Thursday, July 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកនាំពាក្យរដ្ឋសភា ៖ មានបេក្ខជនចំនួន៥រូបមក យកពាក្យឈរឈ្មោះជាប្រធាន គ.ជ.ប

ភ្នំពេញ ៖ មានបេក្ខជនឈរឈ្មោះជាបេក្ខភាព ប្រធានគណៈកម្មាធិការ ជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)ចំនួន៥រូប ហើយបានមកយកពាក្យ ពីអគ្គលេខាធិការដ្ឋានរដ្ឋសភាដើម្បីយកទៅបំពេញ។ ក្នុងនោះមានបេក្ខជន២រូបបានបំពេញបែបបទរួចរាល់ និងបានយកមកដាក់នៅរដ្ឋសភាវិញ។

អគ្គលេខាធិការនិងជាអ្នកនាំពាក្យរដ្ឋសភាលោកឡេង ប៉េងឡុង បានប្រាប់ CEN នៅព្រឹកថ្ងៃទី១០ ខែមិថុនា នេះថា ការទទួលពាក្យសុំឈរឈ្មោះជាបេក្ខជនប្រធានគ.ជ.ប គឺចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១១ ខែមិថុនា ។ លោកបន្តថា គិតចាប់ពី ថ្ងៃទី៧ ដល់ថ្ងៃទី១០ ខែមិថុនា នេះ គឺមានបេក្ខជនចំនួន៥រូបបានមកយកបែបបទទៅបំពេញដោយក្នុងនោះមានបេក្ខជន ២រូបបានបំពេញបែបបទរួចរាល់ហើយបានយកពាក្យមកដល់នៅអគ្គលេខាធិការដ្ឋានរដ្ឋសភាវិញ។
អ្នកនាំពាក្យរដ្ឋសភាបានបដិសេធមិនអាចបង្ហាញអត្តសញ្ញាណបេក្ខជនឈរឈ្មោះជាប្រធានគ.ជ.ប បានទេ។

លោកឡេង ប៉េងឡុង បានបន្តថា បេក្ខជនដែលដាក់ពាក្យ គឺគ្រប់អាយុ មានសញ្ជាតិខ្មែរ មានសញ្ញាបត្រឧត្តមសិក្សាអត់មាន គ្រួសារជាសាច់ញាតិប្រធានបក្ស អនុប្រធានបក្សនយោបាយ មិនដែលបានប្រព្រឹត្តអំពើឧក្រិដ្ឋ …។ការទទួលពាក្យចាប់ ពីថ្ងៃទី៧ ដល់ថ្ងៃទី១១ ខែមិថុនា ដោយនឹងបញ្ចប់នៅម៉ោង ៥:៣០ល្ងាចថ្ងៃសុក្រ ទី១១ ខែមិថុនាគឺបិទបញ្ចប់នៃការចុះ ឈ្មោះហើយ។បន្ទាប់ពីនេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងធ្វើការជ្រើសរើសបេក្ខជនដោយតម្លាភាពដោយចំហរ។ នៅពេលដែលជ្រើសរើសបានបេក្ខជនហើយគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានិងពិគ្រោះជាមួយគណបក្សដែលស្នើតែងតាំងលោកស៊ិក ប៊ុនហុក ឲ្យធ្វើជាប្រធាន គ.ជ.ប ពីមុនមក។

សូមជម្រាបថា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា កាលពីថ្ងៃទី៤ ខែមិថុនាបានអនុម័តយល់ព្រមលើសំណើលាឈប់ពី តួនាទី និងតំណែងប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតរបស់លោក ស៊ិក ប៊ុនហុក និងបានអនុម័តយល់ព្រម នូវសេចក្តីព្រាងសេចក្តីសម្រេចស្តីពីការកំណត់បែបបទនិងនីតិវិធីនៃការជ្រើសរើសបេក្ខជនប្រធានគ.ជ.ប និងប្រគល់ ភារកិច្ចជូនអគ្គលេខាធិការដ្ឋានរដ្ឋសភា ធ្វើសេចក្តីជូនដំណឹងជ្រើសរើសបេក្ខជនជាប្រធានគ.ជ.ប ជំនួសលោក ស៊ិក ប៊ុនហុក។ ការអនុម័តរបស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានធ្វើឡើងបន្ទាប់ពីលោកលោក ស៊ិក ប៊ុនហុក បានដាក់ពាក្យសុំលាលែងទៅរដ្ឋសភាកាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១៕ រក្សាសិទ្ធិដោយៈ ចេស្តារ

×