Tuesday, September 23, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសម្នាក់ជះទឹកអាសុីត លើប្រពន្ធ រួចរត់គេចខ្លួនកាលពី១ឆ្នាំមុន ពេលនេះត្រូវនគរបាលឃាត់ខ្លួន

ភ្នំពេញ ៖ បុរសម្នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាលស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ធ្វើការចាប់ខ្លួន ក្រោយពីបានធ្វើសកម្មភាពជះទឹកអាសុីត ទៅលើប្រពន្ធរបស់ខ្លួន បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ កាលពី១ឆ្នាំមុន។ ការឃាត់ខ្លួននោះបានធ្វើឡើង កាលពីម៉ោង៥និង៣០ល្ងាចថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១ នៅភូមិ២ ឃុំកំពង់ទ្រាស ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ។

ជនសង្ស័យឈ្មោះហេង ចាន់ឌី អាយុ៤៣ឆ្នាំ មុខរបររត់ម៉ូតូឌុប មានទីលំនៅភូមិខាងលើត្រូវចាប់ខ្លួន ពីបទប៉ុនប៉ងមនុស្សឃាត ចំណែកស្រ្តីជាប្រពន្ធនិងជាជនរងគ្រោះឈ្មោះលី រ៉ានី អាយុ៥០ឆ្នាំ មុខរបរសន្តិសុខ ស្នាក់នៅផ្ទះជួលភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា រវាងជនសង្ស័យនិងស្រ្តីរងគ្រោះ បានយកគ្នាជាប្ដីប្រពន្ធដោយពុំបានរៀបការ ឬសែនព្រេននោះឡើយ ក្រោយពីរស់នៅជាមួយគ្នាមួយរយៈ មកជនសង្ស័យបានបែកចិត្តទៅមានស្រីថ្មីម្នាក់ទៀត និងបានរស់នៅជាមួយស្រីថ្មីនោះ អស់រយៈពេល៥ឆ្នាំ រហូតដល់ឆ្នាំ២០២០ ទើបវិលត្រឡប់ទៅរកជនរងគ្រោះវិញ និងសុំអង្វរត្រូវរ៉ូវគ្នាវិញ។ ពេលនោះជនរងគ្រោះមិនព្រម
ដែលជាហេតុធ្វើឲ្យជននេះខឹង លុះដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង២២និង១៥នាទីយប់ ខណៈដែលជនរងគ្រោះកំពុងដើរចេញពីធ្វើការ ទៅជិតដល់ផ្ទះជួលភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។ ជនសង្ស័យក៏បានយកទឹកអាសុីត ជះលើមុខបណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ ហើយពេលនោះ ជនរងគ្រោះបានស្រែកឲ្យអ្នកជិតខាងជួយដែរ ប៉ុន្តែជនសង្ស័យបានដណ្ដើមយកទូរស័ព្ទរួចរត់គេចខ្លួនបាត់។

ប្រភពដដែលបានបន្តថា ស្រ្តីរងគ្រោះត្រូវបានគេបញ្ជូន ទៅកាន់មន្ទីរពេទ្យ ដើម្បីសង្រ្គោះបន្ទាន់ភ្លាមៗ ហើយពុំបានដាក់ពាក្យបណ្ដឹងនោះទេ ព្រោះតែគាត់រងរបួសធ្ងន់ពេក ប៉ុន្តែនគរបាលប៉ុស្តិ៍ចោមចៅទី១ និងនគរបាលព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ បានចុះធ្វើការស្រាវជ្រាវលើរឿងនេះ។ លុះដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ ទើបលេចមុខជនសង្ស័យខាងលើ កំពុងធ្វើចត្តាឡីស័កនៅភូមិ២ ឃុំកំពង់ទ្រាស ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ ក៏បានរាយការណ៍ជូនកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ឲ្យចុះទៅសហការជាមួយកម្លាំងនគរបាលស្រុកក្រូចឆ្មារ ចាប់ខ្លួនជននោះចាត់ការតាមច្បាប់។ ចំណែកស្រ្តីរងគ្រោះ បានបាត់បង់សម្រស់ទាំងស្រុង និងបានលើកដៃសំពះសុំដល់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ជួយដល់រូបគាត់ផង ព្រោះគាត់គ្មានទីពឹងឡើយ៕រក្សាសិទ្ធិដោយ៖សួង សាម

×