ភ្នំពេញ ៖ អ្នកនាំពាក្យគណបក្សប្រជាជានកម្ពុជា បានច្រានចោលចំពោះការផ្សាយ របស់វិទ្យុបរទេសមួយចំនួនដែលថា ប្រជាពលរដ្ឋខ្មែរអល់អែក មិនចង់ហ៊ានទៅចាក់វ៉ាក់សាំងចិន គឺជាការផ្សាយមិនត្រឹមត្រូវទេ ដែលផ្ទុយពីការពិតទាំងស្រុង តែតាមការជាក់ស្តែងប្រជាពលរដ្ឋកំពុង សម្រុកទៅចាក់វ៉ាក់សាំងតាមកម្មវិធី ចាក់របស់គណៈកម្មាធិការចំពោះកិច្ចយ៉ាងស្រាក់សស្រាំគ្មានអល់អែក និងដោយស្ម័គ្រចិត្តច្រើនហួសការប៉ាន់ស្មាន។

លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ប្រាប់ CEN ថា “វិទ្យុអាស៊ីសេរីផ្សាយថា ប្រជាពលរដ្ឋខ្មែរអល់អែកមិនចង់ហ៊ានទៅចាក់វ៉ាក់សាំងចិន តែតាមការជាក់ស្តែងប្រជាពលរដ្ឋកំពុង សម្រុកទៅចាក់វ៉ាក់សាំង តាមកម្មវិធីចាក់របស់គណកម្មាធិការចំពោះកិច្ច យ៉ាងស្រាក់សស្រាំគ្មានអល់អែក។ រាជរដ្ឋាភិបាលកម្ពុជាគ្មានកំហុសអីក្នុងការចាត់វិធានការទប់ស្កាត់កូវីដ១៩ទេ។ ការចាត់វិធានការមិនចាំបាច់សួរយោបល់ទេ ហើយក៏គ្មានប្រទេសណាសួរយោបល់ពលរដ្ឋដែរ? ។ បើស្អីចាំតែសួរពលរដ្ឋ ផលវិបាកនឹងធ្លាក់ទៅលើពលរដ្ឋនិងកម្មករនិយោជិត ? ក្រពះឫការហូបចុកជាសំខាន់ ឯបញ្ហារស់និងស្លាប់វាសំខាន់ជាងក្រពះទៅទៀត?”
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានបញ្ជាក់ថា “រាជរដ្ឋាភិបាលបានគិតគូរជាងអ្នកនិយាយទៅទៀត បាននិងកំពុងដោះស្រាយទទួលបានកោតសរសើរនិងពេញចិត្ពពីប្រជាពលរដ្ឋ។ រដ្ឋមានថវិកាសម្រាប់ឧបត្ថម្ភប្រជាពលរដ្ឋពេលជួបការលំបាក លុះត្រាតែរដ្ឋមានថវិកាបានពីការបង់ពន្ធបស់ប្រជាពលរដ្ឋដូចនៅបណ្តាប្រទេសលើពិភពលោក? ។ ប្រទេសដែលមានថវិកាឧបត្ថម្ភ ដោយសាររដ្ឋបានលុយពីការបង់ពន្ធច្រើនភាគរយពីប្រជាជន? រាជរដ្ឋាភិបាលកម្ពុជាដោះស្រាយតាមការជាក់ស្តែងនៃលទ្ធភាពដែលមាន ស្របតាមស្ថានភាពជាក់ស្តែងមិនមែនចេះតែធ្វើគ្មានគោលការណ៏ទេ”។

យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានឲ្យដឹងថា គិតត្រឹមថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១ ការចាក់វ៉ាក់សាំងកូវីដ១៩ កក្នុងក្របខណ្ឌទូទាំងប្រទេស គឺការចាក់លើកទី១ បានចំនួន ២.៧៥៤.៣៤១នាក់ និងលើកទី២ បានចំនួន ២.១៨៤.៣០១នាក់។ ចំណែកការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋរស់នៅតំបន់ក្រហម គឺការចាក់លើកទី១. ចំនួន ៩៩០.១០០នាក់ និងលើកទី២. ចំនួន ៧៥២.០៤៩នាក់៕ រក្សាសិទ្ធិដោយៈ ចេស្តារ








