ភ្នំពេញ ៖ លោក ទែន ឡន ជាជនជាតិខ្មែរដំបូងគេ ដែលត្រូវបានសហព័ន្ធកីឡាបាល់ទះអន្តរជាតិ ( FIVB) ជ្រើសរើសជាអាជ្ញាកណ្តាលបាល់ទះអន្តរជាតិ ក្រោយឆ្លងកាត់ការសិក្សា និងធ្វើតេស្តជាច្រើនលើក ។ នេះបើតាមការបញ្ជាក់របស់លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា។

លោក ទែន ឡន មានឱកាសចេញទៅដឹកនាំការប្រកួតនានា ដែលរៀបចំនៅឆាកអន្តរជាតិ ទាំងកម្រិតអាស៊ាន និងក្នុងទ្វីបអាស៊ី ជាដើម ។
លោក ស សុខា បានថ្លែងថា ក្នុងនាមកូនខ្មែរមួយរូប លោកពិតជាមានមោទនភាពជាខ្លាំង ដែលកូនខ្មែរត្រូវបានសហគមអន្តរជាតិ ទទួលស្គាល់ និងជ្រើសរើសឲ្យក្លាយជាថ្នាក់ដឹកនាំ ឬជាបុគ្គលសំខាន់ក្នុងស្ថាប័ន ឬអង្គភាព ឬព្រឹត្តិការណ៍មួយនៅលើឆាកអន្តរជាតិ ដែលមិនត្រឹមតែផ្តល់តម្លៃដ៏អស្ចារ្យសម្រាប់ខ្លួនឯង និងគ្រួសារនោះទេ គឺបានផ្តល់កិត្តិយស និងកិត្តិស័ព្ទដ៏អស្ចារ្យសម្រាប់ប្រទេសជាតិទាំងមូលទៀងផង ។

លោក ស សុខា បានជូនពរលោក ទែន ឡន ទទួលបានជោគជ័យដ៏ត្រចះត្រចង់ក្នុងតួនាទីភារកិច្ចថ្មីនេះ ក៏ដូចជាតួនាទីភារកិច្ចផ្សេងៗទៀត និងសូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕ ដោយ:ចេស្តារ


