ខេត្តកំពង់ឆ្នាំង ៖ មហាជនភាគច្រើនបានសម្ដែងការអាណិតទៅលើ អតីតមន្ត្រីយោធាវ័យចំណាស់ពីរនាក់ប្ដីប្រពន្ធ ដែលខំរំកិលខ្លួនទៅប្រកបរបរដាំដំណាំនៅក្បែរជើងភ្នំដាច់ស្រយាល ក្នុងខេត្តកំពង់ឆ្នាំង ហើយមានគំនិតច្នៃប្រឌិត ជាវារីអគ្គិសនីខ្នាតតូចសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ដោយទាញទឹកធ្លាក់ពីលើភ្នំនោះ ប៉ុន្តែកាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ បើតាមប្រភពព័ត៌មានថា ត្រូវបានអាជ្ញាធរខេត្តកំពង់ឆ្នាំង ជូនដំណឹងឲ្យរុះរើទៅកន្លែងផ្សេង ដោយអះអាងថា ពួកគាត់រស់នៅលើដីគម្របព្រៃឈើដោយខុសច្បាប់។

អតីតមន្ត្រីយោធារូបនេះមានឈ្មោះ លោក ភោគ ហៀង អាយុ៦៣ឆ្នាំ រួមជាមួយប្រពន្ធរបស់គាត់វ័យស្របាលៗគ្នា រស់នៅធ្វើចំការត្រង់ចំណុចចង្កេះភ្នំរលៀបគុយ ស្ថិតក្នុងភូមិរលាបគុយ ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ឆ្ងាយពីអ្នកភូមិប្រមាណជាង១០គីឡូម៉ែត្រ។
វារីអគ្គិសនីដែលគាត់ទាញប្រើប្រាស់មាន ប្រើឆ្នាំងដាំបាយអគ្គិសនី ឆ្នាំងដាំទឹកក្តៅ កង្ហារ ទូទឹកកកចំនួន២ កុំព្យូទ័រ និងទូរទស្សន៍ មិងប្រើប្រាស់ការងារផ្សារដែកបានទៀតផង, ហើយនៅជុំវិញផ្ទះ មានភោគផលដំណាំផ្សេងៗ, ពេលនេះអ្វីដែលស្រណោះស្ដាយនោះ គឺអាជ្ញាធរតម្រូវឲ្យគាត់រុះរើចាកចេញ៕ រក្សាសិទ្ធិដោយ៖ ពិសិដ្ឋ CEN











