ភ្នំពេញ ៖ នេះជារឿងមួយដ៏គួរឲ្យអាសូរខ្លាំងណាស់ ខណៈដែលស្រ្តីម្នាក់ បានសម្រេចចិត្តត្រូវតែចាកចេញពីផ្ទះជួលទាំងយប់ នៅម្តុំសាលាមេត្តេយ្យ ស្ទឹងមានជ័យ ដើម្បីគេចខ្លួនពីប្តីចិត្តកំណាច ប្រើអំពើហិង្សាមកលើរូបនាងឥតល្ហែ ទាំងរូបនាងនៅសរសៃខ្ចី ទើបសម្រាលកូនបានទើបជាង១ខែប៉ុណ្ណោះ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ២៧១ (ចំណុចទល់មុខ ភ្នំពេញស្ពតក្លឹប) ក្នុងសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ។
ស្រ្តីដ៏កម្សត់ខាងលើដែលមានវ័យ ៣០ ឆ្នាំ បានប្រាប់ទៅកាន់អ្នកសារព័ត៌មានថា នាងសម្រាលបានកូនស្រីម្នាក់ ទើបតែមានរយៈពេលជាង១ខែប៉ុណ្ណោះ ប៉ុន្តែ ដោយសារតែពុំអាចនៅស៊ូទ្រាំទៅនឹងការប្រើអំពើហិង្សារបស់ប្តីបាន នាងក៏បានសម្រេចចិត្តចាកចេញពីផ្ទះជួលទាំងយប់ ដើម្បីទៅស្រុកកំណើតម្តាយនៅស្អាងកោះធំ។

នាងក៏បានប្រាប់ឲ្យដឹងផងដែរថា នាងគឺជាប្រពន្ធចុង ដោយពុំបានរៀបការពេញច្បាប់នោះទេ និងបានរួមរស់ជាមួយប្តី ដែលជាអតីតសង្សារកាលពី១០ឆ្នាំមុន បានរយៈពេល ៣ ឆ្នាំ មកហើយ។ ដោយឡែក ចំពោះមូលហេតុដែលនាំឲ្យប្តីតែងតែប្រើអំពើហិង្សារាប់ភ្លេច គឺដោយសារភ្លើងប្រច័ណ្ឌដ៏ជ្រុលហួសចោទថា រូបនាងផិតក្បត់ ទាំងដែលរូបនាងកំពុងមើលកូននៅតែផ្ទះពេញៗមួយថ្ងៃ ហើយសូម្បីតែពុំមានទូរស័ព្ទប្រើផងនោះ ពោលគឺប្តីរូបនេះប្រច័ណ្ឌខ្លាំង សូម្បីតែនាងនិយាយជាមួយអ្នកជិតខាង។

តែទោះយ៉ាងណា ដោយឃើញគួរឲ្យអាសូរ ជាពិសេសអាណិតដល់ក្មេងខ្លាំងពេក សប្បុរសមួយចំនួន ក៏បានជួយឧបត្ថម្ភថវិកា ផ្ញើតាម ABA តាមរយៈបងប្អូនអ្នកសារព័ត៌មាន បានទឹកប្រាក់សរុបចំនួន ២២០ ដុល្លារផងដែរ និងបានប្រគល់ជូនគាត់ភ្លាមៗ ដើម្បីធ្វើដំណើរតាមកង់បីទៅកាន់ស្រុកកំណើតទាំងយប់៕ រក្សាសិទ្ធិដោយ៖ លឹម ហុង














