ភ្នំពេញ ៖ បើទោះជាកំពុងស្ថិតនៅក្នុងបរិបទនៃការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ក៏ដោយ ក៏ការទិញសេវាកម្មធានារ៉ាប់រងនៅទីផ្សារប្រទេសកម្ពុជា បានបង្ហាញពីការកើនឡើងគួរឲ្យកត់សម្គាល់នៅត្រីមាសទី ១ឆ្នាំ ២០២១នេះ ក្នុងនោះ ទីផ្សារធានារ៉ាប់រងទូទៅ និងធានារ៉ាប់រងអាយុជីវិត មានកំណើនខ្ពស់ ខណៈដែលការទិញសេវាកម្មធានារ៉ាប់រងខ្នាតតូចមានការថយចុះ។

សមាគមធានារ៉ាប់រងកម្ពុជា បានបង្ហាញរបាយការណ៍ឲ្យដឹងថា នៅត្រីមាសទី១ ក្នុងឆ្នាំ២០២១នេះ បុព្វលាភរ៉ាប់រងសរុបរបស់ទីផ្សារសម្រេចបានប្រមាណ ៨៥លានដុល្លារអាមេរិក កើនឡើង ១៦,៣% បើប្រៀបធៀបរយៈពេលដូចគ្នានឹងឆ្នាំ២០២០។
កំណើននេះមានការចូលរួម ចំណែកពីការកើនឡើងខ្ពស់ នៃទីផ្សារធានារ៉ាប់រងទូទៅ ដែលមានកំណើនជិត ២០% ទីផ្សារធានារ៉ាប់រងអាយុ ជីវិតមានកំណើន ១៥,៥% និងទីផ្សារធានារ៉ាប់រងខ្នាតតូច មានការថយចុះជិត ២៧%។
ទីផ្សារធានារ៉ាប់រងទូទៅនៅបន្តកើនឡើងខ្ពស់គួរឲ្យកត់សម្គាល់ ដោយបុព្វលាភដុលក្នុងត្រីមាសទី១នេះ សម្រេចបានចំនួនប្រមាណ ៣៩,១លានដុល្លារអាមេរិក កើនឡើងជិត ២០% ធៀបនឹង ៣២,៧លានដុល្លារអាមេរិក ក្នុងត្រីមាសទី១ ឆ្នាំ២០២០។

ទំហំបុព្វលាភដុលរបស់ទីផ្សារធានារ៉ាប់រងអាយុជីវិត ក្នុងរយៈពេល ១ត្រីមាសនៃឆ្នាំ២០២១ សម្រេចបានប្រមាណ ៤៤,៦លានដុល្លារអាមេរិក ធៀបនឹង ៣៨,៦លានដុល្លារអាមេរិក ក្នុងរយៈពេលដូចគ្នា ឆ្នាំ២០២០។
ទីផ្សារធានារ៉ាប់រងខ្នាតតូចត្រូវបានគត់សម្គាល់ឃើញថា មានការប៉ះពាល់ខ្លាំង ដោយវិបត្តិជំងឺកួវីដ-១៩ ធ្វើឲ្យការលក់បណ្ណសន្យារ៉ាប់រងនៅក្នុងត្រីមាសទី១ឆ្នាំ ២០២១ ធ្លាក់ចុះប្រមាណ៣៧% ដែលជាហេតុធ្វើអោយបុព្វលាភធានារ៉ាប់រងសម្រេចបានត្រឹមតែ ១,២ លានដុល្លារអាមេរិក ថយចុះជិត ២៧% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំកន្លងទៅ៕ រក្សាសិទ្ធិដោយ៖CEN
