នារីម្នាក់បានចែករំលែកបទពិសោធន៍របស់នាង នៅលើអុិនធើណេត ដើម្បីបង្ហាញពីភាពស្អាតស្អំរបស់ខ្លួន បន្ទាប់ពីសណ្ឋាគារលំដាប់ផ្កាយ ៥ មួយនៅក្នុងទីក្រុងបាងកក បានចោទប្រកាន់ថា នាងបានលួចខ្នើយចំនួន៤ ។

តាមរយៈគណនីហ្វេសប៊ុករបស់ខ្លួនឈ្មោះ “Momo Pnomuty” នាងបានបញ្ជាក់ឲ្យដឹងថា សណ្ឋាគារបានជូនដំណឹងដល់នាងថា ខ្នើយ ៤ បានបាត់ បន្ទាប់ពីនាងស្នាក់នៅក្នុងបន្ទប់សណ្ឋាគារ។ ឆ្លើយតបចំពោះការចោទប្រកាន់នេះ នាងបានទទូចថា នាងមិនដែលយកខ្នើយពីសណ្ឋាគារនោះមកធ្វើស្អីទេ ហើយក៏មានភស្ដុតាងបញ្ជាក់ពីការពិតផងដែរ។
នារីខាងលើ បានប្រាប់ថា នាងបានមកស្នាក់នៅសណ្ឋាគារលំដាប់ផ្កាយ ៥ មួយកន្លែង នៅក្នុងទីក្រុងបាងកក។ នាងក៏បានបញ្ចាក់ឲ្យដឹងថា ពេលចូលសណ្ឋាគារ អ្វីដែលនាងចូលចិត្តធ្វើ គឺការថតរូប។ នាងក៏បានស្នើសុំខ្នើយបន្ថែម មុនពេលចូលគេង។ ទម្លាប់នេះ គឺនាងតែងតែធ្វើដូចទៅនឹងសណ្ឋាគារប្រណីតៗដទៃទៀតផងដែរ។ ប៉ុន្តែ នាងពិតជាមានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលចាកចេញពីសណ្ឋាគារ ក៏ស្រាប់តែត្រូវបានគេហៅសួរនាំ អំពីការបាត់ខ្នើយបែបនេះ។ នៅពេលនោះ នាងក៏បានប្រាប់ទៅកាន់បុគ្គលិកសណ្ឋាគារថា នាងពុំបានយកខ្នើយមកតាមជាមួយនោះទេ។

នាង Momo ក៏បានប្រាប់ប៉ូលីសថា នាងបានចំណាយពេលជាងសប្តាហ៍ នៅក្នុង Hua Hin។ ហើយនៅពេលនាងវិលត្រឡប់ទៅផ្ទះវិញ ក៏មានសេចក្តីជូនដំណឹងមួយបញ្ជាក់ថា នាងបានលួចខ្នើយចំនួន ៩ ពីសណ្ឋាគារ។ ប៉ុន្តែ សណ្ឋាគារបន្ទាប់មក ក៏បានកែតម្រូវសេចក្តីថ្លែងការណ៍របស់ពួកគេ ដោយបញ្ជាក់ថា មានតែខ្នើយចំនួន ៤ ប៉ុណ្ណោះ ដែលបានបាត់។
នាងក៏បានបង្ហាញវ៉ាលីតែមួយគាត់ដែលត្រូវបានប្រើនៅពេលចូលសណ្ឋាគារ និងបានបញ្ជាក់ថា វ៉ាលីនោះតូចណាស់ ហេតុនេះវាមិនអាចញាត់ខ្នើយចំនួន ៤ ចូលទៅក្នុងនោះបានឡើយ។ នាងក៏មានកាមេរ៉ាសុវត្ថិភាព ពីពេលដែលនាងចាកចេញពីសណ្ឋាគារ ជាមួយវ៉ាលីតែមួយនោះនៅពេលដែលនាងបានមកដល់សណ្ឋាគារ។

ការប្រជុំមួយត្រូវបានធ្វើឡើង ដើម្បីបង្ហាញភស្តុតាងនៅឯស្ថានីយ៍ប៉ូលីស ហើយនាង Momo ក៏បានបង្ហាញភស្តុតាងជាច្រើនតាមរយៈវីដេអូ និងរូបភាពជាច្រើនទៀត ដែលនាងបានថត ពោលគឺតាំងពីពេលនាងមកដល់សណ្ឋាគារ។ ក្នុងអំឡុងពេលនៃការស៊ើបអង្កេត Momo បានរង់ចាំជាងមួយម៉ោងសម្រាប់វីដេអូសុវត្ថិភាពពីសណ្ឋាគារ។ បន្ទាប់ពីការរង់ចាំ ខាងសណ្ឋាគារបានត្រឡប់មកវិញ បែរជាបាននិយាយទាំងហួសចិត្តថា កាមេរ៉ារបស់ពួកគេមិនដំណើរការ។ នៅចុងបញ្ចប់ សណ្ឋាគារក៏បានដករបាយការណ៍ពីប៉ូលីសវិញ ដោយនិយាយថា សណ្ឋាគារបានផ្លាស់ប្តូរគំនិតរបស់ពួកគេ ហើយមិនចង់ធ្វើការចោទប្រកាន់ណាមួយនោះឡើយ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង












