ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ឯកឧត្តម ចម ប្រសិទ្ធ បានផ្តល់ថវិកាជាង ១ម៉ឺនដុល្លារ និងជាង ២លានរៀល ដល់រដ្ឋបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ ដើម្បីយកទៅប្រើប្រាស់ក្នុងការ ងារប្រយុទ្ធប្រឆាំង និងទប់ស្កាត់ជំងឺកូវីដ-១៩ ។

ក្នុងពិធីប្រគល់ និងទទួលនោះបានធ្វើឡើង ក្រោមវត្តមាន ឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ និង ឯកឧត្តម អ៊ុ សុថា រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅសាលារាជធានីភ្នំពេញ។
ឯកឧត្តម អ៊ុ សុថា ការផ្តល់ថវិកានេះ ជាការចូលរួមចែករំលែករបស់ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មវិទ្យាសាស្ត្រ ដើម្បីជួយទ្រទ្រង់ជីវភាពរបស់ប្រជាពលរដ្ឋ និងឧបត្ថម្ភដល់កងកម្លាំងដែលកំពុងបំពេញការងារប្រយុទ្ធ នឹងទប់ស្កាត់ជំងឺកូវីដ-១៩ ដោយ ឯកឧត្តមជឿជាក់ថា រដ្ឋបាលរាជធានីភ្នំពេញនឹងទប់ស្កាត់បាននូវជំងឺកូវីដ-១៩ ឱ្យទទួលបានជោគជ័យ។
គួរបញ្ជាក់ថា បើតាម ឯកឧត្តម កើត ឆែ ការផ្តល់ជាថវិកានេះ ពិតជាមានសារៈសំខាន់ណាស់ និងស្ដែងឱ្យឃើញពីទឹកចិត្តគិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារជំងឺកូវីដ-១៩ ក៏ដូចជាកងកម្លាំងគ្រប់ប្រភេទដែលកំពុងបំពេញការងារ ដើម្បីជួយកាត់បន្ថយឱ្យបាននូវការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ជាពិសេសនៅរាជធានីភ្នំពេញ៕ រក្សាសិទ្ធិដោយ៖CEN