ភ្នំពេញ ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានចេញលិខិតមួយច្បាប់ដោយបានស្នើទៅលោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ សុំជួយអន្តរាគមន៍ទៅកាន់វិទ្យុអាស៊ីសេរី (RFA) ធ្វើការកែសម្រួលការផ្សាយព័ត៌មានមិនពិតស្តីពីបញ្ហាជម្លោះដីធ្លីនៅខេត្តក្រចេះ តាមរយៈស្ថានទូតសហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា។
បើតាមលិខិរបស់ក្រសួងព័ត៌មាន ៖ ការស្នើសុំនេះ យោងតាមការឆ្លើយបំភ្លឺរបស់អ្នកស្រីទិន សុភ័ក្រ សាក្សីកន្លែងកើតហេតុដែលបានសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី កាលពីថ្ងៃទី៨ខែមីនាឆ្នាំ២០១៨។
ក្នុងលិខិតផ្ញើជូនលោក ប្រាក់ សុខុន នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨នេះ លោក ខៀវ កាញារីទ្ធ បានបញ្ជាក់ថា ហេតុការណ៍ហឹង្សាទំនាស់ដីធ្លីដែលបានកើតឡើងនៅស្រុកស្នួល ខេត្តក្រចេះ គឺជាផែនការរបស់វិទ្យុអាស៊ីសេរី ដែលតែងតែឃុបឃិតជាមួយគណបក្សប្រឆាំងរៀបចំឡើងជាបន្តបន្ទាប់បំផុសឲ្យប្រជាពលរដ្ឋប្រឆាំងនឹងរាជរដ្ឋាភិបាល និងអាជ្ញាធរមានសមត្ថកិច្ចបង្កឲ្យមានអំពើហឹង្សាកើតឡើង ដើម្បីទម្លាក់កំហុស និងប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់។ នេះជាអំពើបំពានច្បាប់ អសីលធម៌ គ្មានវិជ្ជាជីវៈ និងជាចេតនាទុច្ចរិតរបស់អ្នកគ្រប់គ្រងវិទ្យុអាស៊ីសេរី ដែលតែងតែបានបង្កើតបញ្ហាជាបន្តបន្ទាប់ម្តងហើយម្តងទៀត ដោយធ្វើ សកម្មភាពញុះញង់បង្កឲ្យកើតមានអំពើហឹងស្សា ការរើសអើង បង្កចលាចលសង្គម ដែលអាចបណ្តាលឲ្យអន្តរាយដល់សន្តិសុខជាតិ និងអរិភាពជាមួយប្រទេសដទៃផងដែរ។
លោកបន្តថា ក្រោយហេតុការណ៍ទំនាស់ហឹង្សាដីធ្លីកើតឡើង ក្រុមអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី នៅក្នុងស្រុក ដែលមានឈ្មោះអេង ជាខ្លោង និងឈ្មោះជុន ចាន់បុត្រ ជាអនុប្រធានវិទ្យុអាស៊ីសេរី នៅសហរដ្ឋអាមេរិក បានប្រាប់ឲ្យអ្នកស្រីគិន សុភ័ក្រ ទទួលទូរស័ព្ទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី ហើយបានបង្គាប់ឲ្យរាយការណ៍ថាមានប្រជាពលរដ្ឋចំនួន៦នាក់ បានស្លាប់ និងរងរបួសចំនួន៤០នាក់ នៅក្នុងហេតុការណ៍ហឹង្សាទំនាស់ដីធ្លីនៅស្រុកស្នួល ខេត្តក្រចេះ កាលពីថ្ងៃទី៨ខែមីនាឆ្នាំ២០១៨កន្លងមកនេះ។
លោករដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បានថ្លែងថា វិទ្យុអាស៊ីសេរី តែងព្យាយាមឃុបឃិតជាមួយគណបក្សប្រឆាំងប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាស្របច្បាប់ ដែលមិនអាចអត់ឱនបាន និងត្រូវតែកែតម្រូវការផ្សាយព័ត៌មានរបស់ខ្លួនឲ្យបានសុក្រឹត្យ ត្រឹមត្រូវ យុត្តិធម៌ ឈរលើមូលដ្ឋានការពិត មិនលំអៀង មានតុល្យភាព តាមក្រមសីលធម៌ វិជ្ជាជីវៈ ប្រកបដោយភាពថ្លៃថ្នូរ និងមានការទទួលខុសត្រូវក្នុងនាមជាសារព័ត៌មានប្រទេសជឿនលឿន គោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។ ដូច្នេះសូមលោកទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស ជួយធ្វើអន្តរាគមន៍ឲ្យវិទ្យុអាស៊ីសេរី ធ្វើការកែតម្រូវការផ្សាយព័ត៌មានអំពីទំនាស់ដីធ្លីនៅខេត្តក្រចេះ ដោយក្តីអនុគ្រោះ៕ ដោយ ៖ បញ្ញាស័ក្តិ