ្ទះ ហើយធ្វើពិធីចុងក្រោយ»។

ក្រោយបូជាសពស្រ្តីផ្សេងរួច Nagu បាននិយាយទាំងហួសចិត្តថា៖ «ឥឡូវនេះ យើងមិនដឹងថា យើងបានបូជាសពអ្នកណាទេ»។
អ្នកស្រី Muktyala បានជាសះស្បើយពីជំងឺកូវីដ និងបានចាកចេញពីមន្ទីរពេទ្យវិញ ដោយជ្រើសរើសការដើរ វិលត្រឡប់មកភូមិ Christianpet ក្នុងស្រុក Krishna វិញ កាលពីថ្ងៃពុធ (ទី២ ខែមិថុនា ឆ្នាំ២០២១) ហើយបាននិយាយទៅកាន់ក្រុមគ្រួសារទាំងអារម្មណ៍មិនសប្បាយចិត្តនោះ ព្រោះគ្មានកូនចៅណា ទៅយកគាត់ចេញពីមន្ទីរពេទ្យសោះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង