ភ្នំពេញ ៖ បើយោងតាមដីកាសម្រេចរបស់ សាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១នេះ តុលាការបានសម្រេចលើកលែងការចោទប្រកាន់ទៅលើ កញ្ញា មាន ពេជ្ររីតា ហៅយូប៊ី ពិធីការិនីទូរទស្សន៍ MY TV និងជាអតីតបវរកញ្ញា Miss Grand Cambodia ដែលប្តឹងដោយ ឧកញ៉ា ហេង សៀ។ នេះ

ការលើកលែងការចោទប្រកាន់នេះ ធ្វើឡើងនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ ដោយក្នុងនោះ តុលាការបានសម្រេចដូចតទៅ៖
១) លើកលែងការចោទប្រកាន់លើឈ្មោះ មាន ពេជ្ររីតា ហៅ យូប៊ី អាយុ២០ឆ្នាំ សញ្ជាតិខ្មែរ ដែលមានអត្តសញ្ញាណដូចខាងលើពីបទ «លួចមានស្ថានភាពទម្ងន់ទោសដោយសារប្រព្រឹត្តអំពើហិង្សា» ប្រព្រឹត្តនៅចំណុចផ្លូវ១៣៨ កែងផ្លូវ២៥៩ ស្ថិតនៅក្រុម២៨ ភូមិ១០ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ជាបទល្មើសព្រហ្មទណ្ឌ និងផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៣៥៣ និងមាត្រា ៣៥៧ នៃក្រមព្រហ្មទណ្ឌ។
២) សម្រេចលើវត្ថុចាប់យកដូចខាងក្រោម៖
២.១) ប្រគល់នូវទូរស័ព្ទ១គ្រឿង ម៉ាក iPhone 12 pro Max ពណ៌ទឹកមាស បែកអេក្រង់ (មិនប្រក្រតី) ឱ្យទៅម្ចាស់ដើមវិញឈ្មោះ ហេង សៀ ដូចមានក្នុងកំណត់ហេតុទទួលវត្ថុចាប់យកលេខ៩០០រវត ចុះថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ របស់សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
២.២) ប្រគល់នូវទូរស័ព្ទ១គ្រឿងម៉ាក iPhone Pro Max ពណ៌ខ្មៅ បែកអេក្រង់ ឱ្យទៅម្ចាស់ដើមវិញឈ្មោះ មាន ពេជ្ររីតា ។
២.៣) រឹបអូសនូវកូនកាំបិតចុងស្រួច ដងខ្មៅ ចំនួន១ដើម ដូចមានក្នុងកំណត់ហេតុ ចុះថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ របស់សាលាដំបូងរាជធានីភ្នំពេញ និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

លោក កួយ សៅ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញនិងជាចៅក្រមស៊ើបសួរ បានចេញសេចក្តីសន្និដ្ឋានថា តាមសំអាងហេតុដែលបានបញ្ជាក់ខាងលើនេះ អង្គហេតុដែលបានចោទប្រកាន់ថា ជនត្រូវចោទបានយកកូនកាំបិតចាក់ ទៅលើជនរងគ្រោះ យកទូរស័ព្ទនោះ មិនមែនជាអង្គហេតុនៃអំពើលួច មានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា នោះឡើយ។ ផ្ទុយទៅវិញ អង្គហេតុនៃការចោទប្រកាន់ ដែលជនត្រូវចោទបានយកកូនកាំបិតចេញពីក្នុងកាបូប មកគ្រវាសចុះ គ្រវាសឡើង ឬ ចាក់ទៅលើជនរងគ្រោះ គឺជាអង្គហេតុ នៃអំពើទប់ទល់ និងការការពារខ្លួន ឬ រំដោះខ្លួន ក្នុងសភាពចាំបាច់ និងមានតុល្យភាព ដើម្បីប្រឆាំងទៅនឹងអំពើឈ្លានពានមួយ ដែលមិនត្រឹមត្រូវ ហើយអង្គហេតុនៃអំពើយកទូរស័ព្ទរបស់ជនរងគ្រោះ រត់ចេញពីក្នុងរថយន្ត ដោយជនត្រូវចោទ គឺគ្រាន់តែជាការភាន់ច្រឡំ ដោយគិតថាជាទូរស័ព្ទរបស់ខ្លួន ដែលជ្រុះធ្លាក់ ។ ដូច្នេះ អំពើប្រព្រឹត្តរបស់ជនត្រូវចោទនេះ គឺស្ថិតនៅក្នុងសភាពការពារស្របច្បាប់ ហើយជនត្រូវចោទក៏មិនត្រូវបានឱ្យទទួលខុសត្រូវ ព្រហ្មទណ្ឌនោះឡើយ ស្របតាមបញ្ញត្តិមាត្រា ៣៣ នៃក្រមព្រហ្មទណ្ឌ។ ដូចនេះ ចៅក្រមស៊ើបសួរបានរកឃើញ និងកំណត់ បានថា អង្គហេតុនៃការចោទប្រកាន់នេះ ពុំមានភស្តុតាងដាក់បន្ទុកគ្រប់គ្រាន់លើជនត្រូវចោទ ពីបទ លួច មានស្ពានទម្ងន់ទោស ដោយសារការប្រព្រឹត្តអំពើហិង្សា ប្រព្រឹត្តនៅចំណុចផ្លូវ ១៣៨ កែងផ្លូវ ២៥៩ ស្ថិតនៅក្រុម២៨ ភូមិ១០ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ជាបទល្មើសព្រហ្មទណ្ឌ និងផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៣៥៣ និងមាត្រា៣៥៧ នៃក្រម ព្រហ្មទណ្ឌនោះឡើយ ហើយដែលត្រូវសម្រេចលើកលែងចោទប្រកាន់លើជនត្រូវចោទ ស្របតាមបញ្ញត្តិមាត្រា ២៤៧ថ្មី នៃច្បាប់ ស្តីពីវិសោធនកម្មមាត្រា២៤៧ មាត្រា ៣៦៨ មាត្រា៣៧២ និងមាត្រា ៣៨២នៃក្រមនីតិវិធីព្រហ្មទណ្ឌដូចមានក្នុងសេចក្តីសម្រេច។

