កំពង់ស្ពឺ ៖ អាជីវករលក់ដូរនៅផ្សារសុវត្ថិភាពបណ្តោះអាសន្ននៃខេត្តកំពង់ស្ពឺ បានត្អូញត្អែរថា លក់ដូរមិនសូវដាច់ គ្មានអ្នក ចូលទិញ ខណៈអ្នកគ្រប់គ្រង មិនព្រមប្រមូលក្រុម អ្នកលក់ដូរ នៅខាងក្រៅឱ្យចូលមកលក់ជុំគ្នានៅក្នុងផ្សារមួយនេះ។

ថ្ងៃទី០៤ ខែមិថុនា ឆ្នាំឆ្នាំ២០២១នេះ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត បានដឹកនាំមន្ត្រីក្រោមឱវាទចុះពិនិត្យ សួរសុខទុក្ខ ក្រុមអាជីវករលក់ដូរ និង ទិញទំនិញ នៅផ្សារសុវត្ថិភាពបណ្ដោះអាសន្ននេះ ដើម្បីបង្ហាញពីការគាំទ្រ និងលើកទឹកចិត្តដល់អាជីវករ ដែលទៅលក់តាម ការណែនាំ របស់ក្រសួងសុខាភិបាល ដោយរក្សា គម្លាតរវាងអ្នកលក់ និងអ្នកលក់ ព្រមទាំងអ្នកលក់ និងអ្នកទិញ។
ក្នុងឱកាសចុះពិនិត្យនេះ អាជីវករ បានត្អូញត្អែរថា ការលក់ដូរមិនសូវដាច់ ពីព្រោះមិនសូវមានអ្នកចូលទិញ ពិសេសម៉ូយៗ ដែលធ្លាប់ទិញ បែរជាទៅទិញនៅម្តុំខាងកើតផ្សារកំពុងស្ពឺវិញ ជាកន្លែងដែលមិនរៀបរយ លក់ដូរនៅលើផ្លូវសាធារណៈ លក់ដូរនៅតាមសំយាបផ្ទះគេ ជាដើម។ ក្រុមអាជីវករលក់ដូរនៅក្នុងផ្សារសុវត្ថិភាពបណ្តោះអាសន្នធ្វើការសំណូមពរដល់ អ្នកគ្រប់គ្រងផ្សារ លោកអភិបាលក្រុងច្បារមន និងជាពិសេសសំណូមពរដល់ ឯកឧត្តម វុី សំណាង អភិបាលខេត្តកំពង់ស្ពឺ សូមជួយប្រមូលក្រុមអ្នកលក់ដូរ តាមផ្លូវ តាមចំយាបផ្ទះគេ ឲ្យចូលមកលក់ដូរក្នុងផ្សារសុវត្ថិភាពបណ្តោះអាសន្នឱ្យបានជុំគ្នា កាលណាមានអ្នកលក់នៅខាងក្រៅផ្សារអញ្ចឹងគឺលក់ដូរមិនដាច់ទេ។

ជាមួយគ្នានេះ ឯកឧត្តម វ៉ី សំណាង បានកោតសរសើរចំពោះអ្នកគ្រប់គ្រងផ្សារសុវត្ថិភាពបណ្តោះអាសន្ន ដែលគ្រប់គ្រង បានល្អ ដោយរៀបចំ អោយក្រុមអាជីវករលក់ដូរ រក្សាគម្លាតគ្នា ពាក់ម៉ាស់បានត្រឹមត្រូវ មានទាំងឆ័ត្របាំងកម្តៅ ហើយអ្នក ចូលមកទិញ ម្ហូបអាហារ ត្រី សាច់ បន្លែ មានកន្លែងវាស់កំដៅ បាញ់អាល់កុល មុនចូលផងដែរ។ ការរៀបចំ កន្លែងបានល្អ មានអនាម័យ កន្លែងធំទូលាយ អាចឱ្យបងប្អូនជាអាជីវករនិងអតិជន ដែលចេញចូលទិញ ក្នុងផ្សារនេះអាច គេចផុត ពីការចម្លងជំងឺកូវីដ-១៩។
ជុំវិញការសំណូមពររបស់បងប្អូនអាជីវករនេះ ឯកឧត្តម បានលើកឡើងថា គណៈបញ្ជាការឯកភាពក្រុង បានព្យាយាមក្នុង ការរៀបចំនិងដេញមិនឱ្យមានការលក់ដូររហេតរហូតទេនៅទីសាធារណៈទេព្រោះវាប៉ះពាល់ដល់សោភ័ណ សណ្តាប់ធ្នាប់ សាធារណៈនិងពិសេសការប្រមូលផ្តុំលក់នៅទីតាំងហាមឃាត់នោះក៏ងាយបង្កហានិភ័យខ្លាំងដែរក្នុងការចម្លងមេរោគកាចសាហាវនានាពិសេសជំងឺកូវីដ ១៩នដែលកំពុងគំរាមគំហែង អាយុជីវិតបងប្អូន ប្រជាពលរដ្ឋ យើងរាល់ថ្ងៃ។ តែទោះជាយ៉ាងរដ្ឋ បាលខេត្ត និងបន្តគៀងគរមិនអនុញាត្តិឱ្យលក់ដូរក្នុងសណ្ឋានភាពមិនរៀបរយដូច្នេះទេ៕ រក្សាសិទ្ធិដោយ ៖ CEN

