កំពង់ស្ពឺ ÷ ទំនប់អាងទឹកចំការតែ មានទីតាំងស្ថិតនៅលើខ្នងភ្នំគិរីរម្យ ក្នុងឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលរងការខូចខាតដោយសារទឹកជំនន់ទឹកភ្លៀងក្នុងឆ្នាំ ២០២០ កន្លងទៅ ពេលនេះត្រូវបាន លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ដឹកនាំមន្ត្រីនាយកដ្ឋានវិស្វកម្ម , មន្ត្រីនាយកដ្ឋានធារាសាស្ត្រកសិកម្ម មន្ត្រីបច្ចេកទេស និងមន្ត្រីនៃមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ស្ពឺ អញ្ជើញចុះពិនិត្យការដ្ឋានគម្រោងស្តារឡើងវិញ សម្រាប់ប្រើប្រាស់លើការស្តុកទឹក នឹងទប់ទឹកនារដូវវស្សាឆ្នាំ២០២១នេះ។
សូមបញ្ជាក់ថា ទំនប់អាងទឹកចំការតែនេះមានកម្រិតរក្សាទឹកអតិបរមាប្រមាណ ៧លានម៉ែត្រគូបនេះ ត្រូវបានគេពិនិត្យឃើញខូចខាតដោយសារ ជំនន់ទឹកភ្លៀង ហូរច្រោះបាក់ដាច់ត្រង់ចំណុចសំណង់ខ្នងទំនប់ចាស់ ដែលបានបន្សល់ទុកតាំងពីសម័យសង្គម និងដោយសាររងឥទ្ធិពលពីព្យុះ បានកើតមានបន្តបន្ទាប់ រួមជាមួយបរិមាណទឹកភ្លៀងធ្លាក់ដ៏ច្រើនលើសលប់កាលពីអំឡុងខែតុលា ឆ្នាំ២០២០។
ជាមួយនឹងការចុះពិនិត្យសំណង់ការដ្ឋានប្រព័ន្ធធារាសាស្ត្រនេះផងដែរ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានណែនាំដល់ក្រុមមន្ត្រីនៃមន្ទីរពាក់ព័ន្ធ ជាពិសេស មន្ទីរធនធានទឹក និងឧតុនិយម ត្រូវបន្តតាមដាន និងសហការជាមួយអាជ្ញាធរមូលដ្ឋានឱ្យបានជិតស្និទ្ធ ធ្វើយ៉ាងណាឲ្យសំណង់ទំនប់ផ្សេងៗ មានគុណភាពរឹងមាំយូរអង្វែង ដើម្បីបម្រើជាប្រយោជន៍ដល់ការងារបង្កបង្កើនផល ការផ្តត់ផ្គង់ទឹកសម្រាប់ប្រើប្រាស់ដល់ជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងរមណីយដ្ឋានទេសចរណ៍នានា ក្នុងតំបន់ផងដែរ។
ក្រៅពីការស្ដារជួសជុលឡើងវិញនូវទំនប់អាងទឹកចំការតែនេះ បើតាមការពិនិត្យទៅលើប្រព័ន្ធធារាសាស្ត្រផ្សេងៗថា នៅដើមឆ្នាំ២០២១នេះ ក្រសួងធនធានទឹក និងឧតុនិយម បានធ្វើការជួសជុលកែរលម្អសំណង់ចាស់ និងកសាងសំណង់ថ្មី ជាបេតុងអាមេបន្ថែម ដែលទើបសាងសង់រួចនាពេលនេះ រួមមាន ៖
- ស្តារឡើងវិញទំនប់ប្រវែង៨០ម៉ែត្រ ជើងទេរទំនប់ប្រវែង ១២០ម៉ែត្រ,
- សាងសង់សំណង់ស្នូលបេតុង ០១កន្លែង ,
- សាងសង់សំណង់លូជ្រុង(ទ្វារ២) ០១កន្លែង ,
- ជួសជុលកន្ទុយសំណង់បង្ហៀរ ០១កន្លែង ,
- ជួសជុលសំណង់បង្ហៀរ ០១កន្លែង ៕ ពិសិដ្ឋ CEN