Friday, May 27, 2022

មង្គលការ​មួយ​ធ្វើ​នៅ​កោះ​ពេជ្រ យក​ស៊ីក្លូ​មក​ហែរ​ជំ​នួន​

​ភ្នំពេញ ​៖ នេះ​ជា​លើក​ទី​១ ដែល​មង្គលការ​មួយ​ធ្វើ​នៅ​កោះ​ពេជ្រ យក​ស៊ីក្លូ​មក​ហែរ​ជំ​នួន​ចំនួន​ជាង​១០០​គូ ដែល​មាន​កូនកំលោះ​និង​កូនក្រមុំ ឈ្មោះ Thea Sochet & sister Thear Ly បាន​ប្រារព្ធ​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០១៨​នេះ​។​

​ការ​ដែល​យក​ស៊ីក្លូ​មក​ហែរ​ជំ​នួន បាន​ធ្វើឲ្យ​មជ្ឈដ្ឋាន​ជាច្រើន បាន​សាទរ​និង​បញ្ចេញ​នូវ​ភាព​ភ្ញាក់ផ្អើល ព្រមទាំង​គួរឲ្យ​កោតសរសើរ​យ៉ាងខ្លាំង ។ ក្នុង​បណ្តាញ​សង្គម​ហ្វេ​សប៊ុក​ដែល​មានឈ្មោះ Pha Socheat បាន​បង្ហោះ​រូបភាព ក៏ដូចជា​វីដេអូ ដែល​បង្ហាញ​ពី​មង្គលការ​មួយ ដែល​យក​ស៊ីក្លូ​មក​ហែរ​ជំ​នួន ជំនួស​ដោយ​ការដើរ​ថ្មើរជើង ដោយ​បាន​រៀបចំ​ឡើង​នៅ​កោះ​ពេជ្រ​។ Pha Socheat បាន​សរសេរ​លើ​ផេ​ក​របស់​ខ្លួន​ថា ៖ “​មង្គលការ​ទី​១ នៅក្នុង​ប្រទេស កម្ពុជា ដែល​បាន​យក​ស៊ីក្លូ​មក​ហែរ​ជំ​នួន គឺ​យើង​ជួយ​ថែទាំ​ស៊ីក្លូ​ខ្មែរ នឹង​ជួយ​ដល់​អុំ​អុំ​ដែល​មាន​មុខរបរ​រត់​ស៊ីក្លូ ។

​Congratulations to my brother Thea Sochet & sister Thear Ly ។ សូម​ជូនព​របង​បង​ទាំង​ពីរ​ឲ្យមាន​សុភមង្គល នឹង រកស៊ី​ជោគជ័យ​គ្រប់​ទាំងអស់​។ ចំណងដៃ​របស់​ប្អូន​សម្រាប់​មង្គលកា​របង គឺ​ស៊ីក្លូ​ចំនួន​១១០​គូ​នេះ​”​។​

​សូមបញ្ជាក់​ថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ប្រកាស​បង្កើត​សមាគម​មូលនិធិ​ត្រីចក្រយាន ឬ​ស៊ីក្លូ ដែល​មាន​អត្ថប្រយោជន៍ នឹង​ផ្ដល់​ជូន​សមាជិក​សកម្ម ឬ អ្នកធាក់ស៊ីក្លូ​ផ្ទាល់​តែម្ដង នៅ​ព្រឹក​ថ្ងៃ​សៅរ៍​ទី​១៣ ខែ​មករា ឆ្នាំ​២០១៨ ក្នុង​ពិធី​ជួប​សំណេះសំណាល ព្រមទាំង​ពិសារ​អាហារ​ជាមួយ​បងប្អូន​អ្នកធាក់ស៊ីក្លូ​ក្នុង​រាជធានី​ភ្នំពេញ​ចំនួន ៣០៨​នាក់ ដែល​ធ្វើឡើង​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​។ សម្តេច​តេជោ បញ្ជាក់ថា យើង​ដឹង​ហើយ​ថា ស៊ីក្លូ គឺជា​អត្តសញ្ញាណ​មួយ​របស់​ជាតិ​យើង​ដែរ ដែល​យើង​ត្រូវ​នាំគ្នា​ថែរក្សា​កុំឲ្យ​បាត់បង់​។ សម្តេច​តេជោ នាយករដ្ឋមន្ត្រី បាន​ប្រកាស​បើក​ជា​ផ្លូវការ​នូវ “​សមាគម​មូលនិធិ​ត្រីចក្រយាន (​មូលនិធិ​ស៊ីក្លូ​)​។ មូលនិធិ​នេះ គឺ​ចាប់ផ្តើម​ពី​ថវិកា​សប្បុរស ៥០០ លាន​រៀល ដែល​បាន​ទទួល​ពី​សប្បុរសជន​នានា និង​ពាណិជ្ជករ​នៅក្នុង​ប្រទេស​។ បងប្អូន​អ្នកធាក់ស៊ីក្លូ គឺ​អាច​ដាក់​ពាក្យ​សុំចូល​ជា​សមាជិក​សមា​គ​បាន ដោយ​មិន​តម្រូវឲ្យ​បង់​ប្រាក់​សមា​ជិក​ឡើយ​។

​នេះ​គឺជា​យកចិត្តទុកដាក់​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​ទាំង​ទ្វេ ដើម្បី​ឲ្យ​ជីវិត និង​ជីវភាព​រស់នៅ​របស់​លោក​តា អុំ ពូ និង​បងប្អូន​អ្នកធាក់ស៊ីក្លូ​ទូទាំង​ប្រទេស​កាន់តែ​ប្រសើរ​ឡើង​។ សូម​បងប្អូន​អ្នកធាក់ស៊ីក្លូ គោរព​ច្បាប់​ចរាច​រណ៍ កុំ​ប្រើប្រាស់​គ្រឿង​ស្រវឹង​ដើម្បី​ចៀសវាង​គ្រោះថ្នាក់​ផ្សេងៗ​។ សូម​ក្រុមហ៊ុន​ទេសចរណ៍​ជួយ​ទាក់ទាញ​ទេសចរ​បរទេស​ឲ្យចូល​រួម​ប្រើប្រាស់​ស៊ីក្លូ​។ យើង​ចូលរួម​ជិះ​ស៊ីក្លូ​ដើម្បី​ជួយ​លើកស្ទួយ​ជីវភាព​បងប្អូន​ស៊ីក្លូ​។ ស៊ីក្លូ គឺ​កាត់​បន្ថយ​ការបំពុល​បរិស្ថាន​ក្នុង​ទីក្រុង​៕​ ដោយ​ ៖​ បញ្ញា​ស័ក្តិ​