បន្ទាយមានជ័យ ៖ ពលរដ្ឋថា សូមមន្ត្រីកុំគាបសង្កត់អោយចូលទៅលក់ដូរក្នុងផ្សារអូរជ្រៅថ្មី នៅពេលរដ្ឋបាលឃុំកូបស្នើរអាជីវករឈប់លក់ដូរលើផ្លូវ ។
ពលរដ្ឋនិយាយដូច្នេះកាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ ខណ:ពេលដែលអាជ្ញាធរឃុំកូបស្នើអោយបងប្អូនអាជីវករឈប់លក់ដូរជាទម្លាប់នៅមុខផ្ទះរបស់ពួកគេ ដែលអាជ្ញាធរថាស្ថិតលើចំណីផ្លូវសាធារណៈនោះ។
ពលរដ្ឋជាអាជីវករលក់ដូរនៅមុខផ្ទះនិងលើចិញ្ចើមផ្លូវនៅភូមិយាងថ្មី ឃុំកូប ស្រុកអូរជ្រៅ អោយអ្នកសារព័ត៌មានដឹងថា ៖ ពួកខ្លួនលក់ដូរនៅទីនោះជាទម្លាប់និងជាប្រចាំរាប់ឆ្នាំមកហើយៗក៏បានចូលរួមសម្រួលរក្សាសណ្ដាប់ធ្នាប់ អនាម័យនិងបរិស្ថានដែរ ព្រោះបើមិនធ្វើ ក៏វាប៉ះពាល់ខ្លួនឯងដែរ។
ប៉ុន្តែបញ្ហានេះ ចេះតែរកាំរកូស ម្តងរឿងនេះ ម្តងរឿងនោះនៅពេលមន្ត្រីធំរបស់លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងអាជីវករដែលស្និតនឹងពួកគាត់បានបង្កើតផ្សារអូរជ្រៅថ្មីនៅវាលស្រែក្នុងឃុំនេះ។ ហេតុនេះ ពលរដ្ឋ អាជីវករ សូមមន្ត្រីដោះស្រាយបញ្ហានេះតាមគោលការណ៍សម្របសម្រួល ចៀសជាងគាបសង្កត់និងគម្រាមកំហែងពលរដ្ឋ។
សូមបញ្ជាក់ថាកាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ ២០១៨ លោក សៅ បន សមាជិកក្រុមប្រឹក្សាឃុំ ,លោក ម៉ាក សុខឿន ជំទប់ទី១ នគរបាលរដ្ឋបាលប៉ុស្ដិ៍ឃុំកូប និងមេភូមិព្រមទាំងក្រុមការងារបានចុះណែនាំ និងរៀបចំសណ្ដាប់ធ្នាប់ករណីពលរដ្ឋលក់ដូរតាមដងផ្លូវចូលភូមិយាងថ្មីនិងទីប្រជុំជនឃុំនេះ។
ពួកគរនិយាយថា ផ្លូវចូលភូមិយាងថ្មី និងផ្លូវចូលទៅកាន់ភូមិគុត្តសត បានកកស្ទះពិបាកធ្វើដំណើរចេញចូលដោយសារបងប្អូនអាជីវករមានផ្ទះតៀមនៅសងខាងផ្លូវនោះ បានដាក់តាំងលក់ទំនិញនៅមុខផ្ទះ តាមចីញ្ចើមផ្លូវបង្កខូចខាតសណ្ដាប់ធ្នាប់ ប៉ះពាល់ផ្លូវសាធារណៈ និងអនាម័យបរិស្ថាន។
ក្នុងនោះមកពីម្ចាស់ដីគឺលោក កង បុល ដែលបានជួលដីអោយបងប្អូនអាជីវករតាំងលក់ទំនិញបង្កភាពរញ៉េរញ៉ៃ អនាធិបតេយ្យ អត់សណ្តាប់ធ្នាប់។
លោក ម៉ាក សុខឿន ជំទប់ទី១ឃុំកូប បានបង្ហាញជំហរលំអៀងទៅខាងអ្នកវិនិយោគផ្សារធំថ្មី ឬផ្សារអូរជ្រៅថ្មី ដោយនិយាយថា ៖ ស្រុកអូរជ្រៅទើបមានផ្សារអូជ្រៅថ្មី ដែល មានរចនាសម្ព័ន្ធត្រឹមត្រូវ មានតួផ្សារធំ ប្រក់ដំបូល ចែកជាប្លុកតូបស្តង់យ៉ាងរៀបរយ មានផ្លូវបេតុង ភ្ជាប់បណ្ដាញទឹកភ្លើង និងទីធ្លាធំទូលាយដែលអាចអោយបងប្អូនអាជីវករចូលទៅលក់ដូរបាន។ ចឹងទេ បងប្អូនអាជីវករគួរជ្រើសយកទីតាំងផ្សាអូរជ្រៅថ្មីនេះ៕ ដោយ ៖ បន្ទាយ