Sunday, April 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចក្រឡាហោម ស ខេង ៖ សកម្មភាពមួយចំនួន ដែលបានធ្វើឡើង ក្រោមហេតុផល នៃសកម្មភាពការពារបរិស្ថាន ប៉ុន្តែមានចេតនាបង្កបញ្ហាអសន្តិសុខ

spot_img

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ប្រាប់ទៅឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាថា កន្លងមកក៏មានសកម្មភាពមួយចំនួនដែលបានធ្វើឡើងក្រោមហេតុផលនៃសកម្មភាពការពារបរិស្ថាន ប៉ុន្តែមានចេតនាបង្កបញ្ហាអសន្តិសុខ ប៉ះពាល់សណ្ដាប់សាធារណៈ ដែលសកម្មភាពទាំងនោះ អាជ្ញាធរមានសមត្ថកិច្ចត្រូវតែមានវិធានការសមស្របទៅតាមច្បាប់។

ការបញ្ជាក់របស់សម្តេចក្រឡាហោម ស ខេង បានធ្វើឡើងបន្ទាប់ពីឯកអគ្គរដ្ឋទូតអាមេរិកបង្ហាញនូវកង្វល់អំពីការកាត់ទោសដាក់ពន្ធនាគារ នូវសកម្មជនបរិស្ថានមួយចំនួន និងអំពាវនាវឱ្យមានការដោះលែងសកម្មជនបរិស្ថាន។
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឲ្យលោក Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាចូលជួបពិភាក្សាការងារកាលពីរសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ នៅទីស្ដីការក្រសួងមហាផ្ទៃ។

លោកឧត្តមសេនីយ៍ឯក ផាត សុផានិត អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា “សម្តេចក្រឡាហោម ស ខេង ក៏បានសម្គាល់ និងបានសង្កត់ធ្ងន់ថា កន្លងមកក៏មានសកម្មភាពមួយចំនួនដែលបានធ្វើឡើងនៅក្រោមហេតុផលនៃសកម្មភាពការពារបរិស្ថាននេះ ប៉ុន្តែក្នុងចេតនាដែលបង្កឲ្យមាននូវអសន្តិសុខក៏ដូចជាប៉ះពាល់ទៅដល់សណ្តាប់ធ្នាប់សាធារណៈ។ សកម្មភាពទាំងអស់ គឺអាជ្ញាធរមានសមត្ថកិច្ចត្រូវតែមានវិធានការសមស្របតាមច្បាប់”។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានបន្តថា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក បានកត់សំគាល់ និងវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់អនុរដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិកមកកាន់កម្ពុជាកាលពីពេលថ្មីៗនេះ។ ក្នុងនោះដែរ សម្ដេចក្រឡាហោមបានមានប្រសាសន៍ថា តាមរយៈទស្សនកិច្ចនេះដ៏មានសារៈសំខាន់នេះ នឹងបន្តពង្រឹងពង្រីកនូវកិច្ចសហប្រតិបត្តិការ និងមិត្តភាពរវាងប្រទេសទាំងពីរកាន់តែខ្លាំងក្លាយថែមទៀត។

សម្ដេចក្រឡាហោម ក៏បានថ្លែងអំណរគុណតាមរយៈឯកអគ្គរដ្ឋទូតជូនចំពោះរដ្ឋាភិបាលអាមេរិកដែលបានផ្ដល់ការគាំទ្រដល់ការងារជួយប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នៅកម្ពុជា។

នៅលើវិស័យអនុវត្តច្បាប់វិញ សម្ដេចក្រឡាហោម ស ខេង និងឯកអគ្គរដ្ឋទូតអាមេរិក សុទ្ធតែបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការល្អលើការងារប្រយុទ្ធប្រឆាំងបទល្មើស ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ជាពិសេសកិច្ចគាំពារកុមារ និងការអនុវត្តតាមសេចក្ដីសម្រេចចិត្តរបស់អង្គការសហប្រជាជាតិ។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានបន្តថា ចំពោះការអនុវត្តតាមសេចក្ដីសម្រេចចិត្តរបស់អង្គការសហប្រជាជាតិនេះ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា ប្រទេសកម្ពុជាតែងតែអនុវត្តយ៉ាងខ្ជាប់ខ្ជួបនូវកាតព្វកិច្ចជាអន្តរជាតិរបស់ខ្លួនក្នុងការអនុវត្តនូវសេចក្ដីសម្រេចចិត្តរបស់អង្គការសហប្រជាតិទៅលើកិច្ចការនានា ជាពិសេសពាក់ព័ន្ធនឹងក្រុមប្រឹក្សាសន្តិសុខ។

ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការលើការងារពាក់ព័ន្ធវិស័យបរិស្ថាន ឯកអគ្គរដ្ឋទូតអាមេរិក បានជម្រាបជូនសម្ដេចក្រឡាហោម ស ខេង ថា បច្ចុប្បន្ននេះ មានគម្រោងមួយចំនួនពាក់ព័ន្ធនឹងការងារបរិស្ថានកំពុងដំណើរការនៅកម្ពុជាក្រោមការជួយគាំទ្ររបស់សហរដ្ឋអាមេរិក ហើយលោកចង់ឃើញវឌ្ឍនភាពបន្តរីកចំរើនលើការងារទាំងនោះពាក់ព័ន្ធនឹងវិស័យបរិស្ថាននេះ។
សម្ដេចក្រឡាហោមបានមានប្រសាសន៍ថា ក្រៅពីការងារពង្រឹងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ ភាគីទាំងពីរក៏អាចកំណត់នូវវិស័យផ្សេងៗទៀត សម្រាប់ពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នា ហើយនៅក្នុងវិស័យបរិស្ថាននេះ សម្ដេចបានមានប្រសាសន៍ថារាជរដ្ឋាភិបាលកម្ពុជាតែងតែគិតគូ និងផ្ដោតការយកចិត្តទុកដាក់ខ្ពស់ក្នុងការថ្លឹងថ្លែងអំពីការអភិវឌ្ឍ និងផលប៉ះពាល់ទៅលើបញ្ហាបរិស្ថាន។

សម្ដេចក្រឡាហោមក៏បានមានប្រសាសន៍ថា សម្ដេចផ្ទាល់តែងតែផ្ដល់ការលើកទឹកចិត្តដល់អាជ្ញាធរពាក់ព័ន្ធ ជាពិសេសអាជ្ញាធរនៅមូលដ្ឋានឱ្យបន្តកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូជាមួយភាគីពាក់ព័ន្ធដើម្បីដោះស្រាយបញ្ហាប្រឈមនានា និងរួមគ្នាបំរើផលប្រយោជន៍រួម។

សម្ដេចក្រឡាហោមបានបន្ថែមថា រាជរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋានតែងតែចាត់ទុកអ្នកធ្វើការងារផ្នែកបរិស្ថានជាដៃគូ និងតែងតែលើកទឹកចិត្តអ្នកធ្វើការងារពាក់ព័ន្ធនឹងបញ្ហានេះ ចាត់ទុកគ្នាជាដៃគូទៅវិញទៅមក ដើម្បីដោះស្រាយបញ្ហារួមជាមួយគ្នា៕ រក្សាសិទ្ធិដោយៈ ចេស្តារ

spot_img
×