នេះជារឿងមួយដ៏ភ្ញាក់ផ្អើល និងក៏សូមចូលរួមត្រេកអរជំនួសផងដែរ ដែលនារីដ៏ស្រស់ស្អាតម្នាក់ ចៃដន្យស្រាប់តែបានធ្វើឲ្យជ្រុះទូរស័ព្ទចូលក្នុងទឹក ខណៈនាងកំពុងដើរលំហែកាយចុចទូរស័ព្ទនៅលើស្ពាន។ ហេតុការណ៍នេះបានកើតឡើង កាលពីយប់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ ស្ថិតក្នុងខេត្ត Samut Prakan ប្រទេសថៃ។

ស្រីស្អាតរូបនោះ បានប្រាប់ឲ្យដឹងថា នាងបានដើរលំហែកាយនៅលើស្ពាន និងបានកំពុងចុចទូរស័ព្ទលេង ដោយផ្អែកជាមួយបង្កាន់ដៃស្ពាន។ ប៉ុន្តែ ខណៈពេលនោះ នាងស្រាប់តែរបូតដៃ ធ្លាក់ចូលក្នុងទឹកតែម្តង។ ក្រោយហេតុការណ៍បានកើតឡើង នាងក៏បានស្វះស្វែងរកជំនួយពីក្រុមសង្គ្រោះ។
បន្ទាប់ទទួលបានដឹងពីប្រជាពលរដ្ឋថា មានករណីនារីម្នាក់ជ្រុះទូរស័ព្ទចូលទឹកបែបនេះ ក្រុមអ្នកមុជទឹកមួយមកពីអង្គភាពខាងរកសាកសពឈ្មោះថា «រួមកតញ្ញូ» បានមកដល់កន្លែងកើតហេតុភ្លាមៗ ហើយពួកគេក៏បានចាប់ផ្តើមចុះស្វែងរកនៅចំណុចទីតាំងដែលនាងបានចង្អុលបង្ហាញ។

ក្រោយមុជស្វែងរកអស់រយៈពេលជាច្រើនម៉ោង នៅទីបំផុត ពួកគេក៏បានរកឃើញទូរស័ព្ទរបស់នាងវិញ។ ហើយនៅពេលនោះផងដែរ ខណៈបានឃើញសញ្ញាលើកបង្ហាញ និងឮថារកឃើញវិញ ស្រីស្អាតខាងលើពិតជារំភើបចិត្តខ្លាំងណាស់ សឹងតែរកពាក្យអ្វីថ្លែងពុំចេញ ព្រោះថាទូរស័ព្ទនោះគឺផ្ទុកឯកសារសំខាន់ៗ រូបថត និងវីដេអូជាច្រើន ដែលនាងបានរក្សាទុកក្នុងនោះ។

នាងពិតជាសម្តែងនូវក្តីត្រេកអរជាពន់ពេក និងក៏សូមថ្លែងអំណរគុណជាអនេក ចំពោះក្រុមមុជទឹកដែលបានខិតខំជួយស្វែងរកទូរស័ព្ទរបស់នាងឃើញវិញ។ ហើយទន្ទឹមនោះផងដែរ ប្រជាពលរដ្ឋនៅទីនោះ ក៏បានសម្តែងការកោតសរសើរជាខ្លាំង ចំពោះទឹកចិត្តរបស់ក្រុមមុជទឹក ដែលបាននាំគ្នាមកជួយរាវរកទូរស័ព្ទ១គ្រឿងនេះទាន់ពេល៕ រក្សាសិទ្ធិដោយ៖ លឹម ហុង
