ភ្នំពេញ ៖ សមត្ថកិច្ចខេត្តកំពតបានធ្វើការបដិសេធច្រានចោល ចំពោះការផ្សព្វផ្សាយរបស់បណ្តាញសារព័ត៌មានមួយចំនួនដែលថា មន្ត្រីសុខាភិបាលខេត្តកំពតបាន យកសាកសពដែល ស្លាប់ដោយសារជំងឺកូវីដ១៩ យកទៅប្លុង ចោលនៅភ្នំប្រាសាទ ស្រុកកំពង់ត្រាច គឺជាការមិនពិត និង ធ្វើឲ្យមានការយល់ច្រឡំ។

ទាក់ទងករណីនេះ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពតបានមានប្រសាសន៍ប្រាប់ CEN នៅល្ងាចថ្ងៃទី៨ ខែមិថុនានេះថា “អ្នកជំងឺនេះ គាត់ស្លាប់នៅស្រុកកំពង់ត្រាច ហើយនៅខេត្តកំពតគឺជាករណី ទី១ ដែលមានអ្នកជំងឺ ស្លាប់ដោយសារជំងឺកូវីដនេះ អីចឹងនៅស្រុកគឺយើង បានរៀបចំឈាបនដ្ឋានសម្រាប់បូជាសពអ្នក ដែលស្លាប់ដោយសារកូវីដនេះ អត់ទាន់រួចរាល់ទេ ចឹងសពដែលស្លាប់ដោយសារជំងឺកូវីដនេះ គឺយើងត្រូវ ដឹកយកមកបូជានៅកន្លែងទីវាលដែលឆ្ងាយពីផ្ទះប្រជាពលរដ្ឋ។ ហើយយើងមិនអាច ដឹកសពនឹងចល័តពីស្រុកកំពង់ត្រាចមកបូជានៅស្រុកផ្សេងទៀតបាននោះទេ”។
លោកស្នងការនគរបាលខេត្តកំពតបានអះអាងថា “សពនេះគឺ យកមករៀបចំបូជាភ្លាមៗ អត់មានទុកចោលទេ។ ហើយសារ ព័ត៌មានដែលបានផ្សាយនេះ គឺបំពុលសភាពការណ៍ គ្មានវិជ្ជាជីវៈជាអ្នកសារព័ត៌មានទេ”។
ចំណែកលោក ញា ប៊ុនថន ប្រធានមន្ទីរសុខាភិបាលខេត្តកំពត មិនអាចសុំការបំភ្លឺលើករណីនេះបានទេ ដោយទូរស័ព្ទចូលជាច្រើនលើកមិនមានអ្នកទទួល។

រីឯលោកជាវ តាយ អភិបាលខេត្តកំពត ក៏មិនអាចសុំ ការអត្ថាធិប្បាយបានដែរ ដោយទូរស័ព្ទចូលជាច្រើនលើកមិនមានអ្នកទទួល។
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលបានបញ្ជាក់ថា ក្រុមគ្រូពេទ្យបានដឹកយកទៅដេីម្បីចាត់ចែងដុតតាមនិតិវិធី ដោយមិនមែនយកទៅទុកចោលឡេីយ។ សូមអាជ្ញាធរមានសមត្ថកិច្ចជួយចាត់ការជនដែលផ្សាយព័ត៌មានមិនពិតនេះ និងផ្តន្ទាទោសតាមផ្លូវច្បាប់ផង៕ រក្សាសិទ្ធិដោយៈ ចេស្តារ





