ភ្នំពេញ ៖ នេះជារឿងរ៉ាវមួយដែលឃើញហើយ ពិតជាគួរឲ្យហួសចិត្តខ្លាំងណាស់ នៅពេលដែលបានដឹងថា បុរសម្នាក់ព្រោះតែស្រីស្នេហ៍ បានធ្វើឲ្យភ្លេចអស់នូវទំនួលខុសត្រូវជាប្តី ភ្លេចអស់ហើយនូវពាក្យថាគុណធម៌ជាឪពុក ដោយហ៊ានលើកដៃវាយមកលើប្រពន្ធ និងកូនស្រី ដើម្បីការពារស្រីរបស់ខ្លួន។

ហេតុការណ៍ដ៏មិននឹកស្មានដល់នេះផងដែរ បានបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោងប្រមាណជាង ៩ យប់ ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ៥០២ សង្កាត់ផ្សាដើមថ្កូវ ខណ្ឌចំការមន។
បើតាមកូនស្រី បានប្រាប់ឲ្យដឹងថា នាងនិងប្អូនស្រីជីដូនមួយម្នាក់ បានជិះម៉ូតូតាមរកឪពុក ហើយក៏បានប្រទះឃើញកំពុងនៅជាមួយស្រី នៅពេលនោះ ក៏បានផ្ទុះសម្តីដាក់គ្នាខ្លាំងៗ រហូតស្រីស្នេហ៍នោះ និងបងស្រីរបស់ខ្លួនម្នាក់ទៀត ព្រួតគ្នាស្ទុះមកវាយមកលើរូបនាងយ៉ាងសាហាវ។ ប៉ុន្តែ អ្វីដែលនាងឈឺចាប់ខ្លាំងបំផុតនោះ គឺនៅខណៈពេលនាងកំពុងប្រតាយប្រតប់គ្នាជាមួយស្រីនោះ ស្រាប់តែឪពុកចូលមកជួយស្រីរបស់ខ្លួន ហើយថែមទាំងវាយមករូបនាងជាកូនស្រីបង្កើត ដោយគ្មានក្តីអាសូរសោះឡើយ។

នាងក៏បានបញ្ជាក់ឲ្យដឹងថា ឪពុករបស់នាងបានសុំចូលផ្ទះ ត្រូវរ៉ូវគ្នាម្តាយរបស់នាងវិញ ប៉ុន្តែ ទីបំផុត នាងថា ស៊ីបាយបោកឆ្នាំង មិនចោលគំនិត បែរជាមកសម្ងំនៅជាមួយស្រីបែបនេះ តើគួរឲ្យនាង និងម្តាយរបស់នាងឈឺចាប់ដែរឬទេ? ដែលមានឪពុកបង្កើតបែបនេះ!! ។
តែទោះយ៉ាងណា ក្រោយហេតុការណ៍នេះបានផ្ទុះឡើងកក្រើកផ្អើលពេញដងផ្លូវ សមត្ថកិច្ចក៏បាននាំទាំងបុរសជាឪពុក ស្រ្តីជាប្រពន្ធ និងកូនស្រី ទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដើមថ្កូវ ខណ្ឌចម្ការមន ដើម្បីធ្វើការសួរនាំបន្ថែម និងក៏ដូចជាដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕ រក្សាសិទ្ធិដោយ៖ លឹម ហុង






