កំពត ៖ នៅព្រឹកថ្ងៃចន្ទទី៧ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តមជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត អមដំណើរ ដោយ អភិបាលរងខេត្ត មន្ត្រីនៃមន្ទីរអង្គភាពជំនាញ និងអាជ្ញាធរពាក់ព័ន្ធ បានអញ្ជើញជួបជាមួយនឹង អ្នកឧកញ៉ា សុខ គង់ អគ្គនាយកក្រុមហ៊ុនសុខា hotel group ដើម្បីពិនិត្យ រកទីតាំងសម្រាប់សាងសង់ អគាររដ្ឋបាល ក្រុងបូកគោ នៃខេត្តកំពត។

ការចុះពិនិត្យដល់ទីតាំង ក្នុងឱកាសនោះ គឺស្ថិតនៅ ជិតចំណុចប៉ុស្តិ៍ត្រួតពិនិត្យផ្លូវឡើង រមណីយដ្ឋានឧទ្យានជាតិព្រះមុនីវង្សឋានសួគ៌បូកគោ ដែលជាជម្រើស ផ្ដល់ជូននឹងបង្ហាញ ដោយក្រុមហ៊ុន sokha hotel។
ឯកឧត្តម ជាវ តាយ អភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា ការចុះមកពិនិត្យ និងការជ្រើសរើសរកទីតាំង សម្រាប់សាងសង់អគាររដ្ឋបាលក្រុងបូកគោ ពេលនេះ គឺផ្អែកតាមអនុសាសន៍ណែនាំ នៅក្នុងកិច្ចប្រជុំលើកទី២ តាមរយៈវីដេអូ Zoom របស់ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការរៀបចំ និងដាក់ឲ្យដំណើរការរដ្ឋបាលក្រុងបូកគោ នៃខេត្តកំពត កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១កន្លងទៅថ្មីៗនេះ ដោយធ្វើយ៉ាងណាឱ្យរដ្ឋបាលខេត្តកំពត មានកិច្ចសហការនឹងដាក់សំណើទៅក្រុមហ៊ុន sokha hotel ដើម្បីជ្រើសរើសកំណត់ទីតាំង ឲ្យបានជាក់លាក់ក្នុងដំណើរការសាងសង់ អគាររដ្ឋបាលរបស់ក្រុងបូកគោ រួមនិងហេដ្ឋារចនាសម្ព័ន្ធ ឱ្យមានលក្ខណៈសមរម្យងាយស្រួល បម្រើសេវាជូនប្រជាពលរដ្ឋបានល្អ ក៏ដូចជាការងារដឹកនាំ ក្នុងកិច្ចអភិវឌ្ឍន៍ក្នុងតំបន់ ដែលមានសក្ដានុពលនេះផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តម ជាវ តាយ អភិបាលខេត្ត ក៏បានសំណូមពរដល់អ្នកឧកញ៉ា សុខ គង់ អគ្គនាយកក្រុមហ៊ុន សុខាអូតែល ស្នើឲ្យមានកិច្ចសហការ ផ្តល់លទ្ធភាព ដល់មន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ពិសេសមន្ត្រី នៃមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីខេត្ត ដើម្បីធ្វើយ៉ាងណា ឱ្យបានដំណើរការសាងសង់អាគាររដ្ឋបាលក្រុងបូកគោ បានលេចជារូបរាងឡើង ឆាប់ៗខាងមុខនេះ។

ក្នុងឱកាសនោះ អ្នកឧកញ៉ា សុខ គង់ អគ្គនាយកក្រុមហ៊ុន sokha hotel group ក៏បានសម្ដែងការស្វាគមន៍ នឹងចូលរួមកិច្ចសហការគាំទ្រ ចំពោះដំណើរការសាងសង់អគាររដ្ឋបាលក្រុងបូកគោ ខេត្តកំពតនេះ ឲ្យបានឆាប់នៅពេលខាងមុខនេះដែរ ដោយអ្នកឧកញ៉ាបានបង្ហាញទីតាំងដី ដែលជាជម្រើសការសាងសង់ គឺនៅទីតាំងស្នាក់ការចាស់ របស់មន្ទីរបរិស្ថានខេត្តកំពត ជាប់នឹងផ្លូវនៅជិតប៉ុស្តិ៍ត្រួតពិនិត្យ ឡើងទៅរមណីយដ្ឋានឋានសួគ៌បូកគោ។

សូមបញ្ជាក់ថា ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញដឹកនាំក្រុមការងារថ្នាក់ខេត្ត ចូលរួមកិច្ចប្រជុំគណៈកម្មការរៀបចំ និងដាក់ឲ្យដំណើរការរដ្ឋបាលក្រុងបូកគោ ខេត្តកំពត តាមរយៈអនឡាញ ក្រោមអធិបតីភាព ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃនៅព្រឹកថ្ងៃសុក្រ ទី៤ ខែមិថុនា ឆ្នាំ២០២១ ។
កិច្ចប្រជុំមានរបៀបវារៈ ចំនួន ៦ ដែលក្នុងនោះមាន ១. ការរៀបចំរចនាសម្ព័ន្ធមន្រ្តីរាជការរដ្ឋបាលក្រុង និងអង្គភាពកងកម្លាំងទាំង៣ប្រភេទ របស់ក្រុងបូកគោ ២. ការកំណត់ទីតាំងជាក់លាក់របស់សាលាក្រុង ៣. ការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ និងការងារ ដែលត្រូវផ្ទេរពីរដ្ឋបាលស្រុកទឹកឈូ មករដ្ឋបាលក្រុងបូកគោ ៤. ការរៀបចំថវិកាប្រចាំឆ្នាំរបស់ក្រុង ៥. ការប្រកាសចូលកាន់មុខតំណែងរបស់ក្រុមប្រឹក្សាក្រុង និងគណៈអភិបាលក្រុង។

ក្នុងកិច្ចប្រជុំ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានផ្តល់អនុសាសន៍ជូន ឯកឧត្តម អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ឯកឧត្តម អភិបាលខេត្តកំពត និងឯកឧត្តម អគ្គនាយករងនៃអគ្គស្នងការដ្ឋាននគរបាលជាតិ នូវការងារសំខាន់ៗ ដូចជា ការរៀបចំស្នើសុំសមាសភាពគណៈអភិបាល សមាសភាពមន្រ្តីរាជការតាមរចនាសម្ព័ន្ធរដ្ឋបាលក្រុង កងកម្លាំងទាំងបី រៀបចំប្លង់គោលសម្រាប់អាគាររដ្ឋបាលក្រុង និងកិច្ចការសំខាន់ៗមួយចំនួនទៀត ដែលត្រូវត្រៀមសម្រាប់ពិធីប្រកាសដាក់ឲ្យដំណើរការរដ្ឋបាលក្រុងបូកគោ និងការចូលបំពេញការងាររបស់រដ្ឋបាលក្រុង៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ
