ថៃកំពុងបង្ហាញក្តីកង្វល់អំពី អំពើហឹង្សានៅតំបន់ជាច្រើនក្នុងប្រទេសមីយ៉ាន់ម៉ា និងចង់ឃើញនូវការអនុវត្តន៍សេចក្តីសម្រេចចិត្តជាដំណាក់កាលរបស់ មេដឹកនាំអាស៊ីអាគ្នេយ៍ និងមេយោធា ដើម្បីជួយបញ្ចប់ភាពវឹកវរចាប់តាំងពីរដ្ឋប្រហារ១កុម្ភៈ។ នេះបើយោងទៅតាមក្រសួងការបរទេសថៃកាលពីថ្ងៃអាទិត្យ
យោធានាមីយ៉ាន់ម៉ាបានបង្ហាញពីសញ្ញាណបន្តិចបន្ទូចនៃការគោពតាមការឯកភាព ៥ចំណុច ក្នុងចំណោមសហគមន៍ប្រជាជាតិអាស៊ានកាលពីខែមេសា ដែលបានអំពាវនាវអោយបញ្ចប់អំពើហឹង្សា កិច្ចពិភាក្សានយោបាយ និងតែងតាំងប្រេសិតពិសេសប្រចាំតំបន់។
អ្នកនាំពាក្យក្រសួងការបរទេសថៃ លោក Tanee Sangrat បានថ្លែងក្នុងសេចក្តីថ្លែងការណ៍ថា យើងធ្លាប់បានកំពុងតាមដានការវិវត្តរបស់ប្រទេសមីយ៉ាន់ម៉ាយ៉ាងយកចិត្តទុកដាក់បំផុត ជាមួយក្តីកង្វល់ជាច្រើន ជាពិសេសភាពគ្រោះថ្នាក់នៃអំពើហឹង្សាក្នុងតំបន់ជាច្រើនរបស់ប្រទេសនេះ។
លោកបានបញ្ជាក់សារជាថ្មីពីការអំពាវនាវបញ្ឈប់អំពើហឹង្សា ការដោះលែងអ្នកជាប់ឃុំឃាំងទាំងអស់ និងអនុវត្តន៍ជាក់ស្តែងនូវភាពព្រមព្រៀងគ្នា៥ចំណុចឲ្យបានឆាប់តាមតែអាចធ្វើទៅបាន។
មេយោធាបានបរាជ័យពីការដាក់ការគ្រប់គ្រង ចាប់តាំងពីការទម្លាក់អំណាចពីមេដឹកនាំជាប់ឆ្នោតលោកស្រីអ៊ុង សានស៊ូជី ដែលជាបុគ្គលមួយរូបក្នុងចំណោមបុគ្គលចំនួន៤៥០០នាក់ផ្សេងទៀតដែលជាប់ឃុំខ្លួនចាប់តាំងពីរដ្ឋប្រហារ។ ក្នុងនោះ យ៉ាងហោចណាស់មនុស្សចំនួន៨៤៧ត្រូវបានសម្លាប់។ នេះបើយោងទៅតាមក្រុមសិទ្ធមនុស្សថ្លែងបញ្ជាក់។ ក៏ប៉ុន្តែកងកម្លាំងបានបដិសេធនូវតួលេខនេះ។
ស្របគ្នានេះ ការបាតុកម្មជារៀងរាល់ថ្ងៃប្រឆាំងនឹងយោធា បានវិវត្តនៅក្នុងផ្នែកខ្លះនៃប្រទេសមីយ៉ាន់ម៉ា ទៅជាការបះបោរប្រដាប់អាវុធ ខណៈជម្លោះជនជាតិភាគតិចដែលមានអាយុមួយទសតវត្សរ៍បានផ្ទុះឡើងសារជាថ្មី។
ក្រុមប្រឆាំងរបបយោធាបានសម្តែងការមិនសប្បាយចិត្តចំពោះការខ្វះសកម្មភាពតឹងរឹងរបស់អាស៊ាន និងនិយាយថា ការប្រជុំតំណាងពីរនាក់នៃក្រុមនេះជាមួយមេដឹកនាំរបបយោធាគឺលោក Hlaing កាលពីថ្ងៃសុក្របានផ្តល់ឱ្យលោកនូវភាពស្របច្បាប់កាន់តែច្រើន ប៉ុន្តែមិនបានផ្តល់ផលប្រយោជន៍អ្វីឡើយមកដល់ប្រជាជនមីយ៉ាន់ម៉ា។
ប្រទេសថៃមានព្រំប្រទល់ជាប់ជាមួយប្រទេសមីយ៉ាន់ម៉ា វែងជាងប្រទេសដទៃទៀត ហើយប្រទេសថៃ ខ្លាចជម្លោះនេះអាចនាំមកនូវទំហំជនភៀសខ្លួនកាន់តែច្រើនមកប្រទេសខ្លួន។ រដ្ឋាភិបាលរបស់ប្រទេសថៃ ដឹកនាំដោយអតីតមេបញ្ជាការកងទ័ព ដែលបានដណ្តើមអំណាចក្នុងរដ្ឋប្រហារមួយមុនពេលធ្វើការបោះឆ្នោត។
លោក Tanee មានប្រសាសន៍ថា“ ភាគច្រើននៃអ្វីដែលប្រទេសថៃ បានធ្វើប្រហែលជាមិនត្រូវបានផ្សព្វផ្សាយជាសាធារណៈទេ ព្រោះយើងជឿជាក់ថា ការទូតស្ងាត់ស្ងៀម និងមានភាពវាងវៃរវាងប្រទេសជិតខាងនឹងកាន់តែមានប្រសិទ្ធិភាព និងស្របតាមការទូតប្រពៃណីរបស់ប្រទេសថៃ” ៕
រក្សាសិទ្ធិដោយ៖CEN

