ភ្នំពេញ ៖ កាលពីពេលថ្មីៗនេះ មហាជននៅក្នុងបណ្តាញសង្គម ពិតជាមានការភ្ញាក់ផ្អើល និងក៏សម្តែងក្តីអាណិតផងដែរ ក្រោយពីបានឃើញតារាចម្រៀងលោក យឿន ពិសី នៅសុខៗ ស្រាប់តែចេញវីដេអូទម្លាយចេញពាក្យក្នុងចិត្តទាំងទឹកភ្នែក ដោយតូចចិត្តខ្លួនឯងជាខ្លាំងថា មាននាមជាម្ចាស់ពាន Cambodia’s Got Talent រដូវកាលទី១ មែនពិត ប៉ុន្តែ គ្មានតម្លៃអ្វីសោះឡើយ ព្រោះថារយៈពេល ៦ ឆ្នាំ មកនេះ គឺរូបគេគ្មានការងារធ្វើ សូម្បីឡើងឆាកមួយដងក៏អត់ដែរ។

ក្នុងនោះ អតីតម្ចាស់ពានរូបនេះ បានរៀបរាប់ទាំងទឹកភ្នែកថា៖ «ប្រសិនបើពេលវេលាបកក្រោយវិញ ខ្ញុំសុំមិនជាប់ល្អជាង ជាប់ធ្វើអី ១ឆ្នាំអត់បានមួយឆាក ឲ្យខ្ញុំរំពឹងអី រស់នៅអី ខ្ញុំឆ្ងល់និ! ខ្ញុំដឹងថា ខ្ញុំពិការ ខ្ញុំដឹងថា គ្រប់កម្មវិធីទាំងអស់ មិនសូវចង់បានទេ ខ្ញុំចាប់តាំងពីប្រឡូកក្នុងវិស័យសិល្បៈនេះ ខ្ញុំមិនដែលកំណត់ខ្លួនឯង ខ្ញុំត្រូវទទួលតម្លៃខ្លួនរាប់រយ រាប់ពាន់ដុល្លារទេ… ខ្ញុំទ្រាំរយៈពេលប៉ុន្មានឆ្នាំ តាំងពីឆ្នាំ២០១៥ រហូតដល់ឆ្នាំ២០២១ ខ្ញុំទ្រាំមែនទែន ខ្ញុំដេកឱបតែពាន មានឈ្មោះតែជាម្ចាស់ពានទេ តែគ្មានតម្លៃអ្វីទេ…. ហេតុអ្វីមានភាពអយុត្តិធម៌សម្រាប់ខ្ញុំម្ល៉េះ គ្រប់តារាទាំងអស់គេបានឡើង គេបានរកលុយរហូត បើទោះជាកូវីដក៏ដោយ ក៏មាន Event ចុះចំឈ្មោះគេបានឡើងរហូត។ ខ្ញុំមិនច្រណែនគេទេ ព្រោះខ្ញុំដឹងថាគេល្អជាងខ្ញុំ អស្ចារ្យជាងខ្ញុំ…. ចុះមិនបកស្រាយពីដំបូងទៅ ថាជាប់ជាម្ចាស់ពាន អត់មានការងារធ្វើ ខ្ញុំធ្វើចិត្តបានបាត់ហើយ»។
តែទោះយ៉ាងណា ក្រោយរឿងនេះបានផ្ទុះឡើង ហេតុនេះ ដើម្បីស្រាយចម្ងល់ និងក៏ដូចឆ្លើយតបទៅកាន់មនុស្សមួយចំនួនដែលថា ក្រុមហ៊ុនអាក្រក់អុីចេះមួយអុីចេះពីរ នៅព្រឹកមិញនេះ លោក មាស រិទ្ធី បានធ្វើការពន្យល់យ៉ាងក្បោះក្បាយឲ្យដឹងថា តាមពិតទៅ ក្រុមហ៊ុនមិនមែនបោះបង់បេក្ខជនជ័យលាភីណាម្នាក់នោះទេ ប៉ុន្តែ ការហៅតារាណាម្នាក់ឡើងឆាក គឺតម្រូវទៅតាមម្ចាស់ Sponsor កុម្ម៉ង់ប៉ុណ្ណោះ (គេត្រូវការតារារូបណា គឺត្រូវតែតម្រូវឲ្យតារារូបនោះ) ពោលគឺមិនមែនក្រុមហ៊ុនជាអ្នកជ្រើសរើសយកនោះទេ។

ដោយឡែក ទាក់ទងនឹងសំណួរថា ហេតុអ្វីមិនប្រគល់លុយពានរង្វាន់ចំនួន ១០០ លានរៀល ទៅឲ្យ យឿន ពិសី ផ្តាច់ លោក មាស រិទ្ធី ក៏បានបញ្ជាក់ត្រង់ចំណុចមួយនេះឲ្យដឹងផងដែរថា ចំពោះលុយ១០០លានរៀលនេះ គឺក្រុមហ៊ុនរក្សាទុកទៅតាមសំណូមពររបស់ប្អូនប្រុស យឿន ពិសី ប៉ុណ្ណោះ ព្រោះរូបគេជាជនពិការ ហើយណាមួយផ្ទះនៅកំពង់ចាម ពិបាកក្នុងការរក្សាទុក ហេតុនេះ ក្រុមហ៊ុនក៏បានសម្រេចបើកឲ្យរូបគេ១ខែ ១២៥ ដុល្លារ (១ឆ្នាំបើកម្តង)។
ជាក់ស្តែង ថ្មីៗនេះ ប្អូនប្រុស យឿន ពិសី បានមកបើកចំនួន ៣ ពាន់ដុល្លារ បន្ថែមទៀត ដើម្បីយកលុយទៅដោះស្រាយជីវភាព ខណៈប្រពន្ធជិតគ្រប់ខែឆ្លងទន្លេ។ ក្នុងចំនួន ១០០ លានរៀល ពេលនេះ គឺនៅសល់តែ ៣ ពាន់ដុល្លារទៀតប៉ុណ្ណោះ គឺអស់ហើយ។ លោក មាស រិទ្ធី ក៏បានបញ្ជាក់ឲ្យដឹងបន្ថែមថា ក្នុងចំណោមលុយ ១០០ លានរៀល របស់ យឿន ពិសី គឺនៅសល់តែ ៣ ពាន់ដុល្លារ ទៀតប៉ុណ្ណោះ គឺអស់ហើយៗ រូបគេអាចមកបើកផ្តាច់ពេលណាទៀតក៏បានដែរ។
ទន្ទឹមនោះ យឿន ពិសី ក៏បានធ្វើការសុំទោសដល់អគ្គនាយកក្រុមហ៊ុន ហង្ស មាស ផងដែរ ដែលបានចេញវីដេអូ ដោយប្រើពាក្យសំដីដ៏មិនគួរគប្បីនេះឡើង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង







