ភ្នំពេញ ៖ ឯកឧត្តម ជិន ម៉ាលីន អនុប្រធាន និងជាអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១ បានថ្លែងថា សេចក្តីថ្លែងការណ៍រួម របស់អង្គការទាំង២០ អំពាវនាវដល់រដ្ឋាភិបាលឱ្យដោះលែង អ្នកទោសមនសិការទាំងអស់ គឺមិនសមស្រប ខុសនឹងនីតិច្បាប់និងរដ្ឋធម្មនុញ្ញកម្ពុជា និងមានចរិតជានយោបាយ ដោយមូលហេតុចំនួន៥ ដូចខាងក្រោម៖
១. ផ្អែកតាមរដ្ឋធម្មនុញ្ញនិងគោលការណ៍នៃការបែងចែកអំណាចក្នុងសង្គមប្រជាធិបតេយ្យ រដ្ឋាភិបាលមិនមានអំណាចដោះលែងអ្នកជាប់ឃុំដែលស្ថិតក្រោមសមត្ថកិច្ចរបស់តុលាការនោះទេ ហើយក៏គ្មានបុគ្គលឬស្ថាប័នណាអាចបង្គាប់បញ្ជាតុលាការដែលជាស្ថាប័នឯករាជ្យបាននោះដែរ។

២. នៅកម្ពុជា មិនមានអ្នកទោសនយោបាយ ឬអ្នកទោសមនសិការដូចការលើកឡើងរបស់អង្គការទាំង២០នេះទេ គឺមានតែអ្នកនយោបាយដែលមានទោសដោយសារតែបានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ។ នៅកម្ពុជា ការបញ្ចេញមតិដោយសន្តិវិធី គឺជាសិទ្ធិ មិនមែនជាបទល្មើសនោះទេ តែផ្ទុយទៅវិញ ការបញ្ចេញមតិដែលប៉ះពាល់ដល់សិទ្ធិអ្នកដ៏ទៃ សិន្តិសុខជាតិ និងសណ្តាប់ធ្នាប់សាធារណៈ ជាដើម។ល។ គឺជាបទល្មើស មិនមែនជាការអនុវត្តសិទ្ធិនោះទេ ចំណែកឯអ្នកដែលប្រព្រឹត្តអំពើល្មើសទាំងនេះ ក៏ត្រូវទទួលទោសតាមផ្លូវច្បាប់ផងដែរ និងមិនត្រូវបានចាត់ទុកជាអ្នកទោសមនសិការដូចការលើកឡើងរបស់អង្គការទាំង២០នេះទេ។

៣. ការអំពាវនាវឱ្យដោះលែងអ្នកទោស របស់អង្គការទាំង២០នេះ ដើម្បីដោះស្រាយភាពចង្អៀតណែនក្នុងពន្ធនាគារ ដោយមិនផ្អែកលើមូលដ្ឋាននិងនីតិវិធីច្បាប់ដែលមានជាធរមាន មិនមែនជាវិធានការសមស្របនោះទេ តែផ្ទុយទៅវិញ វានឹងនាំឱ្យមានផលប៉ះពាល់ជាអវិជ្ជមានដល់សន្តិសុខនិងសណ្តាប់ធ្នាប់សង្គមទៅវិញទេ។ មានតែការដោះលែងដោយផ្អែកតាមនីតិវិធីច្បាប់ដែលមានជាធរមានទេ ហើយដែលបានអនុវត្តជាហូរហែនាពេលកន្លងមកផងដែរ ដូចជាវិធានការដោះលែងដែលបានប្រើប្រាស់ក្នុងយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមតុលាការរបស់ក្រសួងយុត្តិធម៌ និងវិធានការនៃការលើកលែងទោសនិងបន្ធូរបន្ថយទោសរបស់រដ្ឋាភិបាលដែលធ្វើជារៀងរាល់ឆ្នាំ ជាដើម។ល។ ទើបអាចធានាបាននូវសន្តិសុខសង្គម និងកាត់បន្ថយការកើនឡើងជាគំហុកនៃចំនួនអ្នកជាប់ឃុំក្នុងពន្ធនាគារ។

