Sunday, May 11, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ទទួលជួបសម្តែងការគួរសម ជាមួយសមាគមសហគ្រិនវ័យក្មេងកម្ពុជា

ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ លោក អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបសម្តែងការគួរសមជាមួយ ថ្នាក់ដឹកនាំសមាគមសហគ្រិនវ័យក្មេងកម្ពុជា ដែលដឹកនាំដោយ លោក សៀង សុបញ្ញា ប្រធានសមាគមសហគ្រិន វ័យក្មេងកម្ពុជា តាមប្រព័ន្ធវីដេអូ ដោយមានការចូលរួមពីមន្រ្តីជាន់ខ្ពស់ ក្រសួងពាណិជ្ជកម្ម និងមន្រ្តីជំនាញពាក់ព័ន្ធ និងសមាជិក សមាជិកា នៃសមាគមសហគ្រិនវ័យក្មេងកម្ពុជាសរុបប្រមាណ ២៧រូប។

ជំនួបពិភាក្សានេះ មានគោល បំណងសំខាន់ ដើម្បីចែករំលែក និងផ្លាស់ប្តូរទស្សនៈស្តីពី សមិទ្ធផល និងបេសសកកម្មរបស់ក្រសួងពាណិជ្ជកម្ម ធុរកិច្ច ឌីជីថល និងជាពិសេសការងារត្រៀមរៀបចំដឹកនាំអាស៊ានឆ្នាំ២០២២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ក្នុងឱកាសនោះ ឯកឧត្តមប្រធានអង្គប្រជុំ បានពាំមាំការផ្តាំផ្ញើនិងការកោតសរសើររបស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួង ពាណិជ្ជកម្ម ចំពោះសមាគមសហគ្រិនវ័យក្មេងកម្ពុជា ដែលតែងតែសហការ និងបានចូលរួមយ៉ាងសកម្មក្នុងជាមួយ ក្រសួងពាណិជ្ជកម្មក្នុងពេលកន្លងមក ជាពិសេសការចូលរួមក្នុងកិច្ចពិគ្រោះយោបល់ ដើម្បីកំណត់ទំនិញសក្តានុពលរបស់កម្ពុជា ក្នុងអំឡុងពេលចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។

ឯកឧត្តមប្រធានក៏បានជម្រាបអង្គប្រជុំអំពីការងារ ដែលក្រសួងពាណិជ្ជកម្មសម្រេច បានក្នុងឆ្នាំកន្លងមក រួមមាន ការបញ្ចប់ការចរចានិងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដូចជា កិច្ចព្រមព្រៀងអាសិប កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ និង កិច្ចព្រមព្រៀងផ្សេងទៀតក្រោមក្របខណ្ឌអាស៊ាន។

លើសពីនេះ ឯកឧត្តមប្រធានក៏បានជម្រាបអំពីការរៀបចំច្បាប់ និង បទប្បញ្ញត្តិ ពាក់ព័ន្ធ ជាពិសេស ការរៀបចំច្បាប់និងអនុក្រឹត្យស្តីពីការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក លិខិតបទដ្ឋាន គតិយុត្តពាក់ព័ន្ធនានា និងការងារពង្រឹងវិស័យកម្មសិទ្ធិបញ្ញា ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ សេដ្ឋកិច្ចជាតិ និងពង្រឹងភាពប្រកួតប្រជែងរបស់ធុរជន រួមបញ្ចូលទាំងសហគ្រាសធុនតូចនិងមធ្យម។
ឯកឧត្តមប្រធានបានបន្តថា រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ជាទីបំផុត ក្នុងការត្រៀមខ្លួនជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ាន​ ក្នុងឆ្នាំ២០២២ខាងមុខនេះ ដោយកន្លងមកកម្ពុជាធ្លាប់ទទួលរៀបចំចំនួន ២ដងរួចមកហើយ គឺក្នុងឆ្នាំ២០០២ និងឆ្នាំ២០១២។

