ភ្នំពេញ ៖ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានលើកឡើងក្នុងជំនួបជាមួយលោកស្រីឯកអគ្គ រដ្ឋទូតហ្វីលីពីនប្រចាំកម្ពុជា អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់នៃជំងឺកូវីដ១៩ និងបានលើកឡើងពីផែនការយុទ្ធសាស្ត្រ ក្នុងការត្រៀមបើកដំណើរការវិស័យទេសចរណ៍ឡើងវិញ បន្ទាប់ពីជំងឺកូវីដ១៩ បានបិទបញ្ចប់។

ឯកឧត្តម រដ្ឋមន្ត្រីទេសចរណ៍កម្ពុជា បានស្នើដល់លោកស្រី Maria Amerita C. Aquino ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំកម្ពុជា ជួយជំរុញភ្ញៀវទេសចរហ្វីលីពីន ឱ្យមកទស្សនាប្រទេសកម្ពុជាបន្ថែមទៀត ក្រោយស្ថានភាពជំងឺកូវីដ១៩ បានធូរស្រាល ខណៈនៅពេលនេះកម្ពុជា កំពុងរៀបចំផែនការទទួលយកភ្ញៀវទេសចរ ដែលបានចាក់វ៉ាក់សាំងហើយ ឫមកពីកន្លែងដែលមានហានិភ័យទាប មកទស្សនា នៅក្នុងកន្លែង ដែលមានសុវត្ថិភាពនៅក្នុង ប្រទេសកម្ពុជា។
ឯកឧត្តម បានបន្ថែមថា បច្ចុប្បន្ននេះ ក្រសួងទេសចរណ៍ កំពុងសិក្សានិងរៀបចំឯកសារទស្សនទាន ស្តីអំពីកញ្ចប់ទេសចរចាក់វ៉ាក់សាំង ក្នុងគោលដៅពិនិត្យលទ្ធភាព សម្រាប់ប្រទេសដែលមានហានិភ័យទាប បានមកទស្សនានៅតំបន់ក្នុងប្រទេសកម្ពុជា ក្នុងតំបន់ដែលមានសុវត្ថិភាព ដោយគោរពតាមវិធានសុវត្ថិភាពរបស់ប្រទេសកម្ពុជា ដោយធ្វើយ៉ាងណាចូលរួមទប់ស្កាត់នូវជំងឺកូវីដ១៩នេះ។ ទាំងនេះ គឺជាផ្នែកមួយនៃការត្រៀមលក្ខណៈ ឈានឆ្ពោះទៅការត្រៀមខ្លួនរបស់កម្ពុជា ទទួលជាម្ចាស់ផ្ទះ ក្នុងការរៀបចំវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២ខាងមុខផងដែរ។

លោកស្រី Maria Amerita C. Aquino បានឯកភាព នឹងជួយជំរុញបន្ថែមឱ្យបានកំណើនទេសចរមកទស្សនាប្រទេសកម្ពុជា ក្រោយស្ថានភាពកូវីដ បានធូរស្រាល ជាមួយនឹងការជំរុញឱ្យមានការចូលរួមបណ្តុះបណ្តាល លើវិស័យទេសចរណ៍ផងដែរ ក្រោយស្ថានភាពការឆ្លងជំងឺកូវីដ១៩ បានធូស្រាល ។
គួរបញ្ជាក់ថា បើតាមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីដើមឆ្នាំ២០២១នេះ កម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន តាមរយៈប្រព័ន្ធ Video conference និងបានសម្រេចនូវវិធានការនិងគោលដៅនានា ដើម្បីបើកនូវទេសចរណ៍ នៅក្នុងតំបន់អាស៊ានឡើងវិញ ដោយផ្តោតលើទេសចរ បានចាក់វ៉ាក់សាំងរួចហើយ និងបាន ដាក់ចេញផែនការមួយចំនួនដើម្បីទប់ស្កាត់នូវជំងឺកូវីដ១៩ ដោយក្នុងនោះមាន ការរៀបចំឱ្យមានផែនការស្តារវិស័យទេសចរណ៍ឡើងវិញ ដោយរៀបចំឱ្យមានជាវិធានសុវត្ថិភាព អនាម័យដែលអនុវត្តន៍នៅក្នុងវិស័យឧស្សាហ៍កម្មទេសចរណ៍អាស៊ានផងដែរ៕ រក្សាសិទ្ធិដោយ៖CEN

