ស្ទឹងត្រែង ៖ ត្រាក់ទ័រភ្ជួរដីរាប់សិបគ្រឿង នៅក្នុងស្រុកថាឡាបរិវ៉ាត់ និងស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ធ្វើសកម្មភាពភ្ជួរដីពុំមានប្លង់ ចុះបញ្ជីដោយមន្ត្រីជំនាញត្រឹមត្រូវ សមត្ថកិច្ចពាក់ព័ន្ធ មិនមានការចុះបង្ក្រាបឡើយ។

ដើមឡើយព្រៃឈើនៅក្នុងស្រុកទាំងពីរខាងលើនេះ បានក្លាយទៅជាវាលរហោឋាន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ដីព្រៃបានក្លាយជាព្រៃវាលព្រៃរបោះដី គ្មានប្លង់ចុះបញ្ជីដោយមន្ត្រីសុរិយោដី។ ដីមួយចំនួនបានក្លាយទៅជាកម្មសិទ្ធិ របស់អ្នកមានលុយមានអំណាច នៅក្នុងខេត្ត។ ភាពអានាធិបតេយ្យនេះ ធ្វើឲ្យរដ្ឋបាត់បង់ប្រាក់ចំណូល មិនតិចទេក្នុងមួយឆ្នាំៗ។
ជាក់ស្ដែងនៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ មានត្រាក់ទ័រកំពុងភ្ជួរដីត្រង់ចំណុច អូរពោនភូមិសាស្រ្ត ឃុំថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់ និងឃុំកោះស្នែង ស្រុកបុរីអូរស្វាយសែនជ័យ។

តៃកុងត្រាក់ទ័រកំពុងបញ្ជាម៉ាស៊ីន ភ្ជួរដីព្រៃនៅចំណុចអូរពោន ឃុំកោះស្នែង ស្រុកបុរីអូរស្វាយសែនជ័យ បានប្រាប់ឲ្យដឹងថា ខ្លួនគ្រាន់តែជាអ្នកបញ្ជាម៉ាស៊ីនត្រាក់ទ័រ ក្នុងមួយម៉ោងស៊ីឈ្នួលថ្លៃ១ ម៉ឺនរៀលប៉ុណ្ណោះ។ ម្ចាស់ត្រាក់ទ័រ ទទួលធ្វើដីព្រៃឲ្យគេ ក្នុងមួយម៉ោង១២ម៉ឺនរៀល។
អ្នកស៊ីឈ្នួលភ្ជួរដីឲ្យគេបានបន្ថែមទៀតថា រឿងរត់ការទៅសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ មានអ្នកចាត់ចែងផ្សេង។
លោក ធឹង ម៉េង ប្រធានរៀបចំដែនដីនគររូបនីយកម្ម និងសំណង់សូរិយោដី ស្រុកបុរីអូរស្វាយសែនជ័យ បានបញ្ជាក់ថា ដីនៅចំណុចអូរពោន ពុំទាន់មានចុះបញ្ជី មានប្លង់ត្រឹមត្រូវ នៅឡើយទេ។

លោកលី មីនា អភិបាលស្រុកបុរីអូរស្វាយសែនជ័យ បានប្រាប់ផងដែរថា ត្រាក់ទ័រដែលទៅភ្ជួរដីពាក់ព័ន្ធ នឹងដីព្រៃឈើគ្មានប្លង់ គឺជាអំពើខុសច្បាប់។ លោកនឹងឲ្យមន្ត្រីជំនាញបរិស្ថាន ចុះស៊ើបអង្កេតករណីមានត្រាក់ទ័រ ភ្ជួរដីព្រៃនៅចំណុចពោនខាងលើនេះ។
លោកអភិបាលស្រុក បានបន្ថែមទៀតថា រហូតមកទល់នឹងពេលនេះ អ្នកមានត្រាក់ទ័រ មិនបានសុំការអនុញ្ញាត ដើម្បីសម្អាតដីកម្មសិទ្ធិរបស់ខ្លួន ឬដីពាក់ព័ន្ធណាមួយ នៅត្រើយខាងលិចទន្លេមេគង្គ ក្នុងស្រុករបស់លោកនៅឡើយ។
លោកអភិបាលស្រុកបុរីអូរស្វាយសែនជ័យ បាននិយាយទៀតថា យោងតាមច្បាប់អ្នកមានត្រាក់ទ័រ ជាកម្មសិទ្ធិ ឬជួល មុននឹងភ្ជួរដី នៅចំណុចណាមួយ ត្រូវតែសុំការអនុញ្ញាត ពីថ្នាក់ស្រុកជាមុនសិន ដើម្បីឲ្យមន្ត្រីជំនាញ ចុះវាយតម្លៃរួចអនុញ្ញាត៕ រក្សាសិទ្ធិដោយ៖សំណាង


