ភ្នំពេញ ៖ លោក លិ សុខា ចៅក្រមជំនុំជម្រះ និងលោក សេង ហៀង ជាតំណាងអយ្យការ នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ បានសម្រេចប្រកាសសាលក្រម បដិសេធមិនអនុញ្ញាតឲ្យ លោក រ៉ុង ឈុន និង កញ្ញា ស កណិការ នៅក្រៅឃុំទេ ដោយសម្រេចបន្តការឃុំខ្លួននៅដដែល។

ការប្រកាសច្រានចោលការសុំនៅក្រៅឃុំ របស់ជនជាប់ចោទទាំងពីរ បានធ្វើឡើងបន្ទាប់ពីតុលាការ បានបើសវនាការកំបាំងមុខជនជាប់ចោទ តែធ្វើឡើងចំពោះមេធាវីការពារសិទ្ធិរបស់ជាប់ចោទ ហើយសវនាការ បានធ្វើឡើងនៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១នេះ។
ជនជាប់ចោទលោក រ៉ុង ឈុន អាយុ៥១ឆ្នាំ អតីតប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ និង ស កណិការ ភេទស្រី អាយុ៣៨ឆ្នាំ ត្រូវបានតុលាការចោទប្រកាន់ពីបទ ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម ដែលប្រព្រឹត្តកាលពីថ្ងៃ២០ , ២២ និង៣០ ខែមិថុនា ឆ្នាំ២០២០ ពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជា.វៀតណាម។

តាមមាត្រា៤៩៥.បទ ញុះញ៉ង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ ឬប្រព្រឹត្តអំពើ បង្កឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ពី៦ខែដល់២ឆ្នាំ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។
តាមលោក សេង ហៀង ព្រះរាជអាជ្ញាររង អមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ក្នុងដីកាកោះមេធាវី ចូលក្នុងដំណើរការសវនាការនេះ ជនជាប់ចោទមានមេធាវីការពារសិទ្ធិលោក ឡោ ជុនឌី និងលោក សំ សុគង់៕រក្សាសិទ្ធិដោយ៖CEN