៤. ចំណែកឯការដោះលែងអ្នកជាប់ឃុំតាមការអំពាវនាវរបស់អង្គការទាំង២០នេះ ដើម្បីដោះស្រាយបញ្ហានៃការឆ្លងកូវវីដ-១៩ក្នុងពន្ធនាគារ ក៏មិនមែនជាវិធានការសមស្របនិងមានប្រសិទ្ធភាពនោះដែរ តែផ្ទុយទៅវិញ មានតែវិធានការសុខាភិបាល និងវិធានការរដ្ឋបាលនៃការគ្រប់គ្រងពន្ធនាគារឱ្យបានហ្មត់ចត់នោះទេ ដែលក្រសួងសុខាភិបាលនិងអគ្គនាយកដ្ឋានពន្ធនាគារបាននិងកំពុងអនុវត្ត ទើបជាវិធានការសមស្រប និងអាចធានាបាននូវសន្តិសុខសង្គមនិងប្រសិទ្ធភាពនៃទប់ស្កាត់ការឆ្លងរាលដាលកូវវីដ-១៩នេះក្នុងពន្ធនាគារ។
៥. ការអំពាវនាវដែលផ្ទុយទៅនឹងច្បាប់ និងមានចរិតជានយោបាយបែបនេះ នឹងមិនអាចជួយការពារដល់អ្នកជាប់ឃុំទាំងអស់នោះបានទេ តែផ្ទុយទៅវិញ មានតែការចូលរួមក្នុងដំណើរការនីតិរបស់តុលាការទេ ហើយធ្វើការការពារខ្លួនតាមផ្លូវច្បាប់ ទើបជាមធ្យោបាយស្របច្បាប់តែមួយគត់ក្នុងការការពារដល់ក្រុមគោលដៅទាំងនោះ នៅក្នុងសង្គមប្រជាធិបតេយ្យនីតិរដ្ឋ។
សូមបញ្ជាក់ថា អង្គការចំនួន២០សេចក្តីថ្លែងការណ៍រួម ការស្នើសុំតុលាការ និងរាជរដ្ឋាភិបាលកម្ពុជា ពិចារណាដោះលែងអ្នកទោសមនសិការទាំងអស់។ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ យោងតាមរបាយការណ៍ថ្មីៗស្តីពីជំងឺកូវីដ១៩ នៅក្នុងពន្ធនាគារកម្ពុជា យើងខ្ញុំជាសហជីព និងអង្គការសង្គមស៊ីវិលដែលមានដូចខាងក្រោមសូមអំពាវនាវសាជាថ្មីដល់រាជរដ្ឋាភិបាលកម្ពុជាឱ្យដោះលែងអ្នកទោសមនសិការទាំងអស់ដែលត្រូវបានឃុំខ្លួននៅក្នុងព្រះរាជាណាចក្រកម្ពុជា។
អ្នកទោសមនសិការ គឺជាបុគ្គលដែលត្រូវបានគេចាប់ដាក់គុកដោយសារតែការបញ្ចេញមតិដោយសន្តិវិធីទាក់ទងនឹងបញ្ហានយោបាយ, សង្គម, ជំនឿសាសនា ឬជំនឿផ្សេងទៀតតាមមនសិការ ឬអត្តសញ្ញាណរបស់ពួកគេ។ ស្ទើរតែអ្នកទោសមនសិការទាំងអស់ដែលបានជាប់ពន្ធនាគារនៅក្នុងប្រទេសកម្ពុជាបានប្រឈមមុខនឹងការចោទប្រកាន់ និងការដាក់ទោសពីបទញុះញង់ដូចគ្នា។
សុវត្ថិភាព និងសុខភាពរបស់អ្នកទោសទាំងអស់រួមទាំងអ្នកទោសមនសិការផងដែរ គឺជាទំនួលខុសត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា។ ការទទួលខុសត្រូវនេះមិនត្រឹមតែចេញពីតួនាទីរបស់ខ្លួនជាអាជ្ញាធរប៉ុណ្ណោះទេ ប៉ុន្តែពីនិយាម និងបទដ្ឋានអន្តរជាតិដែលបានកំណត់បទប្បញ្ញត្តិក្នុងពន្ធនាគារដូចជា វិធានបទដ្ឋានអប្បបរមារបស់អង្គការសហប្រជាជាតិស្តីពីការប្រព្រឹត្តចំពោះអ្នកទោស និងវិធានបទដ្ឋានអប្បបរមារបស់អង្គការសហប្រជាជាតិស្តីពីវិធានការមិនឃុំឃាំង។ ដោយមើលឃើញពីរបាយការណ៍នៃករណីកើនឡើងនៃជំងឺកូវីដ១៩ នៅក្នុងពន្ធនាគារកម្ពុជា រួមផ្សំនឹងចំនួនអ្នកទោសច្រើនពេកនៅក្នុងពន្ធនាគារ, យើងខ្ញុំសូមអំពាវនាវដល់រដ្ឋាភិបាលឱ្យដោះលែងអ្នកទោសមនសិការអហិង្សាទាំងអស់ ដែលជាវិធានការដើម្បីកាត់បន្ថយហានិភ័យបណ្តាលមកពីការរីករាលដាលនៃវីរុសកូរ៉ូណា។
នៅក្នុងសង្គមសម័យទំនើប, ប្រទេសកាន់លទ្ធិប្រជាធិបតេយ្យដែលមានការដឹកនាំបែបនីតិរដ្ឋ ទទួលស្គាល់ថា ឧក្រិដ្ឋកម្មទាំងឡាយដែលអ្នកទោសមនសិការត្រូវបានគេចោទប្រកាន់ ឬត្រូវបានផ្តន្ទាទោសពីបទណាមួយនោះ មិនគួរត្រូវបានចាត់ទុកថា ជាឧក្រិដ្ឋកម្មឡើយ។ ផ្ទុយទៅវិញបុគ្គលអហិង្សាទាំងនេះត្រូវបានគេចាត់ទុកថាជាពលរដ្ឋសកម្មដែលរួមចំណែកដល់ការធ្វើឱ្យសង្គមរបស់ពួកគេប្រសើរឡើង។ មាត្រា ៥១ នៃរដ្ឋធម្មនុញ្ញកម្ពុជាចែងថា “ពលរដ្ឋកម្ពុជា គឺជាម្ចាស់នៃប្រទេសរបស់ខ្លួន”។ ទោះយ៉ាងណា ពលរដ្ឋមិនអាចក្លាយជាម្ចាស់នៃប្រទេសរបស់ខ្លួនបានឡើយប្រសិនបើពួកគេមិនអាចចូលរួមក្នុងកិច្ចការសង្គម និងបញ្ចេញគំនិតរបស់ពួកគេចំពោះបញ្ហានយោបាយ, សេដ្ឋកិច្ច និងសង្គមរបស់ខ្លួន។
ដោយសារតែហានិភ័យខ្ពស់នៃការឆ្លងជំងឺកូវីដ១៩ អ្នកទោសទាំងអស់បានទទួលរងនូវការកើនឡើងនៃការជះឥទ្ធិពលជាអវិជ្ជមានដល់សុខភាពផ្លូវចិត្ត និងផ្លូវកាយរបស់ពួកគេ។ ក្រៅពីត្រូវបានបាត់បង់សេរីភាពមូលដ្ឋាន ពួកគេប្រឈមមុខនឹងការលំបាកបន្ថែមទៀតដោយសារតែវិធានការណ៍រឹតបណ្តឹងនៃជំងឺកូវីដ១៩ ដែលមានការលំបាកក្នុងការអនុវត្តគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាលដូចជាការថែរក្សាអនាម័យនៅក្នុងលក្ខខណ្ឌនៃការឃុំខ្លួនយ៉ាងវេទនា និងការរក្សាគម្លាតសង្គមនៅក្នុងពន្ធនាគារដែលមានអ្នកទោសណែនចង្អៀតគ្នា។
ការដោះលែងអ្នកទោសមនសិការទាំងនេះនឹងលើកកម្ពស់សិទ្ធិជាមូលដ្ឋានដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជា និងឧបករណ៍សិទ្ធិមនុស្សអន្ដរជាតិដទៃទៀតដើម្បីកាត់បន្ថយហានិភ័យសង្គមពីជំងឺកូវីដ១៩ ហើយរួមចំណែកក្នុងការផ្តល់សុភមង្គលដល់គ្រួសាររបស់ពួកគេនិងសង្គមទាំងមូល, កាត់បន្ថយភាពតានតឹងផ្នែកសង្គម និងនយោបាយ និងលើកទឹកចិត្តពួកគេឱ្យបន្តការងារដ៏មានតម្លៃរបស់ខ្លួនសម្រាប់ជាប្រយោជន៍រួមដល់សង្គមកម្ពុជា ក៏ដូចជានាំមកនូវភាពល្អប្រសើរសម្រាប់ប្រជាជនកម្ពុជាផងដែរ៕ បញ្ញាស័ក្តិ