Thursday, January 1, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នេះហើយទឹកចិត្តឪពុក ! ខំដើរសំលៀងកាំបិតមិនហ៊ានទិញអីហូបទេ សន្សំលុយទិញ iPhone ឲ្យកូនប្រើនឹងគេ ប៉ះចំម្ចាស់ហាងចិត្តបុណ្យក៏បាន…

ភ្នំពេញ ៖​ បើទោះជារូបភាពទាំងនេះបានកើតឡើងកាលពីពេលកន្លងទៅយូរហើយក្តី តែវានៅតែទទួលការចាប់អារម្មណ៍ជាខ្លាំង ពីសំណាក់បងប្អូនអ្នកប្រើប្រាស់បណ្តាញសង្គម ចែករំលែកតៗគ្នាជាថ្មី ដោយបានបង្ហាញពីទឹកចិត្តឪពុកម្នាក់ បើទោះត្រឹមជាអ្នកដើរសំលៀងកាំបិតក៏ពិតមែន ប៉ុន្តែ ទំហំនៃទឹកចិត្តរបស់គាត់គឺធំធេងណាស់ចំពោះកូនៗនៅឯស្រុក ដោយគាត់បានព្យាយាមសន្សំលុយ មិនហ៊ានទិញអីហូបទេ រហូតអាចទិញទូរស័ព្ទបាន១គ្រឿង បន្ទាប់ពីកូនសុំ ព្រោះឃើញមិត្តភក្តិរៀនថ្នាក់ទី១១ដូចគ្នា គេមានទូរស័ព្ទប្រើ ដែលអាចរៀនតាមអនឡាញបានយ៉ាងប្រសើរ។

ជាមួយនឹងទំហំទឹកចិត្តរបស់បុរសជាឪពុករូបនេះផងដែរ ម្ចាស់ហាងទូរស័ព្ទដែលមានគណនីហ្វេសប៊ុកឈ្មោះ «Rynâ JūmTëv Tøch XD» បានបង្ហាញអារម្មណ៍រំភើបជំនួស និងក៏បានភ្ជាប់សារផ្តាំផ្ញើទៅដល់កូនៗទាំងឡាយយ៉ាងដូច្នេះថា៖ «បងប្អូនអើយ គាត់សួរខ្ញុំថា iPhone 6plus ខ្ញុំ លក់ប៉ុន្មាន ហេីយគាត់ថាគាត់មានត្រឹមតែ៤០មុឺនលុយខ្មែរទេ ក្រដាសរាយៗទេ មីពៅលក់ឲ្យពូអត់ ទឹកចិត្តឪពុកខំដេីរសំលៀងកាំបិតតាមផ្ទះគេ សំលៀងមិនបានដេីរសុំគេ ដេីម្បីសន្សំលុយទិញទូរស័ព្ទឲ្យកូន ខ្ញុំថាលុយខ្មែរក៏ខ្ញុំយកដែរពូតែ ខ្ញុំមិនគិតកន្ទុយពីពូទេ ខ្ញុំថែមស៊ីមឲ្យពូមួយទៀត ហេីយឲ្យទឹកក្រូចនិងផ្លែឈេីតិចតួចជូនពូ។

ខ្ញុំសួរគាត់ថាកូនពូរៀនទីប៉ុន្មាន ហេីយគាត់ថាទី១១ ហេីយវាចង់បានទូរស័ព្ទប្រេីនឹងគេ ពូខំសន្សំមួយថ្ងៃ២០០០០៛ ដេីម្បីទិញឲ្យកូន កូនអេីយកូនឃេីញហេីយ សូមមេត្តាយល់ចិត្តឪពុកផង ថាឪពុកខំដេីរសូមគេទម្រាំបានវាលំបាកប៉ុនណា មិនហ៊ានទិញអីហូបខ្លួនឯងទេ ខ្ញុំឃេីញគាត់អង្គុយសំលៀងកាំបិតឲ្យគេហេីយ មេីលមកតែទូរស័ព្ទខ្ញុំរហូត ការពិតចង់បានទូរស័ព្ទឲ្យកូនសោះ ហេីយខ្ញុំក៏សុំទោសដែលលួចថតពូ តែចង់ឲ្យកូនៗទាំងឡាយយល់ចិត្តឪពុកផង»។

ក្រោយពីបានឃើញបែបនេះ ក៏បានធ្វើឲ្យអ្នកប្រើប្រាស់បណ្តាញសង្គមយ៉ាងច្រើន នាំគ្នាកោតសរសើរជាខ្លាំង ចំពោះទឹកចិត្តឪពុកម្នាក់នេះ។ ក្នុងនោះផងដែរ គេក៏បានឃើញអ្នកដែលធ្លាប់ជាក្មេងព្រាត់ប្រាស់ឪពុកម្តាយ ឬ កំព្រាគ្មានឪពុកហៅនឹងគេ បានបង្ហាញអារម្មណ៍ពិតមួយនេះយ៉ាងក្តុកក្តួលថា៖ «ហេតុអ្វីបានជាប៉ាខ្ញុំមិនអុីចឹង ទៅមានប្រពន្ធមួយទៀតចោលម៉ាក់ និងខ្ញុំ តាំងពីខ្ញុំកើតបាន១០ខែ, ខ្ញុំក៏ធ្លាប់ជួបបែបនេះដែរ ប៉ាខ្ញុំធ្វើការសំណង់ សន្សំលុយទិញទូរស័ព្ទឲ្យខ្ញុំ ពេលឃើញរូបភាពនេះហើយ ក៏នឹកដល់ប៉ាមុនគេ គឺទឹកភ្នែកស្រក់ព្រោះរំភើបចំពោះទឹកចិត្តប៉ាដែលស្រឡាញ់កូន, ហេតុអីប៉ាខ្ញុំមិនដូចប៉ាគេ? មិនមែនខ្ញុំចង់ឲ្យប៉ាខ្ញុំគាត់ធ្វើដូចគេទាំងអស់ទេ សុំត្រឹមតែគាត់ផ្ដល់ភាពកក់ក្ដៅឲ្យតែប៉ុណ្ណឹងទេ វាគ្រប់គ្រាន់ហើយ ហេតុអី?»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×