ភ្នំពេញ ÷ បុរសម្នាក់បានបើករថយន្តក្រឡុកសុីម៉ងត៍មួយគ្រឿង ទាំងបំពានស្តុបបានជ្រុលចង្កូតទៅបុកម៉ូតូ កំពុងឆ្លងផ្លូវរួចកិនជាប់ក្រោមរថយន្ត សំណាងល្អមនុស្សលោតចេញរួច រងការខូចខាតតែម៉ូតូ។ ចំណែកតៃកុងរថយន្តនៅកន្លែងកើតហេតុ រង់ចាំដោះស្រាយជាមួយជនរងគ្រោះ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២០ និង ២០ នាទីយប់ថ្ងៃទី ៨ ខែមិថុនាឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវភ្នំពេញហាណូយកែងផ្លូវម៉ុងឬទ្ធី ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុននៅមុនពេលកើតហេតុគេបានឃើញម៉ូតូម៉ាកUNDOមួយគ្រឿងពណ៌ក្រហមពាក់ផ្លាកលេខ ភ្នំពេញ1-GV 4272 ជិះឌុបគ្នាដោយបុរស២នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវភ្នំពេញហាណូយ ក្នុងទិសដៅពីត្បូងមកជើងជិះឆ្លងស្តុបខៀវ ខណៈមកដល់ចំណុចកើតហេតុស្តុប ២៤ម៉ោង ស្រាប់តែគេឃើញមានរថយន្តក្រឡុងសុីម៉ងត៍មួយគ្រឿងទៀត ក្បាលពណ៌សពាក់ផ្លាកលេខ ភ្នំពេញ5A-2804 បើកបរដោយបុរសម្នាក់ធ្វើដំណើរ តាមបណ្ដោយផ្លូវភ្នំពេញហាណូយ ក្នុងទិសដៅពីជើងមកត្បូង បញ្រ្ចាសគ្នា ខណៈមកដល់ចំណុចកើតហេតុ បម្រុងនឹងបត់ឆ្វេងទាំងបំពានភ្លើងស្តុប ស្រាប់តែជ្រុលចង្កូតទៅបុកម៉ូតូចំពីមុខ ពេញទំហឹងរួចកិនពីលើ បណ្ដាលឲ្យម៉ូតូជាប់ក្រោមរថយន្ត។ សំណាងល្អក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ មិនបង្កឱ្យមាននរណាម្នាក់ រងរបស់នោះទេ រងការខូចខាតតែម៉ូតូទាំងស្រុង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់រួចឲ្យភាគីទាំងពីរ សម្របសម្រួលគ្នា ដោយភាគីខាងរថយន្តបង្ក មិនចង់វែងឆ្ងាយ ក៏ព្រមសងជាសំណង ក្នុងការជួសជុលម៉ូតូបញ្ចប់រឿង នៅកន្លែងកើតហេតុតែម្ដងទៅ៕រក្សាសិទ្ធិដោយ៖ សា មេត