កញ្ញា មាន ពេជ្ររីតា ត្រូវបានតុលាការចោទប្រកាន់ពីបទ លួចមានស្ថានភាពទម្ងន់ទោស បន្ទាប់ពីមានការដាក់ពាក្យបណ្តឹងដោយ លោកឧកញ៉ា ហេង សៀ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១។ ជាមួយនឹង ការចោទប្រកាន់នេះ នាពេលកន្លងទៅ តុលាការបានសម្រេចឃុំខ្លួននាងជាបណ្តោះអាសន្ន ប៉ុន្តែដោយមានការចូលខ្លួនការពារក្តី និងដាក់ពាក្យស្នើរបស់ ក្រុមមេធាវីស្ម័គចិត្តសម្តេចតេជោ ដឹកនាំដោយ លោក គី តិច កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ តុលាការបានសម្រេចដោះលែង កញ្ញា មាន ពេជ្ររីតា ឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ន ដោយភ្ជាប់ជាមួយនឹងលក្ខខណ្ឌមួយចំនួន។

ការសម្រេចលើកលែងការចោទប្រកាន់លើ កញ្ញា មាន ពេជ្ររីតា នាពេលនេះជាការផ្តល់ភាពយុត្តិធម៌ចំពោះរូបនាង ក្រោមការស្រាវជ្រាវរបស់តុលាការ ជាពិសេសចៅក្រមស៊ើបសួរ។ ការផ្តល់យុត្តិធម៌ដល់ កញ្ញា មាន ពេជ្ររីតា ក៏បានធ្វើឱ្យមហាជន និងអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនបញ្ចប់ទស្សនៈអវិជ្ជមាន ចំពោះប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ដោយកន្លងទៅមានការរិះគន់ថា តុលាការមានស្តង់ដារកាត់ក្តីពីរខុសគ្នា ឬធ្វើការចចារគ្នាបញ្ចប់ស្ងាត់ៗ ជាថ្នូរនឹងប្រាក់ ជាដើម។
យុត្តិធម៌ចំពោះកញ្ញា មាន ពេជ្ររីតា នាពេលនេះក៏ទទួលបាន ដោយសារតែការអន្តរាគមន៍ចូលការពាររបស់ក្រុមមេធាវីស្ម័គចិត្តរបស់សម្តេចតេជោសែន ជាពិសេសគឺការចង់ដឹង ចង់ស្វែងរកការពិត និងចង់ឲ្យជនរងគ្រោះ បានទទួលយុត្តិធម៌ពិតប្រាកដ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ទើបសម្តេចបានចាត់តាំងក្រុមមេធាវីរបស់សម្តេចចូលការពារនិងស្រាវជ្រាវ រហូតស្វែងរកការពិត ឃើញនៅពេលនេះ។

ការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ លើកលែងការចោទប្រកាន់លើកញ្ញា មាន ពេជ្ររីតា ក៏ជាការបញ្ជាក់យ៉ាងច្បាស់ថា ការយកកាំបិតចាក់ទៅលើ ឧកញ៉ា ហេង សៀ នៅថ្ងៃកើតហេតុក្នុងរថយន្ត មិនមែនដើម្បីប្លន់យកទូរស័ព្ទដៃ ឬដើម្បីដណ្តើមយករូបភាពអាសអាភាសក្នុងទូរស័ព្ទនោះទេ ប៉ុន្តែវាជាការប្រើសិទ្ធិការពារខ្លួន នៅពេលដែលលោកហេង សៀ បានបំពានផ្លូវភេទ ប៉ុនប៉ងរំលោភ ទៅលើរូបនាង ហើយការការពារខ្លួនពីការរំលោភបំពានដោយកំរោលខុសច្បាប់នេះ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ



