ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១នេះ បានសម្រេចលុបចោល នូវការបោះឆ្នោតសាកល្បង ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ដែលគ្រោងធ្វើឡើង នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ខាងមុខនេះ បន្ទាប់ពីមានការស្នើពីសម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
បើតាមលោកនុត សុខុម អនុប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានសម្រេចត្រូវបានលើកចោល ការអនុវត្តការបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២១ ដែលគ្រោងនឹងអនុវត្តនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ នៅក្នុងឃុំ សង្កាត់គោលដៅចំនួន២៥ នៃរាជធានី ខេត្តទាំងអស់ទូទាំងប្រទេស។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា «ខ្ញុំចេញបញ្ជាឱ្យអាជ្ញាធររាជធានី-ខេត្ត ត្រូវលុបចោលការប្រមូលពលរដ្ឋទៅរៀនការបោះឆ្នោតសាកល្បង ព្រោះពេលនេះ គឺជាពេលប្រមូលកម្លាំងទាំងអស់ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩»។
សម្ដេចតេជោ ហ៊ុន សែន បានជម្រាបជូនឯកឧត្តមប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថា ផ្អែកលើស្ថានភាពជាក់ស្តែងនៃការរីករាលដាលនៃជម្ងឺកូវីដ-១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលសុំឯកឧត្តមប្រធានលុបចោលការបោះឆ្នោតសាកល្បង នៃការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលគ្រោងនឹងរៀបចំធ្វើនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ ខាងមុខនេះ៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

