ភ្នំពេញ ៖ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ជម្រាបជូនទៅអភិបាលរាជធានី ខេត្ត នៅថ្ងៃទី៩ មិថុនា នេះថា ថ្ងៃនេះសម្តេចទើប តែទទួលព័ត៌មានថា នៅថ្ងៃទី២០ ខែមិថុនា ខាងមុខនេះ នឹងមានការបោះឆ្នោតសាកល្បងនៃការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់ ដែលរៀបចំឡើង ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ ដោយសម្តេចបានបញ្ជាក់ថា សម្តេចពុំបានដឹងនៅហេតុការណ៍នេះទេ ដែលសម្តេចទើបនឹង តែព័ត៌មានអំពីខេត្តសៀមរាប អំពីតម្រូវ ការនៃការហ្វឹកហ្វឺនប្រជាជន សម្រាប់ការបោះឆ្នោតសាកល្បង នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់សម្រាប់ឆ្នាំ២០២១។
ដោយយោងទៅលើសកម្មភាពការជាក់ ស្តែងនៅកម្ពុជាជំងឺកូវីដកំពុងតែវ៉ៃលុក ហើយក្នុងមួយថ្ងៃៗប្រជាជនឆ្លងរាប់រយនាក់ និងមានមនុស្សស្លាប់ជារៀងរាល់ថ្ងៃ។ ដូច្នេះ គ្មានការចាំបាច់ណាដើម្បីនឹងធ្វើ ការបោះឆ្នោតសាកល្បងនោះទេ។ ព្រោះពេលវេលានេះ ត្រូវផ្តល់អាទិភាពនិងប្រមូលគ្រប់កម្លាំងទាំងអស់ដើម្បីប្រយុទ្ធប្រឆាំងជាមួយនឹងកូវីដ១៩ វាមិនមែនជាពេលវេលាដើម្បី ប្រមូលប្រជាជនមកធ្វើការរៀនសូត្រ ហើយធ្វើការបោះឆ្នោតសាកល្បងនោះឡើយ។ ពេលវេលានេះសូម្បីគណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោតក៏ត្រូវចូលរួមដើម្បីប្រយុទ្ធប្រឆាំងជាមួយកូវីដ១៩។ ការប្រមូលប្រជាជនណាមួយមកជួបជុំដើម្បីហ្វឹកហាត់សម្រាប់ការបោះឆ្នោតសកល្បង គឺគ្មានការចាំបាច់នោះទេ។
សម្តេចនាយករដ្ឋមន្ត្រីបានមានប្រសាសន៍បញ្ជាក់ថា ក្នុងនាមរាជរដ្ឋាភិបាលកំពុងធ្វើលិខិតទៅគណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោតដើម្បីសុំឲ្យលុបចោលការបោះឆ្នោតសាកល្បងដើម្បីជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ ខាងមុខនេះ។ ប៉ុន្តែ ដើម្បីជៀសវាងនៅកិច្ចការបន្ទាន់ដែលនៅដ្ងៃស្អែក នេះ(១០ មិថុនា) គឺមានការហ្វឹកហាត់ សូមតែនៅខេត្តសៀមរាប ស្រុកពីរដែលមានការឆ្លងរីករាលដាល ក៏ត្រូវប្រមូល ប្រជាជនរាបរយនាក់ដើម្បីទៅធ្វើការសាកល្បងរៀនសូត្រក្នុង ការបោះឆ្នោត ក្នុងពេលវេលាដែលយើងកំពុងប្រឈមជាមួយនឹង ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ព្រមទាំងការបង្កបង្កើនផលរបស់ ប្រជាជនផង។ ដូច្នេះសូមចេញបទបញ្ជាជូនទៅអភិបាលរាជធានី ខេត្ត ទាំងអស់សូមកុំ ប្រមូលប្រជាជនមកធ្វើការបណ្តុះបណ្តាលរៀនសូត្រ សម្រាប់ធ្វើការបោះឆ្នោតសាកល្បងនេះ ចាប់ពីពេលទទួលបទបញ្ជានេះតទៅ។ ព្រោះនៅថ្ងៃស្អែកនេះ (១០ មិថុនា) មានការហ្វឹកហាត់នៅខេត្តមួយចំនួន ដូច្នេះសម្តេច ត្រូវបង្ខំចិត្តចេញបទបញ្ជានេះ ដើម្បីទប់ ស្កាត់ការប្រមូលប្រជាជនដើម្បីនឹងមកហ្វឹកហាត់ ប្រើប្រាស់ប៊ិចឬរបៀបណាមួយនោះ ក្នុងការបោះឆ្នោតសាកសល្បង ដែលគ្មានការចាំបាច់ទាល់ តែសោះ។ សូមអភ័យទោសចំពោះឯកឧត្តម លោកជំទាវ នៅក្នុងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ្មានជម្រើសណាឲ្យល្អជាងជម្រើសដែលសម្តេច ត្រូវអំពាវនាវចំពោះប្រជាពលរដ្ឋ ដាក់បទបញ្ជាឲ្យអភិបាលរាជធានី ខេត្ត ដើម្បីបញ្ឈប់ ការប្រមូល ប្រជាជនមកធ្វើ ការរៀនសូត្រតាមការចាត់តាំង របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតទាំងថ្នាក់ជាតិ ឬថ្នាក់ខេត្ត ឬថ្នាក់ណាក៏ដោយចុះ។
សូមថ្នាក់ដឹកនាំគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតទទួល យកនៅលិខិតស្នើសុំជាផ្លូវការរបស់រាជរដ្ឋាភិបាល ក្នុងឋានៈជាតំណាង ឲ្យជាតិទាំងមូលក្នុងការគ្រប់គ្រង និងដោះស្រាយការប្រយុទ្ធប្រឆាំង កូវីដ១៩ ក៏ដូចជាកិច្ចការទាក់ទងនិងសកម្មភាពសេដ្ឋកិច្ច សង្គមរបស់ប្រទេសជាតិ។ ហើយលុបចោលនៅការបោះឆ្នោតនៅ ថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០២១ ខាងមុខនេះ តាមសំណូមពរនៃលិខិតផ្លូវការ ក៏ដូចជាសារសម្លេងរបស់សម្តេច។
ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្ត្រីបានណែនាំឲ្យអភិបារាជធានី ខេត្ត ចាត់តាំងអនុវត្តឲ្យបានត្រឹមត្រូវ យើងគោរពទៅ ដល់ឯករាជ្យភាព របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត តែគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតក៏ត្រូវតែយល់កិច្ចការដ៏លំបាករបស់អង្គនីតិប្រតិបត្តិ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ផងដែរ។ ក៏ដូចជាយល់ទៅដល់ការលំបាករបស់ ប្រជាពលរដ្ឋដែលកំពុងតែរងសម្ពាធនៃការវៃលុកនៃកូវីដ១៩ ក៏ដូចជាកំពុងខិតខំស្តារឡើង វិញនៃជីវភាពទាំងសេដ្ឋកិដ្ឋសង្គម។ ហើយសូមបញ្ឈប់ការប្រមូលផ្តុំ ប្រជាជនមកហ្វឹកហាត់ដើម្បីរៀនសូត្រសាកល្បងបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់ដែលគ្រោងនឹងធ្វើនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ ខាងមុខនេះ៕ ដោយៈ ចេស្តារ