ក្រសួងពាណិជ្ជកម្មក្នុងនាមជាតំណាងជាតិ សម្រាប់សហគមន៍ សេដ្ឋកិច្ចអាស៊ាន បាននិងកំពុងដំណើរការនីតិវិធីផ្ទៃក្នុង ក្នុងការបង្កើតអនុគណៈកម្មាធិការ និងកំពុងធ្វើការរួមគ្នាក្នុងការ រៀបចំគំនិតនិងកំណត់ការផ្តល់អាទិភាពសេដ្ឋកិច្ច សម្រាប់ការធ្វើជាប្រធានអាស៊ានឆ្នាំ២០២២ រួមបញ្ចូលទាំង ផែនការ ស្តារសេដ្ឋកិច្ចឡើងវិញពីវិបត្តិកូវីដ-១៩ ការពង្រីកទំហំពាណិជ្ជកម្មនិងវិនិយោគនៅក្នុងអាស៊ាន សេដ្ឋកិច្ចឌីជីថល ការបង្រួមគម្លាតនៃការអភិវឌ្ឍន៍រវាងប្រទេសនៅក្នុងអាស៊ាន និងការពង្រឹងការតភ្ជាប់ ជាដើម។

ជាមួយគ្នានេះ តំណាងសមាគមសហគ្រិនវ័យក្មេងកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រសួងពាណិជ្ជកម្ម ជាពិសេស ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីពាណិជ្ជកម្ម ដែលបានអនុញ្ញាតឱ្យថ្នាក់ដឹកនាំសមាគមសហគ្រិនវ័យក្មេងកម្ពុជា បានចូល ជួបសម្តែងការគួរសម ដើម្បីទទួលបានការណែនាំ បទពិសោធន៍ និងបានជ្រាបអំពីសមិទ្ធផលដែលក្រសួងពាណិជ្ជកម្ម សម្រេចបាន ក៏ដូចជាតែងតែផ្តល់ការគាំទ្រនិងសហការយ៉ាងជិតស្និទ្ធជាមួយវិស័យឯកជន ក្នុងពេលកន្លងមក។

ទន្ទឹមនឹងនេះផងដែរ តំណាងសមាគមសហគ្រិនវ័យក្មេងកម្ពុជាបានសំណូមពរ ស្នើសុំបញ្ចូលសមាសភាពសមាគមសហគ្រិនវ័យក្មេងកម្ពុជា រាល់សកម្មភាពការងារទាក់ទងនឹងវិស័យពាណិជ្ជកម្ម ដូចជា ការតាំងពិព័រណ៍ទាំងក្នុង និងក្រៅប្រទេស ការរៀបចំព្រឹត្តិការណ៍ជាតិ-អន្តរជាតិ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មនានា និងពង្រឹងភាពជាដៃគូរវាងមន្ទីរពាណិជ្ជកម្ម ជាមួយនឹងសមាគមសហគ្រិនវ័យក្មេងនៅតាមបណ្តារាជធានី ខេត្ត និងព្រមទាំងស្នើសុំការអនុញ្ញាតឱ្យមានជួបសម្តែងការគួរសមជាមួយ ឯកឧត្តមរដ្ឋមន្ត្រី ឬតំណាងជារៀងរាល់ឆ្នាំ ដើម្បីធ្វើបច្ចុប្បន្នភាពការងារពាណិជ្ជកម្មជាមួយសមាគមសហគ្រិនវ័យក្មេងកម្ពុជាផងដែរ។

ជាចុងបញ្ចប់ ឯកឧត្តមប្រធានអង្គប្រជុំ បានលើកទឹកចិត្តឱ្យវិស័យឯកជន ព្រមទាំងសមាគមសហគ្រិនវ័យក្មេងកម្ពុជា បន្តសហការឱ្យបានកាន់តែជិតស្និទ្ធបន្ថែមទៀតជាមួយក្រសួងពាណិជ្ជកម្ម ជាពិសេសក្នុងការងារត្រៀមរៀបចំទទួលធ្វើ ជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ានឆ្នាំ២០២២ខាងមុខ៕រក្សាសិទ្ធិដោយ៖CEN

×