ភ្នំពេញ ៖ ប្រិយមិត្តមួយចំនួន ប្រាកដណាស់បានជ្រាបរួចហើយ ទាក់ទងនឹងហេតុការណ៍ នារីម្នាក់និងបុរសម្នាក់ ដែលគេដឹងថាជាបងប្អូនបង្កើត បានហៅអ្នកកាសែត មកទារលុយតារាចម្រៀងលោក Eno នៅមុខឃ្លាំងរថយន្តរបស់លោកផ្អើលទាំងយប់ ពាក់ព័ន្ធរឿងលោក Eno បានខ្ចីពួកគាត់ចំនួន ១ ម៉ឺនដុល្លារ តែរកលេសហេតុផលនេះហេតុផលនោះ ពុំចង់សងផ្តាច់ទាំងលុយដើម និងការប្រាក់ តាមការកំណត់ក្នុងកិច្ចសន្យា ពោលគឺបានតែការប្រាក់តែ១ខែដំបូងប៉ុណ្ណោះ។

ម្ចាស់បំណុលបានប្រាប់ឲ្យដឹងថា លោក អុីណូ បានខ្ចីលុយពីពួកគាត់ ក្នុងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ (យកតែរយៈពេល ៦ ខែ) ដោយក្នុងកិច្ចសន្យាគឺនឹងត្រូវទូទាត់សំណងមកវិញទាំងដើម និងការប្រាក់ នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២១ ប៉ុន្តែ ដោយសារលោក Eno សុំពន្យារបង់ផ្តាច់ទាំងលុយដើម និងការប្រាក់ ព្រោះហេតុផលរាំងស្ទះការបង្វិលលុយ ដោយសារបញ្ហាកូវីដ ហើយនៅពេលចេញសែកទាំងអស់ឲ្យ ពេលទៅបើក ខាងធនាគារបានប្រាប់ថា គឺសុទ្ធតែសែកស្អុយ ជាហេតុធ្វើឲ្យពួកគាត់ផ្ទុះកំហឹងបែបនេះតែម្តង។
ទាក់ទងនឹងរឿងសែកស្អុយនេះផងដែរ លោក អុីណូ បានបញ្ជាក់ថា តាមពិតទៅ «សែកហ្នឹង» គឺពុំមានសាច់ប្រាក់ទេ ពោលគឺគ្រាន់តែធ្វើជាភស្តុងតាសម្រាប់ការបង់ការប្រាក់១ខែៗ តម្កល់នៅមុខមេធាវី ប៉ុណ្ណោះ។ ប៉ុន្តែ ដើម្បីឆ្ងើយតបនឹងការលើកឡើងហេតុផលមួយ ពួកគាត់ជាម្ចាស់បំណុល ក៏សុំសួរទៅលោក Eno វិញទាំងហួសចិត្តថា បើក្នុងសែកទាំងអស់នោះអត់ទឹកប្រាក់ ចុះហេតុអ្វីចេញឲ្យពួកគាត់ធ្វើអ្វី? នៅត្រង់ចំណុចមួយនេះ លោក អុីណូ (ស្ងាត់) និងធ្វើការសុំទោស ចំពោះអ្វីៗដែលបានកើតឡើង។

តែយ៉ាងណា រឿងរ៉ាវនេះ ត្រូវបានបញ្ចប់នៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ នេះ ខណៈភាគីលោក Eno បានសម្រេចបង់ប្រាក់ទាំងដើម និងការប្រាក់ (ចំនួន ៩) ទៅឲ្យម្ចាស់បំណុលជាអតីតមិត្តភក្តិរួមថ្នាក់ជាមួយគ្នា នូវទឹកប្រាក់សរុបចំនួន ១១៣៥០ ដុល្លារ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

















