កំពង់ស្ពឺ ៖ សមយុទ្ធនាគមាសរួមគ្នា រវាងកម្ពុជា-ចិន ឆ្នាំ២០១៨ ដែលមានរយៈពេល១៥ថ្ងៃ ដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី៦០ នៃទំនាក់ទំនងការទូតរវាងកងនៃព្រះរាជាណាចក្រកម្ពុជា និងកងទ័ពរំដោះប្រជាជនចិន ដែលធ្វើឡើងនៅភូមិសាស្ដ្រតំបន់ភ្នំធំម្រះព្រៅ ក្នុងភូមិថ្លុកដូនស ឃុំក្រាំងអំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨នេះ ក្រោមវត្តមានគណៈអធិបតី លោកនាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងលោកឧត្តមសេនីយ៍ទោ Zhang Jian មេបញ្ជាការកងទ័ពជើងគោកតំបន់ខាងត្បូងតំណាងកងទ័ពរំដោះប្រជាជនចិន។
នាយឧត្តមសេនីយ៍ ប៉ុល សារឿន បានបញ្ជាក់ថា ក្នុងឆ្នាំ២០១៨នេះ គឺជាខួបអនុស្សាវរីយ៍លើកទី៦០ នៃទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា-ចិន នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៥៨។ ដើម្បីអបអរសាទខួបអនុស្សាវរីយ៍លើកទី៦០ឆ្នាំនេះ និងរឹតចំណងមិត្តភាពយូរអង្វែង កម្ពុជា-ចិន ទើបកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន បានរៀបចំសមយុទ្ធ
ទ្រង់ទ្រាយធំមួយ ដែលមានឈ្មោះថា លំហាត់នាគមាសឆ្នាំ២០១៨ (Dragon Gold 2018) នៅក្នុងទឹកដីកម្ពុជា ក្នុងបំណងជំរុញឲ្យកាន់តែស៊ីជម្រៅទំនាក់ទំនង ផ្លាស់ប្តូរបទពិសោធន៍ និងកិច្ចសហប្រតិបត្តិការប្រឆាំងភេរវកម្ម ការងារមនុស្សធម៌ ។
នាយឧត្តមសេនីយ៍ ប៉ុល សារឿន បានបញ្ជាក់ថា ការជួយឧបត្ថម្ភគាំទ្រទាំងស្មារតី សម្ភារៈ និងថវិការជាច្រើនរបស់មហាមិត្តចិន បាននិងកំពុងធ្វើឱ្យកម្ពុជាមានការរីកចម្រើនយ៉ាងឆាប់រហ័ស ដែលជាជញ្ចាំងបង្អែកដ៏រឹងមាំ ធ្វើឱ្យកម្ពុជាមានជំហរម៉ឺងម៉ាត់ ក្នុងការបន្តកិច្ចការពារសន្តិភាព ឯករាជ្យ អធិបតេយ្យជាតិ និងគោលនយោបាយជាតិនិយមដ៏ត្រឹមត្រូវ ដែលជាលក្ខខណ្ឌអំណោយផលដើម្បីបន្តឈរលើមាគ៌ាអភិវឌ្ឍ ប្រទេសជាតិលើគ្រប់វិស័យ។
លោក ប៉ុល សារឿន បានបន្តទៀតថា ក្នុងវិស័យយោធា ភាគីចិនបានជួយឧបត្ថម្ភជាច្រើនទាំងសម្ភារៈ និងថវិកា ដើម្បីឱ្យកងយោធពលខេមរភូមិន្ទ មានលទ្ធភាពក្នុងការកសាងពង្រឹងសមត្ថភាពរបស់ខ្លួន សម្រាប់បម្រើឱ្យកិច្ចការពារជាតិ។ ទន្ទឹមនឹងនេះដែរ មិត្តចិនបានយកចិត្តទុកដាក់ឧបត្ថម្ភគាំទ្រ ដល់វិស័យហ្វឹកហ្វឺនបណ្តុះបណ្តាល ក្នុងកងយោធពលខេមរភូមិន្ទ ដើម្បីពង្រឹងសមត្ថភាពធនធានមនុស្សវ័យក្មេង ឱ្យក្លាយជាមូលធនមនុស្ស ប្រកបដោយសក្តានុពល សម្រាប់បន្តវេនក្នុងកងយោធពលខេមរភូមិន្ទ។
សូមបញ្ជាក់ថា សមយុទ្ធនាគមាសឆ្នាំ ២០១៨ ផ្តោតលើការប្រឆាំងភេរវកម្ម សង្គ្រោះបន្ទាន់ លំហាត់បាញ់គ្រាប់ពិត និងប្រើប្រាស់សព្វាវុធទំនើបៗដូចជា ឧទ្ធាគចក្រ Z10 ដែលមានបំពាក់កាំជ្រួច កាំភ្លើងត្បាល់ រថពាសដែក រថយន្តប្រឆាំងភេរវកម្ម និងយុទ្ធោបករណ៍យោទាទំនើបៗជាច្រើនទៀត ដែលមានការចូលរួមពីកងទ័ពកម្ពុជា ២៨០ នាក់ និងកងទ័ពចិន ១៩០ នាក់៕ ដោយ ៖ បញ្ញាស័ក្តិ